ត្បូងឃ្មុំ៖ ប្រជាកសិករខេត្តត្បូងឃ្មុំ ប្រមូលផលស្រូវស្រាលបានជាង១ ពាន់តោន ហើយក្នុងឆ្នាំ២០២៣។​ នេះបើតាមការឱ្យដឹងពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

តាមប្រជាកសិករនៅក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកំពុងតែប្រមូលស្រូវស្រាល បានឱ្យដឹងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា គាត់កំពុងតែប្រមូលផលស្រូវជាបណ្តើរៗហើយ ដោយកសិករខ្លះក៏បានលក់ផលស្រូវជាបណ្តើរៗដែរ ដោយស្រូវផ្ការំដួលលក់បានតម្លៃ ១.៣០០រៀលក្នុង១គីឡូក្រាម។ បើធៀបទៅឆ្នាំទៅ កាលស្រូវលក់មុនដំបូងបានតែ ១.០០០ រៀលក្នុង១គីឡូក្រាម ហើយពេលចុងដៃក្រោយមកស្រូវឡើងថ្លៃលក់បានតម្លៃ ១.២០០រៀល ក្នុង១គីឡូក្រាម ។

ពួកគាត់បានបន្តទៀតថា ស្រូវរបស់គាត់ឆ្នាំនេះមិនសូវអំណោយផលល្អដូចឆ្នាំកន្លងទៅទេ ដោយសារតែស្មៅដុះច្រើនពេក កំចាត់ស្មៅមិនឈ្នះ ធ្វើឲ្យស្រូវមិនសូវបែកគុម្ពទើបបណ្តាលឱ្យផលស្រូវបានតិច។ ជាមួយគ្នាពួកគាត់ក៏សំណូមពរសូមឱ្យក្រុមហ៊ុនលក់ស្រូវពូជ ធ្វើយ៉ាងណាកុំឲ្យពូជស្រូវមានលាយពូជស្មៅស្រង៉ែមកជាមួយស្រូវ ធ្វើឲ្យកសិករយើងពិបាកកំចាត់ខ្លាំងណាស់។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានឱ្យដឹងថា មកដល់ពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កសិករក្នុងខេត្តត្បូងឃ្មុំទាំង ៧ស្រុក/ក្រុង ប្រមូលផលស្រូវស្រាលបានចំនួន ១.៧២៧ តោន ដោយផ្ដល់ទិន្នផលជាមធ្យម៤,៥៣តោន ក្នុងផ្ទៃដីមួយហិកតា៕


អត្ថបទ៖ សាន វីឡែម

Share.