មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យ ថា សហរដ្ឋអាមេរិកនឹងចាត់ទុករុស្ស៊ី ថាជាអ្នកចូលរួមពេញលេញនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងសប្តាហ៍នេះ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទោះបីជាកន្លងមកសហរដ្ឋអាមេរិកប្រឹងប្រែងធ្វើឱ្យរុស្ស៊ីឯកោ ដោយសារតែការឈ្លានពានអ៊ុយក្រែនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី Alexei Overchuk នឹងតំណាងឱ្យប្រទេសរុស្ស៊ីនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះនៅសប្ដាហ៍នេះ។

ទាក់ទិននឹងបញ្ហានេះ លោក Matt Murray ជាមន្ត្រីនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុករៀបចំកិច្ចប្រជុំ APEC បានប្រាប់ AFP ថា «លោក Overchuk ត្រូវបានចាត់ទុកជាប្រធានគណៈប្រតិភូ ហើយគាត់នឹងមានឱកាសចូលរួមយ៉ាងពេញលេញនៅក្នុងព្រឹត្តិការណ៍ប្រចាំសប្តាហ៍នេះ»។ ​​​​​

លោក Overchuk ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់បស្ចិមប្រទេស រួមទាំងពីសហភាពអឺរ៉ុប ប៉ុន្តែមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដូចមន្រ្តីកំពូលៗផ្សេងទៀតរបស់រុស្ស៊ីនោះទេ។

លោក Murray បាននិយាយថា “ពេញមួយឆ្នាំនេះ យើងតែងតែនិយាយថា ចង់ក្លាយជាម្ចាស់ផ្ទះដ៏ល្អរបស់ APEC ប៉ុន្តែយើងនឹងធ្វើដូច្នេះនៅក្នុងច្បាប់ និងបទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក ហើយជាក់ស្តែង ការចូលរួមរបស់រុស្សី ត្រូវបានគេមើលឃើញថា ដោយសារតែបញ្ហានៃការដាក់ទណ្ឌកម្ម»។

សូមជម្រាបថា ក្រសួងការបរទេសអាមេរិក កាលពីខែមុនបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនស្វាគមន៍លោកពូទីន សម្រាប់កិច្ចប្រជុំកំពូល APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដែលនាំឱ្យរុស្ស៊ីឆ្លើយតបវិញថា វាអាស្រ័យលើសមាជិកនីមួយៗរបស់ APEC ដើម្បីកំណត់អ្នកតំណាងរបស់ខ្លួន៕

ប្រភព៖ CNA

Share.