សិល្បៈជាតិ៖ «របាំ​ព្រះរាជ​ទ្រព្យ» គឺជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថែរក្សា​នាដកម្ម​បុរាណ​មួយ​នេះ អស់​រយៈពេល​ដ៏​យូរលង់​ណាស់​មកហើយ ។ របាំ​ក្បាច់​ខ្មែរ​បុរាណ ឬ របាំ​ព្រះរាជ​ទ្រព្យ​នេះ មាន​ភាពល្បីល្បាញ​ខាង​មាន​កាយវិការ​ទន់ភ្លន់ គួរឱ្យ​ចង់​គយគន់ និង មាន​ទ្រង់គ្រឿង​ចាំង​ភ្លឺផ្លេក។

ឈ្មោះ​របាំ​ព្រះរាជ​ទ្រព្យ ដែល​មានន័យថា របាំ​ដែលជា​ទ្រព្យ​ប្រទាន​របស់​ព្រះរាជា ដែល​រាជវង្ស​ខ្មែរ បង្កើតជា​ទ្រព្យ​ដ​វិសេស ដើម្បី​បង្ហាញ​ពី​ភាពថ្លៃថ្នូរ​ខ្ពង់ខ្ពស់​របស់​អ្នករបាំ​ខ្មែរ ដែលជា​ស្នា​ព្រះ​ហ​ស្ថ ព្រះមហាក្សត្រី​យា​នី ស៊ីសុវត្ថិ កុស​មៈ នារីរ័ត្ន​សេរី​វ​ឌ្ឍ​នា ដែល​ច្នៃ​ចេញពី របាំ​ក្បាច់បុរាណ​ខ្មែរ ក្នុង​រជ្ជកាល​ព្រះបាទ នរោត្តម ។

របាំ​ព្រះរាជ​ទ្រព្យ ដែលជា​របាំប្រចាំព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ភាពល្បីល្បាញ​ខាងប្រណិត​ភាព​នៃ​សំលៀកបំពាក់ នៃ​ការតុបតែង​កាយ បំពាក់​គ្រឿងមាសប្រាក់ អម​ទៅដោយ​ក្បាច់​រាំ ដែលមាន​ភាពទន់ភ្លន់ ស្រស់ស្អាត​គួរ​ជាទី​គយគន់ ដែល​មើលទៅ​ហាក់ដូចជា របាំ​របស់​ពពួក​ទេវៈ ឬ ទេវតា ដែល​ឈានទៅរក​លំដាប់​ខ្ពស់​របស់​របាំ ដែល​យើង​អាច​សន្មត់​បា​ន​ថា​ជា “ស្ដេច​របាំ” ដែល​ត្រូវបាន​ទទួលស្គាល់ ដោយ​អន្តរជាតិក្នុងការ​ចុះបញ្ជី​ស្នាដៃ​របស់​កម្ពុជា ទៅក្នុង​បញ្ជី​បេ​តិ​ភណ្ឌ​ពិភពលោកនៃ​មរតកវប្បធម៌​អរូបី​យ​តំណាងឱ្យ​មនុស្សជាតិ​របស់​អង្គការយូណេស្កូ នា​ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី។ 

របាំ​ព្រះរាជ​ទ្រព្យ របាំ​ក្បាច់បុរាណ​ខ្មែរ ជា​ប្រភេទ​របាំ ដែល​នាដករ ប្រើ​ចលនា​កាយ វិការ​ក្បាច់ និង មនោ​ស​ញ្ចោ​ត​នា​យ៉ាង​ប៉ិនប្រសប់​ទៅតាម​ការវិវត្តន៍​នៃ​សាច់រឿង ដែល​រៀបរាប់​បញ្ជា​ក់ដោយ​ទំនុកច្រៀង នៃ​ក្រុម​ចម្រៀង​ជា​ពួក (ជ​ហៀ​រា​លេ) ដែលមាន​តួនាទី​ច្រៀង​ជូន​របាំ​នេះ ជាមួយនឹង​វង់ភ្លេង​ពិណពាទ្យ ដែលមាន​តួនាទី​ប្រគំ​ជូន​របាំ​នេះ​ផងដែរ។

របាំ​ព្រះរាជ​ទ្រព្យ ជា​របាំ​ក្បាច់បុរាណ​ខ្មែរ ដែលជា​ទម្រង់​សិល្បៈ​សក្ការៈ (សិល្បៈ ទេវៈ) មួយ​ដែលមាន​វ័យ ចំណាស់ ដ៏​យូរលង់​ណាស់​មកហើយ នៅក្នុង​ចំណោម ទម្រង់​សិល្បៈ​សក្ការៈ ហើយក៏​ជា​ទម្រង់​សិល្បៈ ដែលមាន​តម្លៃពិត​ខាង​ស្មារតី និង ខាង​បច្ចេកទេស​កំរិត​ខ្ពស់​ក្នុងចំណោម​ទម្រង់​សិល្បៈ ទស្សនីយភាព នៅ​កម្ពុជា ។ កាលដើមឡើយ នា​សម័យ​មហានគរ នាដការ នាដ​ការិនី ប្រចាំ​ប្រាសាទ​មាន​តួនាទី សម្រាប់ រាំ ឧទ្ទិស​ដល់​អ​ទិ​ទេព ឬ រាំ​ថ្វាយ​ទេវៈ​រាជា គឺជានិ​រ​​សន្តិភាព ពី​ស្ថានមនុស្សលោក ទៅ​ស្ថាន​ទេវតា និងជា​សិល្បការិនី​សន្តិភាព ឬ ជា​សន្តិ​ភាវ​ការិនី​ខាង ផ្លូវ​ដួងចិត្ត គំនិត ដែល​ធ្លាប់បាន​រាំ​ផ្សព្វផ្សាយ​ពី សីលធម៌ និង គុណធម៌ ដើម្បី​សុំ​សេចក្តីសុខ សន្តិភាព អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ។

គេ​អាច​សន្និដ្ឋានបានថា ទម្រង់​ក្បាច់បុរាណ​ខ្មែរ របាំ​ព្រះរាជ​ទ្រព្យ គឺជា​ទម្រង់​របាំ​ស្ត្រី ព្រោះ​កាលដើមឡើយ អ្នក​សម្តែង​តួអង្គ​មាន​បួន៖ តួ​នាង (ស្ត្រី) តួ​នាយ​រោង (បុរស) តួយក្ស និង តួ​ស្វា ព្រមទាំង​តួ​បន្ទាប់បន្សំ មាន​តួ​សត្វ​សុទ្ធតែស្រីៗ ជា​អ្នក​សម្តែង​តួអង្គ​ទាំងនោះ លើកលែងតែ​តួ​តា​ឥសី និង​តួ​ត្លុក​ប៉ុណ្ណោះ ដែល​សម្តែង​ដោយប្រុស។ ក្រោយមក ដោយមាន​ការវិវត្តន៍​របស់​ទម្រង់​សិល្បៈ​នេះ តួអង្គ​ស្វា​ត្រូវបាន​សម្តែង ដោយប្រុសៗ រហូតមកដល់​សព្វថ្ងៃ​នេះ ។

មួយវិញទៀត យើង​ក៏​មិនអាច​បំភ្លេច​នូវ ព្រះ​គុណ និង​គុណបំណាច់​ដ៏​ធំធេង​បំផុត​របស់ សម្ដេចព្រះ​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី គោរមងារ​ជា​ទេព​នាដ​វ​ដ្ដី​ឯក ដែល​បាន​ពុះពារ​ការពារ​ស្នាដៃ​សិល្បៈ​បុរាណ​មួយ​នេះ​រស់​ឡើង​ក្រោយ​សម័យ​ខ្មែរក្រហម។ សម្ដេច​រាជបុត្រី បុប្ផា​ទេវី ជា​ព្រះរាជ​បុត្រី នៃ​ព្រះ​បរម​រតន​កោដ្ឋ ហើយ​ព្រះ​នាង​ជា​នាដកា​ឯកនៃ​ប្រទេស​កម្ពុជា ដែល​ទ្រង់​សព្វព្រះទ័យ​ក្រសាល​របាំ​បុរាណ​តាំងពី​ព្រះជន្ម ៥ព្រះវស្សា។ ព្រះអង្គ​មាន​ស្នា​ព្រះហស្តធំៗដូចជា ទ្រង់​បានធ្វើឱ្យ​រស់​ឡើងវិញ​នូវ​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់​ខ្មែរ​បុរាណ ក្រោយ​សម័យ​សង្គ្រាម​ខ្មែរក្រហម។ ព្រះអង្គ​តែង​បាន​ដឹកនាំ​ក្រុម​របាំ​បុរាណ ដង្ហែ​អតីតព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះករុណា​ព្រះបាទ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ទៅ​សម្ដែង​ជូន​ថ្នាក់ដឹកនាំ​ប្រទេស​នានា ទាំង​ក្នុងប្រទេស​និង​នៅលើ​ឆាក​អន្តរជាតិ។

គិត​មកទល់​ឆ្នាំ ២០២៣នេះ ២០ឆ្នាំ​ហើយ​ដែល​របាំ​ព្រះរាជ​ទ្រព្យ​របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ។ ក្នុងនាម​កូន​ខ្មែរ​មួយរូប ប្តេជ្ញា​ចូលរួម​ថែរក្សា ការពារ និង​អភិរក្ស​របាំ​ព្រះរាជ​ទ្រព្យ ក៏ដូចជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកផ្សេងៗទៀត​របស់​កម្ពុជា ឱ្យបាន​គង់វង្ស​យូរអង្វែង​តរៀង​ទៅ៕

Share.