សិល្បៈជាតិ​៖ ថ្វី​ត្បិត​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​ទៅ​រស់​នៅ​សាង​ទ្រនំ​សុភមង្គល​ជាមួយ​ភរិយា​លើ​ទឹកដី​ថ្មី (សហរដ្ឋ​អាមេរិក​) ប៉ុន្តែ​អតីត​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​នៅ​តែ​ឧស្សាហ៍​ចេញ​ចូល​ប្រទេស​កំណើត​ជា​ញឹក​ញាប់​ ដើម្បី​បំពេញ​ការងារ​ក៏​ដូច​ជា​ឡើង​ឆាក​តន្ត្រី​ឱ្យ​បងប្អូន​ដែលគាំទ្រ​សំឡេង​របស់​លោក​បាត់​នឹក​រលឹក។

មែនទែន​ទៅ​ទោះ​ជា​ចេញ​ទៅ​រស់​នៅ​ស្រុក​គេ​ក៏​តារា​រូប​នេះ​មិន​បាន​ចោះ​បង់​ចោល​អាជីព​ចាស់​ ដោយលោក​នៅ​តែ​បន្ត​ច្រៀង ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​បងប្អូន​ខ្មែរ​-អាមេរិក​យ៉ាង​ច្រើន​កុះករ​ខ្លាំង​ផង​ដែរ​។ យ៉ាង​ណា​មិញ​តារា​ចម្រៀង​រូប​សង្ហា​​​សម្ងំ​នៅ​អាមេរិក​មាន​ទាំង​សុភមង្គល​ហើយ​ថែម​ទាំង​កើប​លុយ​ចំណូល​ពី​ការចេញ​ទៅ​ច្រៀង​និង​ប្រគំ​តន្ត្រី​នៅ​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​រស់​នៅ​ទីនោះ​ផង​ដែរ​។

យោង​តាម​ការ​បង្ហោះ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ថ្មីៗ​នេះ​លោក​បាន​សរសេររៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​៖
«​ជួប​គ្នា​​ពេល​ក្រោយ​​អ្នក​ Ohio! ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​នៅ​ Columbus , OH ដែល​បាន​នាំ​គ្នា​មក​គាំទ្រ​ខ្ញុំ​​កាល​ពី​យប់​មិញ​នេះ​! ស្រលាញ់​ខ្លាំង​ណាស់​! ហើយ​ក៏​សូម​អរគុណ​ជា​ពិសេស​ចំពោះ​បង​ ដែន និង​បងស្រី​សម្លាញ់​ ស៊ុន​ សុភីផង​ដែរ​៕» «See you next time Ohio! I want to thank Columbus, OH for coming to support me last night! Much love! Also, big thanks to my brother Dan and lovely sister Sophy Sun🇰🇭💞🙏🏻💞🇰🇭»

គួរ​រំលឹក​ឡើង​វិញ​ថា​​ លោក នៅ​ ស៊ីនឿន​ បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​នឹង​នារី​អនិកជន​អាមេរិក​កាល​ពី​ថ្ងៃ​ទី២២​ ខែធ្នូ​​ ឆ្នាំ២០២១​ ហើយ​ក៏​បាន​ចាក​ចេញ​ពី​​កម្ពុជា​​ទៅ​រស់​នៅសាងទ្រនំ​សុភមង្គល​​ជាមួយ​នឹង​គ្រួសារ​របស់​​ភរិយា​នាសហរដ្ឋអាមេរិក​៕

Share.