ព្រះសីហនុ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ធ្វើទស្សនកិច្ចសិក្សា នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីលោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណលោកប្រធាន និងសហការី ដែលបានអញ្ជើញគណៈប្រតិភូក្រសួងអធិការកិច្ចមកបំពេញទស្សនកិច្ចនៅថ្ងៃនេះ ដោយមានការចូលរួមពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុន៤៧ទៀត នៅក្នុងតំបន់នេះ សរុបចំនួន៥៤រូប។

គួរបញ្ជាក់ជាក់ដែរថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) បង្កើតឡើងដោយក្រុមហ៊ុនចិន និងកម្ពុជានៅខែកុម្ភៈ ឆ្នាំ២០០៨ មានទីស្នាក់ការនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្ទៃដីសរុប ១១,១៣ គីឡូម៉ែត្រការ៉េ ត្រូវបានបែងចែកជាពីរតំបន់ឧស្សាហកម្ម ដែលតំបន់ឧស្សាហកម្មទី១ ផលិតដូចជាសម្លៀកបំពាក់ វ៉ាលី ផលិតផលធ្វើពីស្បែក ផលិតផលធ្វើពីឈើនិងតំបន់ឧស្សាហកម្មទី២ ផលិតដូចជាគ្រឿងយន្ត គ្រឿងសង្ហារឹម និងកង់រថយន្ត។ សព្វថ្ងៃនេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានក្រុមហ៊ុនចំនួន១៧៥ ដោយពេលសាងសង់ចប់សព្វគ្រប់ SSEZ គ្រោងនឹងទទួលក្រុមហ៊ុន ចំនួន៣០ ក្រុមហ៊ុន បន្ថែមទៀត ដែលនឹងមានលទ្ធភាពផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរបានចន្លោះពី ៨០.០០០ ទៅ ១០០.០០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនគណៈប្រតិភូអំពីសមិទ្ធផលតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដោយកន្លងមកបានទទួលការគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគ្រប់អង្គភាពពាក់ព័ន្ធ ដោយសម្តេចតេជោ បានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសនេះ ជាទារកដែលសម្តេចបានបង្កើតដោយផ្ទាល់។ ចាប់តាំងពី SSEZ បានកកើតមក រហូតដល់ឆ្នាំ២០២៣នេះ ការនាំចេញ និងនាំចូល សម្រេចបាន ២.៧០០ លានដុល្លារ គឺកើន ៣៣% ស្មើនឹង ៧,៣% នៃទំហំពាណិជ្ជកម្មកម្ពុជាសរុប និងទាក់ទាញបានកម្លាំងពលកម្មប្រមាណជាង ៣០.០០០នាក់។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលចិនចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative “BRI) ដែលឆ្នាំនេះជាខួប ១០ឆ្នាំ ហើយតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលធំៗ ជាច្រើនក្រោមក្របខ័ណ្ឌ BRI មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ព្រមទាំងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ មួយចំនួនទៀតនាពេលខាងមុខ។ ការណ៍នេះស្តែងចេញពីទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ដែលភាគីទាំងពីរបានបញ្ជាក់នូវការបេ្តជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត និងសូមឱ្យក្រុមហ៊ុនទាំងអស់មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការជួយសម្របសម្រួល ផ្តល់កិច្ចសហការ និងលើកទឹកចិត្តគាំទ្រដល់អ្នកវិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ ព្រះសីហនុ

Share.