ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Dmitry Polyansky បានប្រកាសកាលពីល្ងាចថ្ងៃអង្គារ ថា ទីក្រុងមូស្គូ បានស្នើសុំកិច្ចប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ ដើម្បីដោះស្រាយការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Donetsk ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃដដែល ទីក្រុងមូស្គូ បានទទួលរងការវាយប្រហារដោយកាំមីស៊ីលជាច្រើនដង ពីកងកម្លាំងរបស់ទីក្រុងកៀវ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗមួយចំនួន។

ទន្ទឹមនោះមានមនុស្សយ៉ាងហោចណាស់ ២០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ដែលជាតួលេខមួយត្រូវបានគេរំពឹងថា នឹងកើនឡើង នេះបើយោងតាមការឱ្យដឹងពីមន្ត្រីក្នុងតំបន់។

លោក Polyansky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា «យើងបានស្នើសុំកិច្ចប្រជុំបើកចំហជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការវាយប្រហារនៅថ្ងៃនេះ ដោយកងកម្លាំងទីក្រុងកៀវ លើទីក្រុង Donetsk ដែលកិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅរសៀលថ្ងៃពុធសប្ដាហ៍នេះ»។

យោងតាមមេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) លោក Denis Pushilin បានគូសបញ្ជាក់ថា ការវាយប្រហារដោយប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតប្រភេទ HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក នៅលើទីក្រុង Donetsk បានកើតឡើងជារលកទីបីហើយ។

សូមជម្រាបថា គិតមកដល់ពេលនេះសង្រ្គាមរុំារៃរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេល ៦២៥ថ្ងៃហើយ ដោយបណ្ដាលឱ្យទាហាន និងជនស៊ីវិលក្មេង ចាស់ ប្រុសស្រី ទាំងសងខាងរាប់ម៉ឺននាក់បានស្លាប់ និងរងរបួស ខណៈហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ អគារ សំខាន់ៗជាច្រើនទៀតរងការខូចខាត៕

ប្រភព៖ RT

Share.