គ្រូបង្ហាត់គុនខ្មែរម្នាក់កំពុងរស់នៅក្នុងប្រទេសបារាំង​ លោក ធីម សៀងហៃ បាន​បង្ហាញ​ការ​សាទរ​ចំពោះ ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡាប្រដាល់គុនខ្មែរ ដែល​ជា​ជំនួប​គូពិសេស​រវាង​អ្នក​លេង​គុន​ខ្មែរ ព្រុំ សំណាង និងកីឡាករ​ប្រដាល់មីយ៉ាន់​ម៉ា ដេវ លីឌុច (DAVE LEDUC)​ កាល​បី​រាត្រី​ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៣។

លោក ធីម សៀងហៃ បាន​បង្ហាញ​ការ​ចាប់​​អារម្មណ៍​នៅ​លើក​ទំព័រ​ហ្វេស​បុក​ថា៖«ខ្ញុំពិតជាសប្បាយ​ចិត្ត​ជំនួស​ម្ចាស់ក្រុមហ៊ុនផ្ទាល់ និងប្រជាជន​ខ្មែរ​ទាំង​មូល​ខ្លាំង​ណាស់ ដែល​ខ្ញុំមាន​រូបភាព​ល្អៗ​របស់​ថោន យក​ទៅបង្ហាញដល់កូនសិស្សបារាំង និង​អ្នក​លេង​កីឡាប្រដាល់​នៅក្នុង​ប្រទេស​បារាំង​ទាំង​មូល​ឲ្យ​គេបានឃើញ​ពីភាពអស្ចារ្យរបស់ខ្មែរ!»។

គ្រូប្រដាល់រូបនេះ បាន​បន្ថែម​ថា៖ «ហើយមួយ​វិញទៀតជនជាតិបារាំង គេបើក​មាត់​ឡើង​ធំៗ គ្រាន់​តែ​ឃើញចំនួនអ្នក​ដែលចូល​មើល​ឡាយ​កាល​ពីម្សិលមិញ774.6k(fb) ពីសង្វៀនគុនខ្មែរ ខ្ញុំពិត​ជា​រំភើប និងអរគុណដល់លោកពូ ថមមី លោកអ៊ុំ វ៉ា សុធារិទ្ធ និងចុងក្រោយ អរគុណ​ដល់​លោក​អ៊ុំ លាង ម៉េង ដែល​គាត់បាន​ខិតខំចំណាយ​ថវិការ ក៏ដូចជាពេលវេលា និងក្ដី​ស្រលាញ់​ទាំង​មូល​ដល់​ប្រជាជនខ្មែរ ដើម្បីវិស្ស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ និងជាតិខ្មែរទាំងមូល ដើម្បី​ផ្សព្វផ្សាយ​នៅ​អ្វី​ដែលខ្មែរមាន»។

មាន​ស្រុក​កំណើត​នៅខេត្តកោះកុង លោក ធីម សៀងហៃ គឺ​ជាកូន​ខ្មែរ​សុទ្ធសាធ​ដែល​ស្រលាញ់​​ការ​​ហាត់​ប្រដាល គុនខ្មែរ តាំង​ពី​តូចៗមក ដោយ​មាន​ឈាម​ឪពុក និង​ពូជា​អ្នក​ប្រដាល់ ស្រាប់​ក៏​បាន​ជម្រុញ​ឲ្យ​លោក​កាន់​តែ​មាន​ដុង​ក្នុង​វិស័យប្រដាល់​គុន​ខ្មែរ​។ កាល​នៅ​តូច​លោក​ធ្លាប់​បាន​ចូល​រួម​ប្រកួត​ជា​ច្រើន​ទាំង​នៅ​តាម​វត្ត រហូត​ដល់​ថ្នាក់​ជាតិ និ​ងអន្តរជាតិ។

លោក សៀងហៃ ធ្លាប់​ចូល​រួម​ប្រកួត​ជ្រើសរើសជើងឯក​នៅកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ និង​ធ្លាប់​ទទួលបានចំណាត់ថ្នាក់ជើងឯកអរន្តជាតិនៅចិន ចំណាត់ថ្នាក់លេខ៣ នៅដើមឆ្នាំ២០២២ លោក​ទទួលបាននៅចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតដណ្ដើមខ្សែរក្រវ៉ាត់របស់ស្ថាប័ន AFMT ដែលជ្រើសជើងឯកប្រចាំប្រទេសបារាំង។​

ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​ក្បាច់​គុនប្រដាល់ លោក​បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ២០១៦ ដោយ​បង្ហាត់តិចតួច​ជា​ម៉ោង​ឯក​ជន​ដោយ​ធ្វើ​ការ​ទាតក់​ទង់​ជាមួយជនបរទេស ដោយ​ខ្លួន​ឯង​នៅ​ភ្នំពេញ បន្ទាប់​មក​ក្នុង​ឆ្នាំ២០១៩ លោក​ក៏​មាន​ឱកាសបានឈានជើងមកធ្វើជាគ្រូបង្វឹកនៅប្រទេសបារាំងផ្ទាល់ តាម​រយ:ម្ចាស់​ក្លិបសមាគមគុនខ្មែរ នៅប្រទេសបារាំង។

បច្ចុប្បន្ន​លោក​កំពុង​បម្រើស​ការ​នៅ​ក្នុង​ក្លិបសមាគមគុនខ្មែរ នៅក្នុងទីក្រុង បុកដូ ដែល​ជា​កម្មសិទ្ធ​របស់​កូនខ្មែរកាត់​បារាំង​មួយ​រូបដែល​ជា​អ្នក​ស្រលាញ់​ និងចង់ផ្សព្វផ្សាយគុនខ្មែរ​នៅ​បរទេស និង​កំពុង​មាន​ការ​គាំទ្រយ៉ាង​ខ្លាំង​សម្រាប់​បរទេស​ដែលមកហ្វឹកហាត់ជាមួយលោកផ្ទាល់ ដោយ​ជា​គ្រូ​គុនខ្មែរ៕

Share.