ប៉ុន្មាន​ថ្ងៃ​កន្លង​​មក​នេះ​បងប្អូន​ខ្មែរ​មួយ​ចំនួន​ធំ​បាន​បញ្ចេញ​ប្រតិកម្ម​ក្ដៅ​ក្រហាយ​ ដោយ​សារ​តែ​មាន​គណនី​មួយ​បង្កើត​ឡើង​ដោយ​ក្រុម​ការងារនារី​វៀត​ណាម​ម្នាក់​បាន​ប្រើ​ប្រាស់​រូបភាព​ឃោសនា​បំភ្លៃបំភ័ន្ត​ការ​ពិត​ស្ដីពី​ប្រាសាទ​អង្គរ​វត្ត​នៅ​ខេត្ត​សៀមរាប​។ ប៉ុន្តែ​តិកតុក​នោះ​ ត្រូវ​បាន​ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​មាតិការវីដេអូ​ដ៏​ធំ Tiktok លុបចោល​ ដោយ​សារ​តែ​គណនី​នេះ​បាន​អនុវត្តខុស​គោលការណ៍​របស់​ក្រុមហ៊ុន​ និង​មាន​ការ​ ចូលរួម​ Report ពី​សំណាក់​បងប្អូន​ពលរដ្ឋ​ខ្មែរ​។

បងប្អូន​មួយ​ចំនួន​ធំ​បាន​ដឹង​ហើយ​ថា​ គណនី​តិកតុក​ស្ត្រី​វៀតណាម​ខាង​លើ​បាន​បង្ក​ឱ្យ​បងប្អូន​ខ្មែរ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ ព្រោះ​តែ​ស្ត្រី​រូប​នេះបាន​ស្លៀក​សំលៀក​បំពាក់​បុរាណ​ ចងក្បិនមក​ថត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​ហើយ​យក​ទៅកាត់​តវីដេអូដោយ​ដាក់រូបទង់ជាតិ​ថៃ​ ក៏​ដូច​ជា​សន្លឹក​យ័ន្ត និង​រូប​ព្រះឆាយាល័ក្ខស្តេចថៃ​ រាមាទី៩ និង​១០ ​។ ​អ្នក​វិភាគ​ជា​ច្រើន​យល់​ស្រប​ដូច​គ្នា​ថា​ វីដេអូ​នេះ​មាន​ចេតនា​ញុះញង់​ ​បញ្ឆេះ​កំហឹង​បង្ក​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​នឹង​ប្រទេសជិត​ខាង​កម្ពុជា​ មាន​​ការ​រើស​អើង​និង​ប្រេះ​ឆា​​ចំណង​មិត្តភាព​ថែម​ទៀត​ផង​។

យ៉ាង​ណា​មិញ​ក្រោយគណនី​ក្រុម​របស់​ស្ត្រី​វៀតណាមដែល​មាន​ចំនួន follower រហូត​ដល់​ទៅជាង​ 700K និង​ចំនួន Like ​19.8M នេះ​ត្រូវ​បាន​លុបចេញ​បាត់​ ពួក​គេ​បាន​បង្ហោះ​សារ​ត្អូញត្អែរ​គួរ​ឱ្យ​កំសត់​ ព្រម​ទាំង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​គណនី​ដែល​ត្រូវ​បាន​ TikTok ផ្អាក​ដំណើរ​ការ​ថា​៖ យប់​នេះ​ជា​យប់​មួយ​ដែល​សែន​វែងឆ្ងាយ​ សេដណាស់។

ជាការ​កត់​សម្គាល់​ក្រោយ​ពី​ការ​បង្ហោះ​ខាង​លើ​ មិន​ត្រឹម​តែ​មិន​ទទួល​បាន​ការ​យល់​ចិត្ត​និង​អាណិត​អាសូរ ស្រាប់​តែ​បងប្អូន​អ្នក​លេង​បណ្ដាញសង្គម ពិសេស​អ្នក​ដែល​មិន​ពេញ​ចិត្ត​ចំពោះ​ក្រុម​នាង ដែល​រួម​​មាន​ទាំង​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ បងប្អូន​ខ្មែរ និង​ជនជាតិ​វៀតណាម​ខ្លះ​ទៀត បាន​បញ្ចេញ​មតិ​ឆ្លើយតប​នឹង​សាររបស់​នាង​ថា​ «សូម​អបអរសាទរ​ផង​ណា​​ប្អូន​ស្រី  សូម​ឱ្យ​លុប​បាត់​ទៅ។ សាង​អី​បាន​អូន​នឹង​អូន​ហ្វឿង។ ដោយសារតែប្អូនស្រីម្នាក់ធ្វើឱ្យបងប្អូនយើងមើលមុខគ្នាមិនចំ សមមុខហើយ។ គេគ្រប់គ្នាស្រលាញ់ទឹកដីកម្ពុជា ហេតុអ្វីនាងធ្វើបែបហ្នឹង តើបានអីមកវិញ?​ បានតែគេស្អប់»

ករណី​ក្រុម​ការងារ​នារី​វៀតណាម​នេះ មិន​ត្រឹម​តែ​បងប្អូន​ខ្មែរយើង​នោះ​ឡើយ ដែល​ផ្ទុះកំហឹង​ឆេះដុំ​ចំពោះ​ពួក​នាង​ សូម្បី​តែ​បងប្អូន​ជនជាតិ​វៀតណាម​ ក៏​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​ និង​សកម្មភាព​ ដែល​មាន​ចរិតញុះញង់​បង្ក​ឱ្យ​មិត្ត​ភាព​ទ្វេរភាគី​​ រវាង​ប្រជាជន​កម្ពុជា និង​វៀតណាម​ អាច​កើត​​ការ​ស្អប់​ខ្ពើម​រើសអើង​ជាតិ​សាសន៍ និង​ មាន​ទំនាស់​នឹង​គ្នា​ ខណៈ​ដែល​ប្រជាជន​​ និង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ ​​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​​គ្នា​ជា​យូរ​អង្វែង​ណាស់​មក​ហើយ៕

Share.