ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាថ្ងៃទី១នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបំភ្លឺថា ការប្រឡងនៅឆ្នាំនេះ គ្មានបែកវិញ្ញាសាអ្វីដូចព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយចែករំលែកលើបណ្តាញសង្គមនោះទេ។ ការថ្លែងបកស្រាយនេះធ្វើឡើងក្នុងឱកាសដែលរដ្ឋមន្ត្រីក្រសួងអប់រំ ចូលរួមពិធីបើកហិបវិញ្ញាសាប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។​

រដ្ឋមន្រ្តីក្រសួងអប់រំបើកហិបវិញ្ញាសានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

ការអះអាងរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នេះដោយសារតែដំណើរការប្រព្រឹត្តិទៅនៃដំណើរការរៀបចំនិងការគ្រប់គ្រងវិញ្ញាសាប្រឡងគឺមានភាពតឹងតែង ម៉ត់ចត់ជាទីបំផុត។ ឯកឧត្តមបញ្ជាក់ថា ទាំងការតាក់តែង ការបោះពុម្ភ ការដឹកជញ្ជូន និងការកាន់សោហិបវិញ្ញាសា គឺមានការគ្រប់គ្រងច្បាស់លាស់ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

សម្រាប់ការផ្សព្វផ្សាយចែករំលែកនូវព័ត៌មានក្លែងក្លាយថាមានបែកវិញ្ញាសានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំចាត់ទុក ជាចេតនាបង្កចលាចល លាបពណ៌បន្ទោសបង្អាប់លើក្រសួងអប់រំ ដែលបង្កប់ចេតនានយោបាយនៅពីក្រោយតែប៉ុណ្ណោះ។

ឯកឧត្តមរដ្ឋមន្រ្តីរំលឹកថា កាលពីឆ្នាំដំបូងនៃយុទ្ធនាការរឹតបណ្តឹងការប្រឡងកាលពីឆ្នាំ២០១៤ ក៏មានព័ត៌មានក្លែងក្លាយផ្សព្វផ្សាយថាមានបែកវិញ្ញាសាដូចឆ្នាំនេះដែរ។

សកម្មភាពរឹតបណ្តឹងការប្រឡងតាមវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញនៅព្រឹកនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អំពាវនាវដល់សិស្សានុសិស្សទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ និងកុំឆាប់ជឿលើពាក្យចចាមអារ៉ាមថាបែកធ្លាយវិញ្ញាសា ហើយនាំគ្នាទិញនាំបង់ខាតថវិកាឥតប្រយោជន៍។ ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងរថា វិធានការរឹតបណ្តឹងរបស់ក្រសួងអប់រំគឺមានភាពតឹងតែងណាស់ ដោយត្រួតពិនិត្យឆែកឆេរគត់មុត មិនឱ្យមានការនាំសំដៅវិញ្ញាសាចូលថ្នាក់ប្រឡង មិនអនុញ្ញាតឱ្យប្រើទូរស័ព្ទ ហើយអនុរក្សនិងគ្រូប្រចាំថ្នាក់ក៏មិនអនុញ្ញាតឱ្យប្រើគ្រឿងអេឡិចត្រនិចដែរ។

សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ក្រសួងអប់រំបានចេញសេចក្តីបំភ្លឺដោយបដិសេធចោលនូវព័ត៌មានក្លែងក្លាយដែលចែករំលែកថាមានការបែកវិញ្ញាសាប្រវត្តិវិទ្យា ដែលប៉ះពាល់ស្មារតីសិស្សដែលកំពុងត្រៀមប្រឡង។

សូមបញ្ជាក់ជូនថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបឆ្នាំនេះប្រព្រឹត្តិទៅនៅថ្ងៃទី០៦ និង០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែកថ្ងៃប្រកាសលទ្ធផលគឺនៅថ្ងៃទី២៨ខែឆ្នាំដដែរ នាវេលារសៀលសម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល។ ដោយឡែកតាមបណ្តាខេត្តវិញនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី២៩ វិច្ឆិកាឆ្នាំ២០២៣។

សម្រាប់សម័យប្រឡងបាក់ឌុបថ្ងៃទី០៦ វិច្ឆិកា ២០២៣នេះ មានបេក្ខជនសរុប១៣៧.៤១២នាក់ (ស្រី៧២.២៧៨នាក់)ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្រ្តមានចំនួន៤១.៣៧៩នាក់(ស្រី២៤.៧៨៩នាក់)។ដោយឡែកថ្នាក់វិទ្យាសាស្រ្តសង្គមវិញមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩នាក់)។បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់។

សម្រាប់មណ្ឌលប្រឡងវិញមានសរុប២២៧មណ្ឌល សរុប៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ៧២មណ្ឌល សរុប១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តមានចំនួន១៥៥មណ្ឌល សរុប៣.៨៦១បន្ទប់។

រីឯគណៈមេប្រយោគនិងគណៈកម្មការដែលចូលរួមក្នុងដំណើរការប្រឡងមានសរុប២៩.៥២៥នាក់ ក្នុងនោះមកពីក្រសួងមានចំនួន៤.១២៦នាក់ និងមកពីថ្នាក់រាជធានីខេត្តចំនួន២៥.៣៩៩នាក់៕​

Share.