សិល្បៈជាតិ៖ កញ្ញា កុយ អេ​ន​ណា Miss Grand Cambodia 2023 លំដាប់​រង​ទី ១ បាន​គ្រង​ឈុត​របាំ​បុរាណ​ខ្មែរ​យ៉ាង​ស្រស់ស្អាត​គួរឱ្យ​គយគន់ ដើម្បី​អបអរ របាំ​ព្រះរាជ​ទ្រព្យ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ។

កញ្ញា កុយ អេ​ន​ណា  បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ ៖ «អបអរសាទរ​ខួប​គម្រប់ ២០ ឆ្នាំ​នៃ របាំ​ព្រះរាជ​ទ្រព្យ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី ៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២។ របាំ​ព្រះរាជ​ទ្រព្យ ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែមួយគត់ ដែល​បាន​ថែរក្សា​នាដកម្ម​បុរាណ​មួយ​នេះ អស់​រយៈពេល​ដ៏​យូរលង់​ណាស់​មកហើយ។ នាង​ខ្ញុំ​មាន​មោទកភាព​ខ្លាំង​បំផុត​ដែល​បាន​សម្តែង​ជា​តួអង្គ​នាដ​ការី​នៅក្នុង​ល្ខោន​ព្រះរាជ​ទ្រព្យ​ខ្មែរ បង្ហាញ​ពី​ប្រវត្តិ​ដ៏​យូរលុង​នៃ​ការសម្តែង​អំឡុង ១០០ ឆ្នាំមុន​ដ៏​គួរឱ្យ​ស្ញប់ស្ញែង។ កិច្ចការពារ បេតិកភណ្ឌ​វប្បធម៌​ជា​ភារកិច្ច​កូន​ខ្មែរ​គ្រប់រូប»

យ៉ាងណាមិញ លោក ប្រាក់ សំណាង បាន​ប្រាប់​មក​អ្នកសារព័ត៌មាន​ត្រយង​ថា វត្ថុបំណងធំៗសំខាន់ៗដែល​លោក​បាន​នាំ​កញ្ញា កុយ អេ​ន​ណា ឱ្យ​គ្រង​ឈុត​របាំ​បុរាណ​ខ្មែរ​ផ្សព្វផ្សាយ​ទៅកាន់​មហាជន​នៅក្នុង​ថ្ងៃនេះ គឺ កញ្ញា អេ​ន​ណា ចង់​បំពេញ​កា​ត្វ​កិច្ច​ជា​កូន​ខ្មែរ ដែល​មានន័យថា ការផ្សព្វផ្សាយ ការអភិរក្ស ការលើកតម្កើង នូវ​វប្បធម៌​ជាតិ ជាពិសេស​គឺ​សម្បត្តិ​បេតិកភណ្ឌជាតិ​ទាំងអស់ គឺ​កើតចេញពី​យើងម្នាក់ៗ ហើយ​សំខាន់បំផុត​ទៀត​នោះ យើង​មានលទ្ធភាព​និង​សមត្ថភាព​ដែល​អាចធ្វើ​ទៅបាន។ ជាក់ស្ដែង​ដូច​កញ្ញា កុយ អេ​ន​ណា គឺ​កញ្ញា​ស្រឡាញ់​ការ​គ្រង​ឈុតរបាំ​បុរាណ​ខ្មែរ​ជា​យូរណាស់​មកហើយ នឹង​ឆ្លៀត​ក្នុងឱកាស​នេះ គឺ​កញ្ញា​ធ្វើ​ឡើងដើម្បី​បង្ហាញ​មហាជន​តែម្ដង។

លោក ប្រាក់ សំណាង បន្តថា កញ្ញា កុយ អេ​ន​ណា គឺមាន​ហ្វេ​ន​ទាំង​ជាតិ និង​អន្តរជាតិ​ជា​អ្នកតាមដាន​ច្រើននាក់​នៅលើ​បណ្ដាញ​សង្គម​នានា ដូច្នោះ​ហើយ​ការ​គ្រង​ឈុត​របាំបុរាណ​ខ្មែរ​នេះ គឺ​បាន​សាយភាយ​ដល់ហ្វេ​ន​ទូទាំង​ពិភពលោក​បានឃើញ​វប្បធម៌​ខ្មែរ​ដ៏​មាន​វ័យ​ចំណាស់។

លោក​បន្តថា ចំណែកឯ​ការ​ជ្រើសយក​គំនិត​គ្រង​ឈុត​ល្ខោន​ព្រះរាជ​ទ្រព្យ​ខ្មែរ​ដែលមាន​លាប​ខ្លួន​ស​បែបនេះ ក៏​ព្រោះតែ​ចង់បង្ហាញ​ពី​អាយុកាល​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ក្នុង​ទម្រង់​របាំ១០០ ឆ្នាំមុន​ដែល​សម្ដេចព្រះ​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ធ្លាប់​លើក​មក​សម្ដែង​ជូនកាល​កន្លង។ ក្រៅពីនោះ កញ្ញា អេនណា ក៏ទទួលបានការបង្ហាត់បង្ហាញពីនាដការីរបាំបុរាណក្នុងការប្រើប្រាស់ក្បាច់របាំដែលត្រូវតាមទម្រង់ដើមផងដែរ។

គួរ​ដឹងថា ការ​បំផុសគំនិត​នេះ ត្រូវបាន​ផ្ដួចផ្ដើមឡើង​ដោយ​លោក ប្រាក់ សំណាង គ្រូ​ជំនាញ soft skills និង​មានការ​ពិ​ភ្សា​ប្រឹក្សា​យោបល់​ជាមួយ​លោកជំទាវ​សាស្ត្រាចារ្យ ឱម យុ​វណ្ឌី ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ពី​វប្បធម៌​ជាតិ​ឱ្យ​កាន់តែ​សុសសាយបន្ថែមទៀត៕

Share.