សិល្បៈជាតិ៖ នៅ​ព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មហោស្រព​សិល្បៈ «បុណ្យ​ភូមិ​មាន​ជើង» បានចាប់ផ្តើម​ប្រារព្ធ ពិធី​បើក​របស់ខ្លួន​នៅ​សាល​មហោស្រព​ខេត្តក្រចេះ។

កម្មវិធីប្រកាសបើកនេះមាន​ការចូលរួម និង គាំទ្រ​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​ក្រសួងបរិស្ថាន អភិបាលរង​ខេត្ត យូ​នី​សេ​ហ្វ កម្ពុ​អ៊ែ​រ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ថាប័ន​ពាក់ព័ន្ធ និង ឡេ​ឡេ​ផ្សោត (យុវជន​ស្ម័គ្រចិត្ត) ជាច្រើន​នាក់​យ៉ាង​អា​ធិ​កអាធ​ម​ដើម្បី​រួមគ្នា​អបអរ ទិវា​កុមារ​ពិភពលោក ក៏ដូចជា​សាទរ​ដល់​យុទ្ធនាការ «កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក» ក្រោម​ប្រធានបទ៖ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ» ។ 

«បុណ្យ​ភូមិ​មាន​ជើង» គឺជា​កម្មវិធី​មួយ​ដែល​កើតចេញពី មហោស្រព​សិល្បៈ​បុណ្យ​ភូមិដែល​តែងតែ រៀបចំ​នៅ​រាជធានី​ភ្នំពេញ។ រយ:ពេល១០ឆ្នាំ​នៃ​ការ​ផ្ស​ព្ធ​ផ្សាយ​នូវ​វប្បធម៌  ប្រពៃណី និង​សិល្បៈ​គ្រប់​ទម្រង់​របស់​ខ្មែរ កម្មវិធី​នេះ​គឺ​តែងតែ​ទទួលបាន​ការគាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដូច្នេះហើយ​បុណ្យ​ភូមិ​មាន​ជើង នឹង​បោះជំហាន​ទៅគ្រប់​ខេត្ត​ក្រុង​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ជំហាន​ដំបូង​នេះ បុណ្យ​ភូមិ​មាន​ជើង បានធ្វើ​ដំណើរ​មកកាន់​ខេត្តក្រចេះ ដែលជា​ខេត្ត​ដំបូង​នៃ​ការរៀបចំ​កម្មវិធី​រប​ស់​ខ្លួន។

កញ្ញា រិទ្ធី លំអរ​ពេជ្រ ស្ថាបនិក​នៃ​មហោស្រព​សិល្បៈ បុណ្យ​ភូមិ និង ជា​អ្នកដឹកនាំ​ការរៀបចំ​កម្មវិធី បុណ្យ​ភូមិ​មាន​ជើង បានអោយដឹង​ពី​មូលហេតុ​នៃ​ការបោះ​ជំហាន​នៅតាម​បណ្តា​ខេត្ត​ថា «យើង​ចង់​ចូលរួម​ផ្ស​ព្ធ​ផ្សាយ​ពី​តំបន់​ដែលមាន​ធម្មជាតិ​ស្រស់ស្អាត និង សំបូរ​ទៅដោយ​វប្បធម៌ ដល់​ប្រជាជន​កម្ពុជា​ដែល​គាត់​មិនដែល​បាន​ចាប់អារម្មណ៍។ ជាក់ស្តែង​ដូចជា​ខេត្តក្រចេះ ដែលជា​ខេត្ត​មួយ​ដែលមាន​សត្វ​ផ្សោត​ទឹកសាប ដែល​ចាត់ទុកថា​ជា​សត្វ​កម្រ​មួយ ហើយ​មានតែ​នៅក្នុង​ខេត្តក្រចេះ នៃ​ប្រទេស​កម្ពុជា»។

កញ្ញា​បាន​បន្តទៀតថា៖ «ខេត្តក្រចេះ​គឺជា​ខេត្ត​ដែលជា​ប់​នៅតាម​បណ្តោយ​ទន្លេមេគង្គ ដូច្នេះ​ប្រជាជន​ដែល​រស់​នៅតាម​ប្រាស្រ័យ​ទឹកទន្លេ​សុទ្ធ​តែមាន​វប្បធម៌ និង ប្រពៃណី នៃ​ការរស់នៅ​ដ៏​គួរ​ចាប់អារម្មណ៍ ដូច្នេះ​យើង​ពិតជា​ចង់អោយ​ប្រជាជន​កម្ពុជា​ដាក់​ខេត្តក្រចេះ​នៅក្នុង​បេះដូង​ថា​ជា​តំបន់​មួយ​ដ៏​គួរអោយ​ចាប់អារម្មណ៍​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ»។

កម្មវិធី​បុណ្យ​ភូមិ​មាន​ជើង​ក៏​ទទួលបាន​កិច្ចសហការ​ពី​យូ​នី​សេ​ហ្វ​ក្នុង​គោលបំណង​រួមគ្នា​ដើម្បី​អបអរសាទរ​ទិវា​កុមារ​ពិភពលោក។ ជា​ផ្នែក​មួយ​នៃ​ការចូលរួម​អបអរ​ទិវា​កុមារ​ពិភពលោក បុណ្យ​ភូមិ​មាន​ជើង​បានរៀបចំ​ការហ្វឹកហាត់​ដល់ ឡេ​ឡេ​ផ្សោត (យុវជន​ស្ម័គ្រចិត្ត) ដោយបាន​អញ្ជើញ​វាគ្មិន​កិត្តិយស​ជាច្រើន មក​ផ្តល់​ចំណេះដឹង និង​បទពិសោធ ក្រោម​ប្រធានបទផ្សេងៗដែល​ទាក់ទង​នឹង​អាជីវកម្ម ការធ្វើការងារ​ជា​ក្រុម ការរក​ខ្លួនឯង​មុន​រក​អាហារូបករណ៍។ ជាពិសេស​ទៀត​នោះ! យូ​នី​សេ​ហ្វ និង​បុណ្យ​ភូមិ​មាន​ជើង សហការ​រៀបចំ​សិក្ខាសាលា​ចែក រំលែក​ចំណេះដឹង​លើ​ប្រធានបទ សុខភាព​ផ្លូវចិត្ត អាហារូបត្ថម្ភ ការប្រែប្រួល​អាកាសធាតុ និង​ការអភិរក្ស​បរិស្ថាន ជូន​ដល់​ឡេ​ឡេ​ផ្សោត​ប្រមាណ​ជាង១០០នាក់ និង​បងប្អូន​ដែល​នឹង​មក​ចូលរួម​កម្មវិធី​បុណ្យ​ភូមិ​មាន​ជើង។

សូម​បញ្ចា​ក់ថា «បុណ្យភូមិមានជើង» នៅ​ខេត្តក្រចេះ​នេះ​នឹងធ្វើ​ឡើង​រយ:ពេល​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ដោយមាន​ការរៀបចំ​ក​ម្ម​វិធីពិសេសៗជាច្រើន​ទៅតាម​តំបន់​សំខាន់​នានា​នៅក្នុង​ខេត្តក្រចេះ​ដូចជា 

១/ អន្លង់​ផ្សោត​កាំ​ពី៖ ដែល​បុណ្យ​ភូមិ​មាន​ជើង​ជ្រើសរើស​អន្លង់​ផ្សោត​ព្រោះ​យើង​មាន​គោលបំណង​ក្នុងការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ដ៏​ល្អ​ឯក​មានតែ​មួយគត់​នេះ​ឲ្យ​បាន​ទូលំទូលាយ​ពី​ការពន្យល់​បង្ហាញ​ការថែរក្សា​អភិរក្ស​នូវ​សម្បត្តិ​ធម្មជាតិ​មួយ​នេះ​ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី ឡេ​ឡ​ផ្សោត (ក្រុម​ទេសចរណ៍)។ 

២/ សាល​មហោស្រព​ខេត្តក្រចេះ៖ ដោយបាន​ដាក់​ទីតាំង​នេះ​ដើម្បី​រៀបចំ​កម្មវិធី​ប្រកួត​សមត្ថភាព​របស់​សិស្សានុសិស្ស​ដែលមាន​ការចូលរួម​ពី​បណ្ដា៣វិទ្យាល័យផ្សេងៗគ្នា​ដើម្បី​ប្រកួតប្រជែង​គ្នា​និង​ជាការ​គាំទ្រ​ស្នាដៃ​ទេពកោសល្យ​របស់​ពួកគេ​និង​ជាការ​ជម្រុញ​ទឺ​ក​ចិត្ត​ពួកគេ​ក្នុង​ការចាប់​យកក្ដី​ស្រមៃ​បន្តទៀត។ 

៣/ វត្ត​រកា​កណ្ដាល​ចាស់៖ ជាទី​តាំង​មួយ​ដែល​បានកំណត់​ដើម្បី​មក​បើក​បង្ហាញ​ការសម្ដែង​សិល្បៈ​បែប​ប្រពៃណី ការ​ទស្សនា​ផ្សាយ​ចំណេះដឹង​ផ្នែក​សិល្បៈ​ដោយនៅ​ទីនោះ មានផ្ទះ​សិល្បៈ​ផងដែរ។ លើសពីនេះទៅទៀត​គឺជា​ការបង្ហាញ​ស្មារតី​សាមគ្គីភាព​រួមគ្នា​ដោយមាន​ការមើល​ល្ខោនស្បែក​ធំ រាំ​កម្សាន្ដ និង លេងល្បែង​ប្រជាប្រិយ។ 

៤/ ទីធ្លា​វិមានឯករាជ្យ​និង​មាត់ទន្លេ​ក្រុង​ក្រចេះ៖ ជា​កន្លែង​ដែល​បុណ្យ​ភូមិ​មាន​ជើង​របស់​យើង បាន​នាំយក​នូវ​ភាព​រីករាយ​បន្ថែម​មក​ចែកជូន បងប្អូន​ដោយមាន​ការរៀបចំ​នូវ​ការប្រគុំ​តន្ត្រីសម័យ​ដែលមាន​ការចូលរួម​ពី​សំណាក់​តារាល្បីៗជាច្រើនរូប​នៅវេលា​ម៉ោង៦ល្ងាច​ដល់៩និង៣០នាទី​ល្ងាច ថ្ងៃទី១៩ខែវិច្ឆិកា។

កម្មវិធី​ដ៏​ធំ​សម្បើម​នេះ ប្រព្រឹត្តទៅបាន​ដោយមាន​កិច្ចសហការ​រៀបចំ​ដោយ​យូ​នី​សេ​ហ្វ និង​ជំនួយ​អភិវឌ្ឍន៍​ប្រទេស​អូស្ត្រាលី ខ​ប​ត្ថ​ម្ភ​ដោយ កម្ពុ​អ៊ែ​រ៉ា សហការ​ជាមួយ បារមី គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​រុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយនឹង​ការសហការ​រៀបចំ​ពី​យុវជន​ស្ម័គ្រចិត្ត «ឡេ​ឡេ ផ្សោត» ប្រមាណ​ជាង ១០០នាក់។

សំរាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖ លោក រៀម ចំរើន តួនាទី៖ ឡេ​ឡេ​ផ្សោត ផ្នែក​ទំនាក់ទំនងទូរស័ព្ទ៖ 097 5308 312 Telegram: 081 76 44 80៕

Share.