កំពង់ស្ពឺ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីសម្លាប់មិត្តភក្តិខ្លួន ប្លន់យកម៉ូតូយកទៅលក់ដើម្បីឱ្យថ្លៃបណ្តាការ​។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៧និង ៤០នាទី មានប្រជពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់​ដេកស្លាប់ថ្កាប់មុខ នៅក្នុងទឹកថ្លុកខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរា រ៉ាយ ភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រួចសហការជាមួយនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត បានពិនិត្យសពជនរងគ្រោះ ដោយបញ្ជាក់ថា សពមានស្លាកស្នាមអា.ក.ពីមុខជិតដាច់ ស្នាមចាក់គល់ក១កាំបិត , ឆ្អឹងជំនីរធ្វេង៥កាំបិត,កំភួនដៃឆ្វេង១កាំបិត, ខ្នងដៃឆ្វេង១កាំបិត។ ព្រមទាំងរកឃើញកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ស្រាបៀកម្ពុជា៦កំប៉ុង នៅកន្លែងកើតហេតុ​ផងដែរ។

សពជនរងគ្រោះឈ្មោះណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ លំនៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។

ក្រោយស្រាវជ្រាវ និងសាកសួរពីម្តាយជនរងគ្រោះ ទើបសមត្ថកិច្ចកំណត់អត្តសញ្ញាណជនសង្ស័យបាន ហើយកម្លាំងការិល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលក្រងឧដុង្គម៉ែជ័យ ដេញតាមបង្រ្កាប ជនសង្ស័យដល់ភ្នំពេញ ហើយជនសង្ស័យបាន ជិះរថយន្តឈ្នួល គោលបំណងគេចទៅខេត្តពោធិសាត់មកដល់ចំនុចស្ពានព្រែកក្តាម ផ្លូវជាតិលេខ៥ ទើបកម្លាំងនគរបាលស្រុកពញាឮ តាមឃាត់ខ្លួន។

ជនសង្ស័យមានឈ្មោះ ពេជ្រ រ៉ាវី ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសាភាពថា ខ្លួនពិតជាបានចាក់និងអា.ក. សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវពិតប្រាកដមែន។ រីឯម៉ូតូជនរងគ្រោះ ខ្លួនបានយកទៅលក់នៅភ្នំពេញ តែពុំមានអ្នកទិញ បានទុកចោលនៅផ្សារនាគមាស។

បច្ចុប្បន្ន កម្លាំងជំនាញបានបន្តស្រាវជ្រាវ រកឃើញម៉ូតូ​ជនរងគ្រោះហើយ ដោយជនសង្ស័យបានយកទៅស៊ីគ្រឿង បូមមុខក្រោយ កុងទ័រ ស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាគមាស៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.