សិល្បៈជាតិ៖ ដំណឹង​ចុងក្រោយ​ដែល​សារព័ត៌មាន​ត្រយង​ទទួលបាន​នាពេលថ្មីៗនេះ​បានឱ្យដឹងថា លោកតា គង់ ណៃ វិ​រៈ​សិល្បករ​មរតក​មនុស្ស​រស់​ផ្នែក​ចាប៉ីដងវែង ពេលនេះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ សុខភាព​នៅតែ​ខ្សោយ និង​មាន​អាកា​រៈ​វង្វេងស្មារតី។

លោក គង់ សម័យ ត្រូវជា​កូនប្រុស​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា ឪពុក​របស់លោក បាន​ធូរ​ស្រាយ​បន្តិច ក្រោយពី​បាន​ព្យួរសេរ៉ូម​នៅផ្ទះ។ លោក​បន្តថា យ៉ាងណាក៏ដោយ ក្រុមគ្រួសារ​របស់លោក​ក៏​ចង់​បញ្ជូន​ព្រឹទ្ធាចារ្យ​ទៅ​ពេទ្យ​ដែរ ប៉ុន្តែ​ដោយសារ​ខ្វះខាត​ថវិកា ទើបបានជា​សម្រេចចិត្ត ព្យាបាល​ព្រឹទ្ធា​រ្យ​នៅផ្ទះ។

កូនប្រុស​ព្រឹទ្ធាចារ្យ​គង់​ណៃ​បាន​បន្ថែមថា ស្មារតី​របស់​ឪពុក​លោក ចាប់ផ្ដើម​វង្វេង​តាំងពី​ប្រមាណ១ឆ្នាំមុន​ម្ល៉េះ លោកតា​អត់​សូវ​ចាំ​អ្វី​ទេ សូម្បីតែ​ឈ្មោះកូនៗលោកតា ទាល់តែ​រំលឹក​ច្រើន ទើប​លោកតា​ចាំ​មកវិញ​ខ្លះ។

បច្ចុប្បន្ន​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ មាន​ជន្មាយុ៧៨ឆ្នាំ។ លោក​រស់នៅ​ស្រុកកំណើត ក្នុងភូមិ​ដូង ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រាច ខេត្តកំពត។ លោក​មានកូន១០នាក់​ស្រី៤ ហើយ​ក្នុងចំណោម​កូន​ទាំងអស់ មានតែ​កូនប្រុស​ម្នាក់​ប៉ុណ្ណោះ ដែល​បន្ត​កេរ​ចាប៉ី​ពី​លោក។ កាលពី​ឆ្នាំ២០១៧ ព្រឹទ្ធាចារ្យ បានទទួល​ពានរង្វាន់​មួយ ពី​ប្រទេស​ជប៉ុន ដែលមាន​ឈ្មោះថា ពានរង្វាន់​សិល្បៈ​វប្បធម៌​ហ្វុ​គុ​អូ​កា Fukuoka Prize ។

សូម​រំលឹកថា ព្រឹទ្ធាចារ្យ គង់ ណៃ ធ្លាប់បាន​ធ្លាក់ខ្លួន​ឈឺ តាំងពី​ឆ្នាំ២០១៩មកម្ល៉េះ ដោយសារ​ជំងឺ​សួត ឈាមស និង​ជំងឺរបេង។ លោក​គឺជា​អ្នកសិល្បៈ​ករ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុងចំណោម​សិល្បៈករ​ខ្មែរ​មួយចំនួន​ដែល​បាន​រស់រានមានជីវិត​ពី​សម័យ​សង្គ្រាម​ខ្មែរក្រហម។ ហើយ​កិត្តិនាម​របស់​លោកតា​ត្រូវបាន ល្បីល្បាញ ទូទាំង​ពិភពលោក និង​បាន​ស្គាល់​លោកតា​តាមរយៈ​បទ Time to Rise របស់​តារាចម្រៀង រេ​ប វណ្ណដា ដែរ​មាន​អ្នក​ចូល​មើល ១១៧ លាន​នាក់៕

Share.