សិល្បៈ​អន្តរជាតិ៖ តួ​ស្រី Nanno ក្នុង​ភាពយន្ត «Girl from Nowhere» គឺ​នាង Kitty Chicha បាន​លេច​វត្តមាន​យ៉ាង​ភ្ញាក់ផ្អើល​នៅក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អន្តរជាតិ StarS Asian International Film Festival StarS Gala 2023 ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង Los Angeles រដ្ឋ California កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា។

តាមរយៈ​កម្មវិធី​នេះ អ្នកគាំទ្រ​ចាប់អារម្មណ៍​ឃើញ​តារា​ស្រី Kitty Chicha Amatayakul ផ្លាស់ប្ដូរ​រូបរាង​យ៉ាង​គួរឱ្យ​ព្រួយបារម្ភ ដោយ​សភាព​រូបរាងរ​បស់​នាង​មើលទៅ​ស្គមរីងរៃ​ដូច​មនុស្ស​កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ។ អ្នកគាំទ្រ​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​របស់​នាង​ជាង​ខ្លាំង រហូតដល់​គ្រប់គ្នា​សួរដេញដោល​ពី​ស្ថានភាព​សុខភាព​សព្វថ្ងៃ​របស់​នា​ង។

យ៉ាងណាមិញ សារព័ត៌មាន​ថៃ​បានចេញ​ផ្សាយ​ពី​ការពិត​នៃ​ដែលជា​មូលហេតុ​ធ្វើឱ្យ​រាងកាយ​របស់​តួ​ស្រី​រូបនេះ​មាន​សភាព​ស្គម​ស្ដើង​ឱ្យ​អ្នកគាំទ្រ​អស់​ចម្ងល់ នោះ​ក៏​ដោយសារតែ​នាង​ទទួល​ថត​រឿង​ភាគ​ថ្មី​របស់​ផលិតកម្ម​បរទេសមួយ។

ប្រភព​ដដែល​បាន​ទម្លាយ​ថា Kitty Chicha Amatayakul កំពុង​សម្ងំ​ថត​រឿង​ភាគ​ដែលមាន​ចំណងជើង​ថា The Evil Sea ដែល​តម្រូវឱ្យ​នាង​សម្រក​គីឡូ​ឱ្យ​ដូច​តួអង្គ​ដែល​បី​សាច​ដែល​មើលទៅ​មាន​ស្បែក​ដណ្ដប់​ឆ្អឹង​តែប៉ុណ្ណោះ។ ដោយឡែក ដំណឹង​ចុង​ក្រោយនេះ មិនមាន​ការបញ្ជាក់​ឱ្យ​ច្បាស់​នោះទេ​ថា តួ​ស្រី Nanno នៅក្នុង​រឿង​ភាគ​ថ្មី​នេះ សម្រក​ទម្ងន់​អស់​ប៉ុ​នា្ម​ន​គីឡូ​ឱ្យ​ប្រាកដ។  

សូមជម្រាបថា រឿង​ភាគ​ថ្មី The Evil Sea ជា​ប្រភេទ​រឿង​ភាគ​បែប​រន្ធត់ ដែល​ត្រូវបាន​ផលិត​ដោយ​ផលិតករ​ចិន​អាមេរិក Peter Luo ដែលជា​ផលិតករ​មាន​មូលដ្ឋាន​នៅ Beverly Hills រដ្ឋ California និង​ដឹកនាំ​រឿង​ដោយ​លោក Frank Shang  ដោយ​ប្រមូល​តារាល្បីៗពី​ប្រទេស​ចិន និង​ថៃ មក​ចូលរួម​សម្ដែង៕

Share.