ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពចូលលួចម៉ូតូដល់ក្នុងផ្ទះ កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យមានឈ្មោះ ហួន ចាន់នា អាយុ ២០ ឆ្នាំមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ ភេទ សុភ័ក្រ្ត អាយុ ២២ឆ្នាំមុខរបរជាជាងកញ្ចក់ស្នាក់នៅកន្លែងកើតហេតុ។

បើតាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកធូរដេរ ពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ 1BZ-1404 នៅក្នុងសិប្បកម្មធ្វើកញ្ចក់ ដោយមិនបានដកសោចេញទេ ពេលនោះក៏មានជនសង្ស័យខាងលើបានចូលទៅអូសម៉ូតូចេញ ហេីយឡេីងជិះបំណងគេចខ្លួន តែក៏ត្រូវបានអ្នកជិតខាងឃើញក៏ស្រែកផ្អើលឆោឡោ ចាប់បានរួចស្វាគមន៍មួយដៃមួយជើង បណ្តាលឱ្យជនសង្ស័យបែកមុខបែកមាត់ គាប់ជួនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោជិះម៉ូតូល្បាតមកដល់ ក៏បានចុះទៅជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសួរនាំនៅប៉ុស្ត៍នគរបាលរដ្ឋបាលដង្កោតែម្តងទៅ។

បន្ទាប់ពីឃាំត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការតាមមតិវិធីច្បាប់៕

អត្ថបទ៖ សេង សាវី​

Share.