កណ្តាល៖ ចាប់ខ្លួនជនសង្ស័យ២ នាក់ ចំណែកបក្ខេពួក២នាក់ទៀត កំពុងគេចខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពជិះទូកដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកាលពីថ្ងៃទី០៦ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣:៣០នាទីស្ថិតនៅចំណុចមាត់ទន្លេមេគង្គ ភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ចាន់ សុខឈឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល រងរបួសជាច្រើនថ្នេរ ក្រោយពីប្រតាយប្រតប់ជាមួយជនសង្ស័យ។

ជនសង្ស័យ មានគ្នាចំនួន០៤នាក់ ទី១.ឈ្មោះ ង្វៀង ភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ តេស្តទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមាន (+)។ ២.ឈ្មោះ ង្វៀង យ៉ាំងត្ររ ហៅថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ តេស្តទឹកនោមរកសារធាតុញៀន លទ្ធផល វិជ្ជមាន (+) ។ ៣.ឈ្មោះ រ័ត្ន ភេទប្រុស ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ កំពុងគេចខ្លួន។ ៤.ឈ្មោះ យូ ភេទប្រុស ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ កំពុងគេចខ្លួន ទាំង៤នាក់រស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បាប់អំពៅ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនសមត្ថិច្ចដកហូតវត្ថុតាងមាន ទូកស្មាច់ ០១គ្រឿង ពណ៌ខៀវលាយស ។ ម៉ាស៊ីនសាំង ០១គ្រឿង ពណ៌លឿង ភ្ជាប់ស្លាបចាក់។ ដាវដែកកែឆ្នៃ ០១ដើម ។ ម៉ូទ័របូមទឹក ០១គ្រឿងជារបស់ជនសង្ស័យ។

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០៦ខៃ វិច្ឆិកា ឆ្នាំ២០២៣ ជនសង្ស័យទាំង០៤នាក់ បានជិះទូកស្មាច់ចេញពីកន្លែងពួកគេស្នាក់នៅម្តុំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បាប់អំពៅ រាជធានីភ្នំពេញ ចេញលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលទុកនៅតាមច្រាំងទន្លេ លុះពេលជនសង្ស័យបើកទូកទៅដល់ចំណុចភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ស្រាប់តែឃើញមានទូកស្មាច់របស់ជនរងគ្រោះ ០១គ្រឿង មានដាក់ម៉ាស៊ីនសាំងចតនៅជាប់ច្រាំងទន្លេ  រួចពួកគេទាំង៤នាក់បានធ្វើសកម្មភាព លួចលើកម៉ាស៊ីនទូកជនរងគ្រោះចេញពីទូក ភ្លាមនោះជនរងគ្រោះមកទាន់ក៏បានបញ្ចាំងពិលមើលឃើញហើយស្រែកថា ចោរៗ និងយកដុំថ្មគប់ ពេលនោះជនសង្ស័យម្នាក់ បានរុញទូកចេញហើយបើកទូកគេចខ្លួន ។

ភ្លាមនោះជនរងគ្រោះ និងកូនប្រុស នាំគ្នាបើកទូកដេញតាមរហូតដល់ក្រោយភូមិព្រែកអំពិល ក៏តាមទាន់បុកទូកជនសង្ស័យផ្ទប់ចូលដល់ច្រាំង បន្ទាប់មកជនសង្ស័យម្នាក់ឈ្មោះ រដ្ឋ កាន់ដាវស្ទុះកាប់ជនរងគ្រោះ ចំនួន០៣ដាវ ត្រូវចំខ្នង កាប់០១ដាវ ត្រូវចំទ្រូងចេញឈាម និងកាប់ ០១ដាវទៀត រួចជនរងគ្រោះក៏ស្ទុះចាប់ដាវបណ្តាលឱ្យមុតបាតដៃទាំងសងខាងឈាម  រួចជនរងគ្រោះច្រានជនសង្ស័យ ធ្លាក់ទឹករួចស្រវ៉ាឡើងគោករត់គេចខ្លួន ហើយជនសង្ស័យចំនួន០២នាក់ទៀត បានរត់គេចខ្លួន។ ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានជនរងគ្រោះស្ទុះចាប់ប្រតាយប្រតប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកអំពិល ។

ក្រោយឃាត់ខ្លួនបានម្នាក់ហើយ សមត្ថកិច្ចបានបន្តឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួចបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ មកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីសាកសួរ។  បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.