នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានច្រានចោលការអំពាវនាវកាន់តែច្រើនឡើង សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ខណៈលោកអះអាងថា គ្មានការចរចា រហូតទាល់តែចំណាប់ខ្មាំងជាង២៤០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ត្រូវបានដោះលែងត្រឡប់មកវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន NDTV នាថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Netanyahu បានប្រាប់ក្រុមនាវិកនៅឯមូលដ្ឋានទ័ពអាកាស Ramon នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលថា «វានឹងមិនមានបទឈប់បាញ់ដោយគ្មានការវិលត្រឡប់មកវិញរបស់ចំណាប់ខ្មាំងទាំងអស់នោះទេ។ ពាក្យនេះ គួរតែត្រូវបានលុបចេញទាំងស្រុងពីវចនានុក្រម។ យើងបាននិយាយរឿងនេះទៅកាន់មិត្តរបស់យើង និងចំពោះសត្រូវរបស់យើង។ យើងនឹងបន្តការវាយលុក រហូតដល់យើងកម្ចាត់ពួកគេបាន, យើងគ្មានជម្រើសផ្សេងទេ»។

រដ្ឋមន្ត្រីការបរទេសមកពីប្រទេសកាតា, អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួម បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅទីក្រុង Amman ប្រទេសហ្ស៊កដានីកាលពីថ្ងៃសៅរ៍ កន្លងទៅ និងបានជំរុញឱ្យលោក Blinken បញ្ចុះបញ្ចូលឱ្យអ៊ីស្រាអែលយល់ព្រមទទួលយកបទឈប់បាញ់។

ចំណែកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅពេលដែលលោកបានជួបជាមួយ លោក Blinken អំឡុងពេលទស្សនកិច្ចដោយមិនប្រកាសរបស់រដ្ឋមន្ត្រីអាមេរិកទៅកាន់តំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។

យ៉ាងណាម៉ិញ ដំណើរទស្សនកិច្ចរបស់លោក Blinken នៅក្នុងតំបន់ជាលើកទី២ កើតឡើងក្នុងរយៈពេលតិចជាង១ខែ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្ដែបានបដិសេធអំពាវនាវឱ្យមានបទឈប់បាញ់។

ដោយលោក Blinken បាននិយាយថា បទឈប់បាញ់នឹងអនុញ្ញាតឱ្យក្រុមហាម៉ាស ប្រមូលផ្តុំឡើងវិញ ប៉ុន្តែបាននិងកំពុងព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែល ឱ្យយល់ព្រមចំពោះការផ្អាកការប្រយុទ្ធនៅទីតាំងរងគ្រោះ ដើម្បីអនុញ្ញាតឱ្យមានការចែកចាយជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា។

យោងតាមមន្ត្រីសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រជាជនប៉ាឡេស្ទីនជាង ៩,៧៧០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមបច្ចុប្បន្ន ដែលបានចាប់ផ្តើមដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ដោយកាលនោះក្រុមហាម៉ាសបានសម្លាប់មនុស្ស ១,៤០០នាក់ និងចាប់ប្រជាជនអ៉ីស្រាអែល​​​​ជាចំណាប់ខ្មាំងជាង ២៤០នាក់៕

ប្រភព៖ NDTV

Share.