សិល្បៈជាតិ៖ វីដេអូ​ឃ្លី​ប​ស៊ី​ឆ្កែ​ដែល​ក្រុម​គ្រូ​តឿ​បាន​ផលិតត្រូវបាន​បញ្ជាក់ថា មិនមែនជា​មាតិកា​សម្រាប់​ដាក់ឱ្យ​ទស្សនា​នៅ​កម្ពុជា។ បន្ទាប់ពី​ក្រុម​នេះ ត្រូវ​ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិត្ត​ចិញ្ចឹមនៅកម្ពុជា​ តារា​សម្ដែង​កញ្ញា ម៉ា​រី ថាច់ លោក​ឧកញ៉ា ឌួង ឆាយ និង​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​នាក់ផ្សេង​ទៀត​មានប្រតិកម្ម​យ៉ាង​ចំពោះ​សកម្មភាព​ដែល​មិនអាច​ទទួលយកបាន​នេះ។

ក្រុម​អ្នក​ស្រឡាញ់​សត្វ​ចិត្ត​ចិញ្ចឹម បានលើកឡើង​ពី​ការមិនគាំទ្រ​ចំពោះ​ករណី​មួយ​នេះ​ថា ពួកគេ​មិន​គាំទ្រ​ជាដាច់ខាត​នូវ​ការផលិត​វី​ឌី​អូ​បែបនេះ ព្រោះ​ជាការ​បង្ហាញ​ពី​ភាព​អសីលធម៌​សង្គម និង​ទទូច​សូម​បញ្ឈប់​សកម្មភាព​ទាំងនោះជាបន្ទាន់។

បន្តម​កទៀត តារា​សម្ដែង​កញ្ញា ម៉ា​រី ថាច់ ក៏បាន​បង្ហាញ​ពី​ការគាំទ្រ និង​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​វីដេអូ​ក្រុម​គ្រូ​តឿ​ដែរ​ថា បេះដូង​របស់​កញ្ញា​ស្ទើរតែ​ខ្ទេចខ្ទាំ​អស់​ទៅហើយ នៅពេល​ឃើញ​សកម្មភាព​អស់ទាំងនោះកើយឡើង។ ហើយ​ក្នុងនាម​ជា​អ្នក​សង្គ្រោះ​សត្វ​មួយរូប​ដែរ កញ្ញា​បានដាក់​ជា​សំណួរនៅលើ​បណ្ដាញ​សង្គម​ថា តើ​ប្រទេស​កម្ពុជា​ពេលណា​ទើប​មានច្បាប់​ការពារ​សត្វ​ចិញ្ចឹម? ដោយ​កញ្ញា​អំពាវនាវ​ឱ្យ​អ្នកលេង​បណ្ដាញ​សង្គម​ទាំងអស់​នាំគ្នា​ជួយ Report ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​ក្រុម​គ្រូ​តឿ​ចោល ដើម្បី​បិទ​មិន​ឱ្យមាន​សកម្មភាព​បន្ត​ទៅមុខទៀត។

សម្រាប់​លោក​ឧកញ៉ា ឌួង ឆាយ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​នាពេលថ្មីៗនេះ ដើម្បី​បង្ហាញ​ពី​ការប្រឆាំង​ការបរិភោគ​សាច់​សុនក​ដែរ​ថា ៖ «ប្រឆាំង​ការហូប​សាច់​ឆ្កែ និង​សាច់​ឆ្មា។ ទោះបី​ច្បាប់​មិនមាន​ចែង​ក៏​គួរតែ​មានធម៌​ក្នុង​ខ្លួន​ដែរ»។

រីឯ​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួនទៀត​ក៏បាន​លើកឡើង​ដែរ​ថា ក្រសួង​ដែល​ពាក់ព័ន្ធ​គួរតែ​ហៅ​ក្រុម​នេះ​ទៅ​ទូន្មាន ព្រោះ​ទង្វើ​អសីលធម៌​របស់​ពួកគាត់​កំពុងតែ​ប៉ះពាល់​ដល់​សង្គម ជាពិសេស​យក​សត្វ​ឆ្កែ​មក​ធ្វើជា​ម្ហូប​រួច​បង្ហាញ​ជា​សាធារណៈ​បែបនេះ គឺ​ធ្វើឱ្យប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ស្រលាញ់​សត្វ​ឆ្កែ។

ក្រោយ​មានការ​ប្រតិកម្ម​ចំពោះ​វីដេអូ​ស៊ីសាច់​ឆ្កែ​ដែល​ផលិត​ដោយ​ក្រុម​គ្រូ​តឿ​យ៉ាង​ព្រោងព្រាត​ពេញ​បណ្ដាញ​សង្គម​ហើយ​នោះ ក្រុម​មួយ​នេះ​ក៏បាន​ចេញ​វីដេអូ​ធ្វើការ​បកស្រាយ​ទៅកាន់​មហាជន​បានឱ្យ​ពិចារណា​អំពី​ការពិត​នៃ​ការផលិត​មាតិកា​មួយ​នេះ ដែល​មិនមែន​ដាក់​សម្រាប់​ឱ្យ​កម្ពុជា​ទស្សនា​នោះទេ។

ក្រុម​គ្រូ​តឿ បាន​បំភ្លឺថា ក្រុម​របស់ខ្លួន​ទទួលស្គាល់បាន​ផលិត​វីដេអូ​ស៊ីសាច់​ឆ្កែ​ដើម្បី​រក​ចំណូល​តាម​អន​ឡាញ​ពី​បណ្ដាញ​សង្គម​នានា។ ក៏ប៉ុន្តែ​សម្រាប់​វីដេអូ​នេះ គឺ​ពួកគេ​ផលិត​មក​ដើម្បី​ដាក់ឱ្យ​ទស្សនា​នៅក្រៅ​ប្រទេស​ប៉ុណ្ណោះ ដោយបាន​បិទ​ប្រទេស​កម្ពុជា​មិនឱ្យ​ទស្សនា​ឡើយ។ ពួកគេ​អះអាងថា មាន​ជនខិលខូច​បាន​ព្យាយាម​យក​វីដេអូ​របស់​ក្រុម​ខ្លួន ទៅ​បង្ហោះ​នៅលើ TikTok ដែលមាន​អ្នកតាមដាន​សុទ្ធតែជា​ជនជាតិខ្មែរ​ជាច្រើន​នាក់ ក្នុង​ចេតនា​កាច់​កុង​ជាមួយ​ក្រុម​ខ្លួន។

ក្រុម​គ្រូ​តឿ និយាយ​បន្តទៀតថា ការផលិត​វីដេអូ​មាតិកា​ល្អ​សម្រាប់​ក្នុងស្រុក មិនសូវមាន​អ្នក​ចូលចិត្ត​ទស្សនា​ឡើយ ខណៈដែល​ក្រុម​ខ្លួន​បាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ក្នុង​ការផលិតរាល់វីដេអូនីមួយៗ ហើយ​ទ​ទួ​កបាន​ចំណូល​មកវិញ​តែ​ខ្ទង់រយ​ដុល្លារ​ប៉ុណ្ណោះ។ ដូច្នោះ​ហើយ​ទើបបានជា​ក្រុម​របស់​ពួកគេ សម្រេច​ត្រូវ​ផលិត​មាតិកា​បែបនេះ ដើម្បី​ដាក់ឱ្យ​បរទេស​មើល ព្រោះ​បរទេស​ភាគច្រើន​គេ​ចូលចិត្ត​ទស្សនា​វីដេអូ​បែបនេះ។

យ៉ាងណាមិញ ក្រុម​គ្រូ​តឿ បាន​សុំ​ការ​អធ្យាស្រ័យ​ពី​មហាជន ព្រោះ​ពួកគេ​មិនមាន​ចេតនា​ណាមួយ​ផលិត​វីដេអូ​នេះ​ដើម្បី​បញ្ចេញ​នៅក្នុង​ស្រុក​ឱ្យមាន​ការរើសអើង​នោះទេ ប៉ុន្តែ​ដោយសារ​មាន​អ្នកគាំទ្រ​ការសម្ដែង​របស់​ពួកគេ​មួយចំនួន​ខ្លះទៀត គឺ​តាមដាន​ខ្លាំងពេក រហូត​យក​វីដេអូ​ខ្លះមក​បង្ហោះ​ជា​សាធារណៈ​ដូច​បញ្ហា​ដែល​បាន​កើតឡើង​នេះ។

គួរ​រំលឹក​ដែរ​ថា ក្រុម​គ្រូ​តឿ ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន ហៅ​ទៅ​អប់រំ​ណែនាំ​ម្ដង​រួចមកហើយ​កាលពី​ក្រុម​ពួកលោក​ផលិត​វីដេអូ​បរិភោគ​លាមក​សត្វ​គោ ហើយ​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ភ្ជាប់​ជាមួយ​ករណី​វីដេអូ​ស៊ីសាច់​ឆ្កែ​នេះ​គេ​អាច​ចាត់ទុកថា គឺជា​លើក​ទី ២ ហើយ​ដែល​មហា​ជនបទ​ទូច​សុំឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​វិធាន​បន្ទាន់​ចំពោះ​ក្រុម​គ្រូ​តឿ។

សូមជម្រាបថា​ដែរ ការបរិភោគ​សាច់សត្វ​សុនក ត្រូវបាន​គេ​មើលឃើញថា ជាការ​បង្ហាញ​សញ្ញា​នៃ​ការធ្លាក់ចុះ​នូវ​តម្លៃ​មនុស្សធម៌ គុណធម៌ ព្រមទាំង​ធ្វើឱ្យមាន​ការឆ្លង​រាលដាល​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺផ្សេងៗជាច្រើន​ទៀត​ពី​តំបន់ ១ ទៅ​តំបន់ ១ ដែល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ផងដែរ៕

Share.