អ្នក​ស្រី​ ម៉ៅ សំណាង ម្ចាស់​ស្នាដៃ​ប្រលោម​លោក​ជា​ច្រើន​ ដែល​អ្នក​គាំទ្រ​និយម​ហៅ​ថា​ «អ្នក​និពន្ធ​ទន្សាយ​» បាន​ចេញ​មក​សម្ដែង​ក្ដី​រំភើប​ព្រោះ​តែ​ស្នាដៃ​ចុង​ក្រោយ​របស់​អ្នក​ស្រី​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើស​ពី​ស្នាដៃ​នានា​កន្លង​មក​ មិន​គួរ​​ឱ្យ​ជឿ​។

តាម​រយៈ​ការ​រៀបរាប់​របស់​អ្នក​ស្រី​ ម៉ៅ សំណាង ​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា​ ឆ្នាំ​២០២១ កន្លង​ទៅ​អ្នក​ស្រី​បាន​រៀបរាប់​ពី​ជម្រៅ​ដួង​ចិត្ត​របស់​អ្នក​ស្រី​ យ៉ាង​ដូច្នេះ​ ថា ​៖

«ខ្ញុំមិននឹកស្មានថាស្នាដៃថ្មី នភាល័យដែលខ្ញុំកំពុងកាន់នេះត្រូវបានទទួលការគាំទ្រពីប្រិយមិត្តច្រើនបែបនេះទេ គឺហួសពីការរំពឹងទុករបស់ខ្ញុំ ដោយស្នាដៃនេះទទួលបានការកក់ទុកច្រើនលើសពីស្នាដៃមុនៗដែលខ្ញុំបានចេញផ្សាយទៅទៀត។ ខ្ញុំពិតជាមានក្តីរំភើបនិងរីករាយខ្លាំងណាស់ ដែលទទួលបានការគាំទ្រពីប្រិយមិត្តគ្រប់ទិសទី ហើយនេះគឺជាកម្លាំងជំរុញចិត្តខ្ញុំដើម្បីអាចបន្តសរសេរស្នាដៃថ្មីៗទៀត ទោះបីខ្ញុំសរសេរយឺតពេលខ្លះ មួយថ្ងៃបានត្រឹមមួយសន្លឹកក៏ដោយ។»

តាម​រយៈ​សំណេរ​របស់​អ្នក​និពន្ធ​ជើង​ចាស់​រូប​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ថ្វី​ត្បិត​តែ​អ្នក​ស្រី​មាន​វ័យ​ចំណាស់​ក៏​ពិត​មែន​ តែ​​ស្នាដៃ​និពន្ធ​របស់​អ្នក​ស្រី​​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មិត្ត​អ្នក​អាន​។ ស្នាដៃ​និពន្ធ​របស់​អ្នក​ស្រី​ដែល​ចេញ​ថ្មី​ៗ​ ក្រោយ​ពី​បាត់​មុខ​មួយ​រយៈ​រួម​មាន​៖ ប្រលោមចិត្ត ភាគ ១ និង ភាគ២, សែងសុរិយា, ស្លាបមយូរី, ទន្សាយជានរណា? នភាល័យ​ និង​​មាន​ស្នាដៃ​មួយ​ជា​របស់​កូន​ស្រី​របស់​អ្នក​ស្រី​ កញ្ញា ម៉ៅ ច័ន្ទ​រស្មី​ ក្រោម​ចំណង​ជើង​ថ​ា​ «កំណត់ហេតុពណ៌ស្វាយភាគ ១»៕

Telegram-Troryorng
Share.