សិល្បៈជាតិ៖ ប៉ុន្មានថ្ងៃនេះ តារាចម្រៀងយ៉េយ៉េ រតនៈ ពិសី រងនូវការវាយប្រហារពីមជ្ឈដ្ឋានសារព័ត៌មាននានា អំពីករណីសមត្ថកិច្ចកោះហៅឱ្យចូលបំភ្លឺ ជុំវិញករណីចេញសែកស្អុយគ្មានសាច់ប្រាក់ បន្ទាប់ពីតារាចម្រៀងរូបនេះធ្លាយរឿងអាស្រូវជំពាក់បំណុលតុងទីនវ័ណ្ឌកចំនួនរាប់ម៉ឺនដុល្លារ។


អ្នកគាំទ្រកញ្ញា រតនៈ ពិសី ដែលមានឈ្មោះពិតថា កែវ ពិសី ពិតជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលផ្ទុះនូវព័ត៌មាននេះឡើង ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់នាង ខណៈនាងមិនធ្លាប់លេចលឺរឿងអាស្រូវជាប់ជំពាក់បំណុលតុងទីនពីមុនមកទេ។
នាពេលថ្មីៗនេះ តារាចម្រៀង រតនៈ ពិសី រងបណ្ដឹងម្ចាស់បំណុល ហើយត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាន បានចេញលិខិតកោះ អញ្ជើញកញ្ញាចំនួន២លើកឱ្យចូលមកបំភ្លឺនៅនាយកដ្ឋាន កាលពីថ្ងៃទី២០ ខែកញ្ញា និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ជុំវិញករណីមិនបំពេញកាតព្វកិច្ច លើឧបករណ៍ដែលជួញដូរបាន (សែកស្អុយ), រំលោភលើទំនុកចិត្ត។ ប៉ុន្តែកញ្ញាបានបញ្ជាក់ថា ខ្លួនក៏ចាញ់បោកកូនតុងទីនដូចគ្នា ហើយអ្នកដែលជំពាក់ប្រាក់កញ្ញារាប់ម៉ឺនដុល្លារ ក៏កំពុងរត់គេចខ្លួនអស់ ទើបជាមូលហេតុទុកឱ្យរូបកញ្ញារ៉ាប់រងសងតែម្នាក់ឯង។
នៅក្នុងវីដេអូ Live នៅលើហ្វេសប៊ុក តារាចម្រៀងស្រីរូបនេះបានសម្រក់ទឹកភ្នែក ហើយពន្យល់មហាជនអំពីដើមចមជាបញ្ហាដែលនាំឱ្យខ្លួនផុងខ្លួនក្នុងបំណុលតុងទីនដល់ទៅរាប់ម៉ឺនដុល្លារដែលមិនទាន់ដោះស្រាយរួចដល់សព្វថ្ងៃនេះ។



រតនៈ ពិសី បានលើកឡើងថា ខ្លួនគឺជាមេតុងទីនម្នាក់ដែលមិនបានគេចវេសពីបញ្ហានោះទេ ប៉ុន្តែខ្លួនសុខចិត្តលក់អស់ទាំងផ្ទះ អស់ទាំងឡាន អស់ទាំងខុនដូ ឬអស់ទាំងរបស់ទ្រព្យមានតម្លៃគ្រប់យ៉ាង ដើម្បីយកមករំដោះ រំលស់បំណុលដែលជាប់ជំពាក់ជាមួយនឹងកូនតុងទីន ។
រតនៈ ពិសី បានលើកឡើងបន្តថា ខ្លួនក៏ជាជនរងគ្រោះម្នាក់ចាញ់បោកកូន តុងទីនហាយ អឿន មូលីកា ដែលកំពុងជាប់ឃុំខ្លួននោះ បានបោកយកប្រាក់រាប់ម៉ឺនដុល្លារដោយមិនដោះស្រាយឱ្យខ្លួនវិញ។ ប៉ុន្តែខ្លួនតែព្យាយាមរាប់រងដោះស្រាយជាមួយកូនបំណុលតែម្នាក់ឯង ដោយមិនចង់ឱ្យបែកខ្ចាយព័ត៌មានដែលនាំឱ្យផ្អើលពេញសង្គម។ រហូតមកទល់ពេលនេះ អ្នកដែលគេចវេសជំពាក់ប្រាក់របស់កញ្ញាហើយមិនសងនោះ គឺមានទាំងតារាល្បីឈ្មោះ អ្នកមានមុខមានមាត់ក្នុងសង្គម ដែលសរុបគឺប្រមាណជិត ៤០ម៉ឺនដុល្លារឯណោះ ដែលទុកឱ្យកញ្ញាជានាក់រាប់រងទទួលសងបំណុលនេះតែម្នាក់ឯង។
តារាចម្រៀង រតនៈ ពិសី បានយំបំភ្លឺពាក់ព័ន្ធជាមួយករណីចេញសែកស្អុយថា ខ្លួនពិតទទួលស្គាល់ថាបានចេញសែកពិតប្រាកដមែន ប៉ុន្តែចាប់តាំងពីថ្ងៃដែលខ្លួនបានចេញសែកនោះ ខ្លួនបានបាញ់លុយទៅម្ចាស់បំណុលជារៀងរាល់ថ្ងៃ និងបានដាក់រថយន្តបញ្ចាំថែមទៀត។ កញ្ញបន្តថា ដោយសារតែពេលនេះ កញ្ញាអស់លទ្ធភាពនឹងសងការប្រាក់ទៅម្ចាស់បំណុលហើយ ព្រោះតែការប្រាក់នោះថ្លៃពេកខ្ពស់ហួសកម្រិត ទើបអង្វរសូមឱ្យមានការយោគយល់។
កញ្ញា រតនៈ ពិសី បានលើកឡើងពីភាពស្អាតស្អំរបស់ខ្លួនថា ខ្លួនមិនមែនជាមេតុងទីនបោកប្រាស់ដូចអ្វីដែលសារព័ត៌មានបានចុះផ្សាយនោះទេ ក៏ប៉ុន្តែខ្លួនក៏ជាជនរងគ្រោះដែលត្រូវកូនតុងទីនបោក និងជាមេតុងទីនដែលមិនគេចវេស ហើយកំពុងតែដោះស្រាយជូនម្ចាស់បំណុលតាមដំណាក់កាល។ កញ្ញា ប្រកាសជំហថា មិនគេចវេសទៅណាឡើយ ហើយសូមស្នើដល់ម្ចាស់បំណុលទាំងអស់ មេត្តាយោគយល់ដល់នាងក្នុងកាលៈទេសៈនេះ និងមិនត្រូវប្ដឹងខ្លួនដើម្បីចង់បានប្រាប់មកវិញម្ដងទាំងអស់ ឬទាំងដុលបែបនេះទេ ប៉ុន្តែគួរមកពិភាក្សាគ្នារកវិធីដោះស្រាយ ដោយត្រូវសងជាដំណាក់កាល គឺបង់ជាខែតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះម្ចាស់បំណុលក៏បានមើលឃើញពីស្ថាភាពជាក់ស្ដែងរបស់ខ្លួននៅពេលនេះដែរ។ ក្នុងករណីដែលមិនមានការយោគយល់ពីម្ចាស់បំណុល រតនៈ ពិសី ក៏ព្រមប្រឈមមុខតាមផ្លូវច្បាស់ដើម្បីដោះស្រាយ ដោយមិនគេចវេសរត់បាត់ស្រមោលនោះឡើយ។
ចុងក្រោយតារាចម្រៀង រតនៈ ពិសី បានអំពាវនាវថា បញ្ហាតុងទីននេះ គឺជាបញ្ហារបស់កញ្ញាតែម្នាក់ ដូច្នោះហើយកញ្ញាសូមចេញមុខដោះស្រាយតែម្នាក់ឯង ដោយមិនឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនឹងកិត្តិយសរបស់ផលិតកម្មនោះទេ និងសូមកុំឱ្យមានការពាក់ព័ន្ធណាមួយដែលហុចផលមិនល្អដល់ផលិតកម្មឱ្យសោះ ព្រោះការកញ្ញាក៏នៅតែបន្តអាជីពសិល្បៈបន្តទៅមុខទៀតដែរ៕
