ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹង មកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី៧ ខែវិច្ឆិកា ២០២៣។

១-តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរលើរាជធានីភ្នំពេញ និងខេត្តមួយចំនួននៅក្នុងភូមិភាគពាយ័ព្យ ភាគខាងត្បូង និងភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលអាចគ្របដណ្តប់លើផ្ទៃដីពី១០% ទៅ ៣០%។

២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលើខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង ដែលអាចគ្របដណ្ដប់លើផ្ទៃដីពី១០% ទៅ ២០%។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសាន និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី ។ អាចភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០% ទៅ៣០%។

ចំណែកឯ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយខ្យល់បក់មកពីទិសខាងត្បូង និងទិសខាងកើតក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី០,៥-១ម៉ែត្រ។ ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសសម្រាប់អ្នកនៅជាប់តំបន់មាត់សមុទ្រ៕​

អត្ថបទ៖ តាតុងសែនជ័យ

Share.