ទីបំផុត​គណៈកម្មការ​រៀបចំ​​នៃ​ពានរង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម ឆ្នាំ​២០២៣ បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​ហើយ ដោយ​បាន​ទៅ​ក្រុម​ក្រសួង​មហាផ្ទៃ (ខ) ក្រោយ​យក​ឈ្នះ​លើ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​ដោយ​លទ្ធផល ៣សិត​ទល់១​សិត (១៦-២៥​,​២៥-២៣,២៥-២០,២៥-២០)លើ​ទីលាន​វិមាន​ពហុកីឡដ្ឋាន​ជាតិ​រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ពានរង្វាន់​បាល់ទះ​សម្តេច​ក្រឡាហោម ឆ្នាំ​២០២៣ មាន​ក្រុម​ចូលរួម​ចំនួន​២៩​ក្រុម​បែងចែក​ជា​​៨​ពូល​ផ្សេង​គ្នា​មុន​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ និង​បន្ត​ប្រកួត​ជាបន្តបន្ទាប់​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ក្នុង​នាម​ជា​ម្ចាស់​ជើង​ក្រុម​​ក្រសួង​មហាផ្ទៃ (ខ) ទទួល​បាន​ពានរង្វាន់​ចំនួន១ មេដាយ​មាស​ម្នាក់១គ្រឿង អម​ដោយ​ថវិកា​​ចំនួន​៥០លាន​រៀល ស្រប​ពេល​ដែល​ក្រុម​ជើងឯករង​រដ្ឋបាលរាជធានី​ភ្នំពេញ ទទួល​បាន​​មេដាយ​ប្រាក់​ម្នាក់១គ្រឿង អម​ដោយ​ថវិកា​ចំនួន​២០​លាន​រៀល និង​ក្រុម​​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​ឈ្នះ​ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​​​មេដាយ​សំរឹទ្ធ​ម្នាក់​១គ្រឿង អម​ដោយ​ថវិកា​ចំនួន​ ១២​លាន​រៀល។

ជាមួយ​គ្នា​នេះ​ដែរ​គណៈកម្មការ​រៀបចំ​ការប្រកួត​ក៏​មាន​ផ្ដល់​រង្វាន់​​ឯកត្តជន​ដល់​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន​ដែរ ដោយ​មាន​ពានរង្វាន់​ម្នាក់១ អម​ដោយ​ថវិកា ៨០ម៉ឺន​រៀល។

សូម​បញ្ជាក់​ថា​កាល​ពី​រដូវកាល​ឆ្នាំ​២០២២ កន្លង​ទៅ​ជើង​ឯក​ពានរង្វាន់​​បាល់ទះ​សម្តេច​ក្រឡាហោម ជើង​ឯក​បាន​ទៅ​ក្រុម​វិសាខា B ក្រោយ​យក​ឈ្នះ​លើ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​លទ្ធផល ៣សិត​ទល់​២​សិត៕

Share.