សិល្បៈជាតិ៖ រយ:ពេល​បី​ថ្ងៃ​នៃ​មហោស្រព​បុណ្យ​ភូមិ​ជើង ដែល​រៀបចំ​កាលពី​ថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងទៅ​មាន មហាជន​ចូលរួម​ប្រមាណ​ជា៤ម៉ឺន​នាក់ ក្នុង​នោះបាន​នាំនូវ​ភ្ញៀវ​ទេសចរជាតិ និង អន្តរជាតិ​ជូន​ខេត្តក្រចេះ ប្រមាណ​ជា១១៤២០ នាក់ នេះ​បើតាម​របាយការណ៍​រប​ស់​ភ្លើង​គប់ និង មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ។

កញ្ញា រិទ្ធី លំអរ​ពេជ្រ​បានបង្ហាញ​ពី​អារម្មណ៍​រីករាយ និង អរគុណ​សំរាប់​វត្តមាន​មហាជន​ដែល​បាន​ចូលរួម​បុណ្យ​ភូមិ​មាន  ជើង​នៅ​ខេត្តក្រចេះ​ព្រោះនេះ​បាន​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​បុណ្យ​ភូមិ​មាន​ជើង ដែល​ចង់អោយ​ប្រជាជន​ខ្មែរ​ចាប់  អារម្មណ៍​ពី​តំបន់​ស្រស់ស្អាត​របស់​ខេត្តក្រចេះ ដែលមាន​តំបន់​ទេសចរណ៍​បែប​ប្រពៃណី តំបន់​ទេសចរណ៍​បែប​ធម្មជាតិ តំបន់​ទេសចរណ៍​បែប​ប្រ​វិត្ត​សាស្ត្រ ដែល​ប្រជាជន​ខ្មែរ​មិនដែល​បាន​ចាប់អារម្មណ៍​ពីមុនមក។

តាមរយ:កម្មវិធី​នេះ គឺ​បាន​ទាក់ទាញ​មនុស្ស​ជាច្រើន អោយ​បានមក​ទស្សនា ផ្សោត​ដោយផ្ទាល់​ភ្នែក ដែលជា​សត្វ​កម្រ​នឹង​មានតែ​នៅក្នុង​ខេត្តក្រចេះ​នៃ​ប្រទេស​កម្ពុជា។ ការ​ទស្សនា ដោយផ្ទាល់​នូវ សត្វ​ផ្សោត​ក្នុង​មហោស្រព​បុណ្យ​ភូមិ​មាន​ជើង​នេះ គឺជា​កត្តា​សំខាន់​ព្រោះ​គាត់​បានឃើញ​ផ្ទាល់ និង បាន​ផ្ស​ព្ធ​ផ្សាយ​លើ បណ្តាញ​សង្គម និង និយាយ​បន្តទៅ​កាន់​ប្រជាជន​ខ្មែរ និង ពិភពលោក។

ក្រៅពី​តំបន់​ទេសចរណ៍ និង សិល្ប: មហោស្រព​បុណ្យ​ភូមិ​មាន​ជើង​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនា​ការណ៍​ផ្ស​ព្ធ​ផ្សាយ ដល់​អ្នកចូលរួម​អោយ​ចេះ​ស្រឡាញ់​បរិស្ថាន កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទីក ដែល​នេះ​ជា​គោលដៅ​សំខាន់​របស់ កម្មវិធី ព្រមទាំង​បាន​ចូលរួម​ជាមួយ​ពិភពលោក ដោយ​កាលពី​រាត្រី​ថ្ងៃទី១៩ វិច្ឆិកា បុណ្យ​ភូមិ​មាន​ជើងបាន​បើកភ្លើង ព័ណ៌​ខៀវ​នៅ​វិមានឯករាជ្យ ដើម្បី​អបអរសាទ​ប្រារព្ធ ទិវា​កុមារ​ពិភពលោក។

សូម​បញ្ចាក់​ថា​រយ:ពេល​បី​ថ្ងៃ​នៃ​ការ​ប្រារព្ធ​មហោស្រព​សិល្ប:បុណ្យ​ភូមិ​មាន​ជើង ភ្លើង​គប់ ឡេ​ឡេ​ផ្សោត និង ស្ថាប័ន​គាំទ្រ​ពាក់ព័ន្ធ​ជាច្រើន​បានបង្ហាញ​នូវ​ទំរង់​សិល្ប:ខ្មែរ​ជាច្រើន​ប្រភេទ ហើយក៏​មានការ​ក្រាលកន្ទេល​មើលល្ខោន នាពេល​រាត្រី ក៏ដូចជា​ការប្រគុំ​តន្ត្រី​ដ៏​ធំ​ដែលមាន​សិល្បករ សិល្បការិនី ល្បីៗនៅក្នុង​ប្រទេស​កម្ពុជា។

បើតាម​ការ​បញ្ចាក់​កញ្ញា​រិទ្ធី លំអរ​ពេជ្រ​ក៏បាន​អោយដឹង​ដែរ​ថា ភ្លើង​គប់​ក៏មាន​គម្រោង​សម្រាប់​បន្តដំណើរ រៀបចំ​បុណ្យ​ភូមិ​មាន​ជើង​នូវ ខេត្ត​ដទៃ​ផងដែរ​ដោយ​នឹងធ្វើ​ប្រកាស​ជា​ផ្លូវការ​ក្នុង​មហោស្រព​សិល្ប: បុណ្យ​ភូមិ​លើក ទី១១ នៅ​ខែមេសា ឆ្នាំ២០២៤ ខាងមុខ។

កម្មវិធី​ដ៏​ធំ​សម្បើម​នេះ រៀបចំ​ដោយ​ភ្លើង​គប់ និង បុណ្យ​ភូមិ រួមជាមួយ​កិច្ចសហការ​រៀបចំ​ដោយ​យូ​នី​សេ​ហ្វ និង​ជំនួយ​អភិវឌ្ឍន៍​ប្រទេស​អូស្ត្រាលី ខ​ប​ត្ថ​ម្ភ​ដោយ កម្ពុ​អ៊ែ​រ៉ា សហការ​ជាមួយ បារមី គាំទ្រ​ដោយ​កម្មវិធី​មូលនិធិ​រុងរឿង ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយនឹង​ការសហការ​រៀបចំ​ពី​យុវជន​ស្ម័គ្រចិត្ត «ឡេ​ឡេ ផ្សោត» ប្រមាណ​ជាង ១០០នាក់៕

Share.