កីឡាការនី ស្រួង ភាវី ទទួលពានរង្វាន់ Asia Special Award 2023 ដែលរៀបចំដោយ Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រោយ​ឈ្នះ​ពាន​រង្វាន់​លើក​នេះ កីឡាការនី ស្រួង ភាវី បាន​លើក​ឡើង​ថា៖ «ពុក​ម៉ែ​បងប្អូន​ជា​ទី​គោរព​ សម្រាប់​រូប​នាង​ខ្ញុំ​ផ្ទាល់​ រាល់​ពេល​ទទួល​បាន​ពាន​រង្វាន់​នៅ​ឆាក​អន្តរជាតិ​កន្លង​មក​ នៅ​ពេល​គេ​ហៅ​ឈ្មោះ​ ស្រួង​ ភាវី​ ឡើង​ទៅ​លើវេទិកា​ដើម្បី​ទទួល​ពានរង្វាន់​ អារម្មណ៍​នាង​ខ្ញុំ​គ្រាន់​តែ​ឮ​ ត្រឹមតែ​ដឹង​ថា​គេ​បាន​ហៅ​ខ្ញុំ​ហើយ»​។

ស្រួង​ ភាវីបន្តថា៖ «ប៉ុន្ដែ​នៅ​ពេល​ឮ​គេ​ហៅ​ថា​ Cambodia Cambodiaឡើង​ទៅ​លើ​វេទិកា​ អារម្មណ៍​របស់​ខ្ញុំ​ពិតជា​រំភើប​ប្រកបដោយ​សេចក្ដី​សោមនស្ស​រីករាយ​​ និង​មោទនភាព​ជា​ពន់ពេក​ ។ ព្រោះ​ថា​ស្រួង​ ភាវី​ មក​ពី​ប្រទេស​កម្ពុជា​សូម​អញ្ជើញ​ឡើង​មក​លើ​វេទិកា​ គឺ​ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា​គេ​កំពុង​តែ​ហៅ​ប្រជាជន​កម្ពុជា​ទាំង​អស់​ឡើង​ទៅ​លើ​វេទិកា​ដើម្បី​ទទួល​នូវ​កិត្តិយស​ដ៏​ថ្លៃថ្លា​ឧត្តុង​ឧត្តម​នៅ​ឆាក​អន្តរជាតិ​»។

​ ម្ចាស់មេដាយមាសស៊ីហ្គេម បាន​បបន្ថែមថា៖ «ពុក​ម៉ែ​បងប្អូន​ កូន​ស្រី​កម្ពុជា​ម្នាក់​នេះ​ បាន​ឧទ្ទិស​រួច​ហើយ​ រាល់​សមិទ្ធផល​ទាំង​ប៉ុន្មាន​ដែលនាង​ខ្ញុំ​សម្រេច​បាន​ គឺ​ខ្ញុំ​បាន​ដាក់​ជា​របស់​រួម​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងអស់​ និង​ប្រទេស​ជាតិ​ទាំងមូល​។ ខ្ញុំ​សង្ឃឹម​ថា​រាល់​ភាព​ជោគជ័យ​ដែល​កូន​ខ្មែរ​ទទូល​បាន​ សូម​គាំទ្រ​ ស្រលាញ់​ ផ្ដល់​តម្លៃ​ ផ្ដល់​កម្លាំង​ចិត្ត​ និង​លេីក​ស្ទួយ​ដល់​ពួក​គាត់​ ដែល​បាន​ និង​កំពុង​ខិត​ខំ​ប្រឹងប្រែង​ខ្លាំង​ណាស់​ ទម្រាំ​ទទូល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៅ​លើ​ឆាក​អន្តរជាតិ​នានា»។

ជា​ចុង​បញ្ចប់​ នាង​ខ្ញុំ​សូម​ឱ្យ​ប្រជាជន​ខ្មែរ​ទាំងអស់​ចេះ​ស្រឡាញ់​គ្នា​ សាមគ្គី​គ្នា​ មាន​មេត្តា​ ករុណា​ដល់​គ្នា​និង​គ្នា​ ក្នុង​នាម​ជា​ឈាម​ជ័រ​តែ​មួយ​។ សូម​គោរព​ជូនពរ​ពុក​ម៉ែ​បងប្អូន​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​គ្រប់​ប្រការ​។ សូម​អរគុណ​ !

កីឡាការរិនីស្នូកឃ័រ​ ស្រួង ភាវី ទទួលបានពានរង្វាន់ PBA ជាកីឡាការរិនីស្នូកឃ័រ​ ឆ្នើមប្រចាំឆ្នាំ២០២៣ ចំនួន៤គ្រឿងម្នាក់ឯង

គួរដឹងថា កីឡាការិនី ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០ បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជា​មួយស្វាមី​ដែលជា​ជនជាតិ​កូរ៉េ​។ ភាវី បានចំណាយពេលរយៈពេល ៧ឆ្នាំ ដើម្បីវិវឌ្ឍខ្លួនឲ្យក្លាយជាកំពូលកីឡាការិនីស្នូកឃ័រ​។

​គួរបញ្ជាក់ថា កីឡាការិនីឆ្នើម ស្រួង ភាវី បាន​ចូល​រួម​ប្រកួត​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣២ នៅកម្ពុជា និង​បានឈ្នះមេដាយមាសលើ​វិញ្ញាសាប៊ីយ៉ាការ៉ុប៣បាំង និងបានមេដាយសំរឹទ្ធលើ​វិញ្ញា​សាកា​រ៉ុម១បាំង៕

Share.