អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនទាន់សម្រេចចិត្តថា តើលោក ពូទីន នឹងឈរឈ្មោះសម្រាប់អាណត្តិទី៥ នៅឆ្នាំ២០២៤ ឬយ៉ាងណាទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Iran Front Page នាថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

មន្ត្រីរូបនេះកំពុងធ្វើការអត្ថាធិប្បាយលើរបាយការណ៍របស់សារព័ត៌មានរុស្ស៊ី Kommersant business daily ដែលបាននិយាយថា «ប្រធានាធិបតីអាចឈរឈ្មោះជាបេក្ខជនឯករាជ្យនៅក្នុងខែមីនា ខណៈរហូត​មក​ដល់​ពេល​នេះ គ្មាន​បេក្ខជន​ដ៏​មាន​សក្ដានុពល​ផ្សេង​ទៀត ​បាន​ប្រកាស​ពី​ការដណ្ដើមយកតំណែងជា​ប្រធានាធិបតី​ថ្មីនៅឡើយទេ»។

លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា «លោក ពូទីន មិនទាន់មានការសម្រេចចិត្តលើបញ្ហានេះនៅឡើយទេ» ដោយបន្ថែមថា សេចក្ដីរាយការណ៍របស់សារព័ត៌មាន គ្រាន់តែចង់បានចំណាប់អារម្មណ៍ពីអ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញប៉ុណ្ណោះ»។

នៅពេលត្រូវបានសួរអំពីបេក្ខភាពដ៏មានសក្តានុពល នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាកាលពីខែកញ្ញា មេដឹកនាំរុស្ស៊ីបានឆ្លើយតបថា «គាត់នឹងសម្រេចចិត្ត នៅពេលកាលបរិច្ឆេទនៃការបោះឆ្នោតបន្ទាប់ ត្រូវបានកំណត់»។

នៅក្រោមច្បាប់របស់រុស្ស៊ី ការបោះឆ្នោតប្រធានាធិបតី គួរតែធ្វើឡើងនៅពេលណាមួយនៅពាក់កណ្តាលខែមីនា ប៉ុន្តែក្រុមប្រឹក្សាសហព័ន្ធ – សភាជាន់ខ្ពស់នៃសភារុស្ស៊ី – មិនត្រូវបានរំពឹងថា នឹងប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតពិតប្រាកដរហូតដល់ខែធ្នូទេ។

គួររំលឹកថា លោក វ្ល៉ាឌីមៀ ពូទីន បានជាប់ឆ្នោតជាប្រធានាធិបតីចំនួន៤ដង ដោយកាន់តំណែងនៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ហើយចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ន។ លោក ពូទីន មានសិទ្ធិឈរឈ្មោះ២អាណត្តិទៀត នៅឆ្នាំ២០២៤ និងឆ្នាំ២០៣០ ដោយសារតែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រុស្ស៊ី បន្ទាប់ពីការធ្វើប្រជាមតិនៅឆ្នាំ២០២០។

កាលពីដើមខែតុលា ប្រមុខនៃសាធារណរដ្ឋឆេឆេន របស់រុស្ស៊ី លោក Ramzan Kadyrov បានស្នើឱ្យរំលងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ដោយសារតែជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ខណៈមេដឹកនាំឆេឆេន បានសរសើរការដឹកនាំរបស់លោកពូទីន ហើយបានហៅលោក ពូទីន ថាជាមនុស្សតែម្នាក់គត់ដែលអាចការពារប្រទេសរបស់យើងនៅថ្ងៃនេះ។

យ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានប្រកាសថា ការបោះឆ្នោតនឹងត្រូវធ្វើឡើង តាមច្បាប់ដែលមានស្រាប់។ លោក Peskov បាននិយាយថា លោក ពូទីន ជា «អ្នកនយោបាយឈានមុខគេ» របស់ប្រទេសនេះ ប៉ុន្ដែបេក្ខជនដែលមានសក្ដានុពលផ្សេងទៀតអាចតស៊ូ ដើម្បីប្រកួតប្រជែងជាអ្នកដឹកនាំប្រទេសជាមួយលោក ពូទីន បាន»៕

ប្រភព៖ Iran Front Page

Share.