សិល្បៈជាតិ៖ ក្រោយបញ្ចប់ការប្រកួតកម្មវិធី Miss Universe លើកទី ៧២ គេមើលឃើញថា កម្ពុជានៅមិនទាន់អាចទម្លុះទ្វារចូលវគ្គ Top កំពូលណាមួយរបស់កម្មវិធីបាននៅឡើយទេ។ ត្បិតតែដូច្នោះក៏ពិតមែន តែអ្នកគាំទ្រខ្មែរយើងសម្លឹងឃើញថា ជើងខ្លាំងរបស់កម្ពុជានៅមានមួយរូបទៀតដែលអាចផ្ដល់ក្ដីសង្ឃឹមបាន នោះគឺអ្នកនាង ប្រាសាទ ដាវីន។


មួយរយៈចុងក្រោយនេះ គេសង្កេតឃើញអ្នកស្នេហាវិស័យប្រកួតសម្រស់បវរកញ្ញា ទទូចឱ្យអ្នកនាង ប្រាសាទ ដាវីន ចូលរួមប្រកួតប្រកួតនៅក្នុងកម្មវិធី Miss Universe Cambodia នៅឆ្នាំក្រោយ ខណៈដែលកតិកាការប្រកួតក៏មានការកែប្រែគោលការណ៍អនុញ្ញាតឱ្យស្ដ្រីដែលមានស្វាមី ឬមានកូនហើយ ចូលរួមប្រកួតបានដូចស្ត្រីនៅលីវដែរ។
ជាមួយគ្នានោះ ហ្វេសប៊ុកផេក Team Cambodia Pageant បានថ្លែងពីការអំពាវនាវនេះនៅលើបណ្ដាញសង្គមថា ៖ ពីមុនយេីងធ្លាប់គិតថា គាត់លើសអាយុ គាត់មានគ្រួសារហេីយ។ តែឥឡូវ Miss Universe បើកសិទ្ធសេរីហើយ ដូចនេះចង់ឱ្យ Momy ចូលចក្រវាល និងសម្រេចបំណងអ្នកគាំទ្រកម្ពុជាម្ដង Davin Prasath-ប្រាសាទ ដាវីន ។ កុំឈប់ត្រឹមនេះឱ្យសោះ ត្រូវយកឈ្នះចិត្ត MII Miss Universe ឱ្យបាន»។


មតិនេះត្រូវបានអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកស្រឡាញ់ការប្រកួតបវរកញ្ញា នាំគ្នាជួយចូកជួយចែវគាំទ្រឱ្យអ្នកនាង ប្រាសាទ ដាវីន ដាក់ពាក្យចូលរួមប្រកួតនៅឆ្នាំក្រោយ ប៉ុន្តែក៏មានមតិអ្នកលេងបណ្ដាញសង្គមខ្លះទៀតលើកឡើងថា ដោយសារមួយរយៈចុងក្រោយអ្នកនាង ប្រាសាទ ដាវីន បានទិញសិទ្ធដល់ទៅ ២ កម្មវិធីមានការប្រកួតបវរកញ្ញា Miss Environment Cambodia និង កម្មវិធីប្រកួតបុរសឯក Mister Friendship Cambodia មករៀបចំប្រកួតនៅកម្ពុជា នេះហើយក៏ជាមូលហេតុមួយធ្វើឱ្យអ្នកនាងរវល់ច្រើនមិិនអាចដកដៃរួចក៏ថាបាន។
គួររំលឹកដែរថា ក្រោយពេលបង្ហាញមុខយ៉ាងសប់ក្នុងវិស័យសិល្បៈ អ្នកនាង ប្រាសាទ ដាវីន បានជ្រើសរើសការចូលរួមប្រកួតសម្រស់ក្នុងកម្មវិធី Universal Woman 2023 នៅទីក្រុងឌូបៃ ហើយទទួលបានជ័យលាភីលំដាប់រងទី ៤ ។ នេះសបញ្ជាក់ថា អ្នកនាងនៅតែជាជើងខ្លាំងមួយរូបក្នុងវិស័យប្រកួតសម្រស់មិនថាទាំងក្នុងស្រុក ឬលំដាប់អន្តរជាតិនោះទេ គឺអ្នកនាងមានអាវុធទិព្ធនៅក្នុងដៃស្រាប់ទៅហើយ៕



