ក្រសួងការបរទេសនៅទីក្រុងមូស្គូ បានព្រមានថា មានលទ្ធភាពដែលទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីអាចនឹងត្រូវបានកាត់ផ្តាច់ទាំងស្រុង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ​​​​RT នាថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទំនាក់ទំនង​រវាង​មហាអំណាច​នុយក្លេអ៊ែរ​ទាំង២ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​បន្ទាប់​ពី​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាច្រើន​ឆ្នាំ​របស់​រុស្ស៊ី​ជាមួយ​អ៊ុយក្រែន​ ចាប់តាំងពីដើមឆ្នាំ២០២២ ខណៈវិមានក្រឹមឡាំងបានអះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្រើប្រាស់ទីក្រុងកៀវ ជាប្រូកស៊ី ដើម្បីធ្វើសង្គ្រាមប្រឆាំងទីក្រុងមូស្គូប្រកបដោយប្រសិទ្ធភាព។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដែលប្រារព្ធខួបលើកទី៩០ នៃការស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា «មានហានិភ័យដែលទំនាក់ទំនងទាំងនេះអាចត្រូវបានកាត់ផ្តាច់នៅពេលណាមួយម្តងទៀត»។

ស្របពេលជាមួយគ្នា ក្រសួងបានស្តីបន្ទោសរឿងនេះ ទៅលើគោលនយោបាយគ្មានការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យមានភាពតានតឹងកើនឡើងបន្ថែមទៀត និងលើការខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការចង់ឱ្យទីក្រុងមូស្គូរងការបរាជ័យជាយុទ្ធសាស្ត្រ។

ក្រសួងដដែលបានបន្ថែមថា ដោយបានប្រកាន់យកគោលការណ៍ «Russophobia» សហរដ្ឋអាមេរិកបានកាត់បន្ថយទំនាក់ទំនងទ្វេភាគីរួចជាស្រេចទៅហើយ។

យោងតាមសេចក្តីថ្លែងការណ៍ ឥស្សរជនអាមេរិក បានបញ្ឆោតខ្លួនឯងឱ្យជឿថា អនុត្តរភាពរបស់សហរដ្ឋអាមេរិក គឺជារឿងដាច់ខាត ហើយថាគ្មានប្រទេសណាមួយខ្លាំងដូចខ្លួនទេ។

ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីនៅតែមានក្តីសង្ឃឹមថា មហាអំណាចដែលមាននៅទីក្រុងវ៉ាស៊ីនតោន និងយកគំនិតពីអ្នកកាន់តំណែងមុនសម័យសង្រ្គាមត្រជាក់របស់ពួកគេ ហើយរៀបចំឡើងវិញនូវគោលនយោបាយរបស់ពួកគេចំពោះប្រទេសរុស្ស៊ី ដោយផ្អែកលើការគោរព និងការគិតគូរពីផលប្រយោជន៍គ្នាទៅវិញទៅមក។

កាលពីខែមុន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចង្អុលទៅអត្ថបទមួយរបស់សេដ្ឋវិទូអាមេរិកដ៏លេចធ្លោ Jeffrey Sachs ដែលបានអំពាវនាវឱ្យមានការបន្ធូរបន្ថយនៃអរិភាពថ្មីរបស់អាមេរិក-រុស្ស៊ី។

ក្នុងខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលលោក បៃដិន មិនមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចសន្ទនាដ៏មានអត្ថន័យណាមួយនៅចំណុចនេះទេ៕

ប្រភព៖ RT

Share.