សិល្បៈជាតិ៖ ក្រោយការ​ប្រកួត​យ៉ាងស្វិតស្វាញ​អស់​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​ ទីបំផុត​កម្មវិធី​កម្រិត​ពិភពលោក Cambodia’s Got Talent រដូវកាល​ទី​៣ កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា បាន​ស្វែង​រក​ឃើញ​​ជើង​ឯក​ដែល​បាន​បង្កើត​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រថ្មីលើ​ឆាក​ប្រកួត​ដ៏ធំ​និង​អស្ចារ្យ​ ​ក្លាយ​​ជា​ម្ចាស់​ជ័យលាភី​​ ​នៅ​ក្នុង​ឆ្នាំ​២០២៣​ នេះ​ហើយ​ ដោយ​បាន​ទៅ​លើ​ក្រុម​រាំ​ ​ដែល​មាន​សមាជិក​៩រូប​ គឺ​ MJM។ យ៉ាង​ណា​មិញ​ជោគជ័យ​របស់​ក្រុម​នេះ​មាន​ទាំងអ្នក​​អបអរសាទរ ស្ញើច​សរសើរ​ចំពោះ​ទេពកោសល្យ​ពួក​គេ​ និង​មាន​ទាំង​អ្នក​​រិះគន់​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នេះ​។

ប្រាកដ​ណាស់​បេក្ខជន​នីមួយ​ៗ​ មួយ​ក្រុម​ៗ​ តែងតែ​មាន​ហ្វេន​និង​អ្នក​គាំទ្រ​រៀងៗ​ខ្លួន​ ដូច្នេះ​ហើយ​សម្រាប់​អ្នក​គាំទ្រ​ MJM ច្បាស់​ជាស​ប្បាយ​ចិត្ត​ ចំណែក​បេក្ខជន​ដែល​មិន​បាន​ទទួល​ជ័យលាភី​ប្រាកដ​ជា​អន់​ចិត្ត​ ដែល​​រឿង​នេះរមែង​កើត​មាន​ឡើង​គ្រប់​ការ​ប្រកួត​ដោយ​ចៀសមិន​រួច​។ អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​អ្នក​គាំទ្រ​របស់​បេក្ខជន ឌួង សុវណ្ណារិទ្ធ វ័យ​១៣​ឆ្នាំ​ ដែល​ជា​កុមារា​មាន​សមត្ថភាពចងចាំ​អច្ឆរិយៈ បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ និង​មិន​អន់ចិត្ត​ ដែល​ប្អូន​មិន​អាច​ទទួល​បាន​ជោគជ័យ​ក្លាយ​ជា​ម្ចាស់​ពាន​នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​រដូវ​កាល​ទី​៣​នេះ​។

ក្នុង​នោះ​អ្នក​គាំទ្រ​បាន​បញ្ចេញ​មតិ​ចចំពោះ​ករណី​ខាង​លើ​នេះ​ថា​៖ «រាំចុះរាំ​ឡើង​ក្លាយ​ជា​ជ័យលាភី Got’s Talent សម្រាប់​ខ្ញុំ​គិត​ថា​ ធម្មតា អ្នក​ណា​ក៏​ធ្វើ​បាន​ តែ​សម្រាប់​ក្មួយ​ប្រុស​ដែល​មាន​ការ​ចងចាំ​ដែល​មិន​ងាយ​មាន​អ្នកណា​ធ្វើ​ដូច​បែរជា​គ្មាន​សមត្ថភាព​សម្រាប់​ឈ្នះ​ជ័យលាភី​ទៅវិញ​។ តើ Got Talent មាន​ន័យ​ដូចម្ដេច?

បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ដូច​បាន​រៀបរាប់​នេះ​ មាន​អ្នក​ដែល​សោកស្ដាយ​សមត្ថភាព​របស់​ កុមារា ឌួង សុវណ្ណារិទ្ធ ជា​ច្រើន​រូប​បាន​បង្ហាញ​ការ​យល់​ឃើញ​គាំទ្រ​ទាំងស្រុង​ទៅ​លើ​ការ​បញ្ចេញ​ជា​មតិ​​មួយ​នេះ​ សូម្បី​តែ​លោក​ ឌួង វុទ្ធី ឬ​មាន​គណនី​ហ្វេសប៊ុក​ថា Vothy Doung Mbs ក៏​បាន​ចេញមក​សម្ដែង​​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ ជាមួយ​នឹង​សំណេរ​ខ្លី​តែ​​មាន​បង្កប់​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ​ថា​៖ «កូននៅក្មេងណាស់ គេមិនអាចជឿកូនទេ! នេះហើយសង្គមរបស់កូន! នេះហើយជាប្រទេសរបស់កូន!»។ ដែល​ការ​លើក​ឡើង​របស់​លោកនេះ​ បង្កើត​ឱ្យ​មាន​មតិ​ចម្រូងចម្រាស​ ក៏​ដូច​ជា​ការ​វែកញែក​ផ្សេងៗ​ពី​គ្នា​ ដោយ​មាន​​ទាំង​អ្នក​គាំទ្រ និង​អ្នក​មិន​គាំទ្រ​។

ចំពោះ​អ្នក​គាំទ្រ​បាន​លើក​ឡើង​ថា​៖ «ខ្ញុំ​សោកស្ដាយ​ខ្លាំងណាស់​ ខ្ញុំ​មាន​សង្ឃឹមថា​សុវណ្ណារិទ្ធ នឹង​ជាប់​តែ​បែរជាក្រុម​រាំ​ឯណាវិញ​ខឹង​ដេក​អត់​លក់​ម៉ង​»។ ប្រកាច់ចុះប្រកាច់ឡើងពេញឆាកបានលើកពាន សែនអាណិតប្អូនប្រុស ឌួង សុវណ្ណារិទ្ធណាស់ ទាំងឆ្លាត ទាំងពូកែ បែកជាមិនទទួលបានលទ្ធផលល្អ សួរថា តើមានក្មេងដូចជាគាត់ប៉ុន្មាននាក់ ដែលមានការចងចាំល្អដូចជាគាត់ ស្រុកខ្មែរយើង ខ្ញុំហ៊ាននិយាយថា គ្មានការអោយតម្លៃចំពោះការសិក្សាទេ បើប្រទេសជិតខាងវិញ សឹងតែរាជរដ្ធាភិបាលរបស់គេយកទៅរក្សានឹងទំណុកបំរុងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះជាធនធានកំរ ដែលមនុស្សជាច្រើនមិនអាចធ្វើបាន។

ដោយឡែក​អ្នក​ដែល​មិនគាំទ្រការ​លើក​ឡើង​របស់​ឪពុក​បេក្ខជន​ ឌួង សុវណ្ណារិទ្ធ ​បាន​លើក​ជា​ហេតុផល​មក​បញ្ជាក់​ដែរ​ថា​៖ «ការរាំអ្នកណាក៏ចេះ តែបើធ្វើអោយ Professional នឹងមានការឆ្នៃប្រឌិតខ្ញុំគិតថាមានតិចណាស់នៅកម្ពុជាព្រោះវាមិនមែនជាការងាយស្រួលនោះទេ។ ខ្ញុំទទួលស្គាល់ថាប្អូនប្រុសនោះគាត់ពិតជាមានTalented លើការចងចាំខ្លាំងពិតមែន តែខ្ញុំបកមកនិយាយពីការរាំវិញថាទាមទារបែបមិចខ្លះ៖
-ការរាំត្រូវមានការអត់ធ្មត់ខ្លាំង
-ត្រូវការការចងចាំខ្ពស់
-ត្រូវចេះស្តាប់ចង្វាក់ភ្លេងអោយច្បាស់(មិនមែនចេះតែលើកដៃលើកជើងទេ)
-ត្រូវការប្រើអារម្មណ៍នឹងខួរក្បាលមកបំបែកក្បាច់រាំនឹងរៀបចំកាឡាអោយត្រូវគ្នា
-ទាមទារការឆ្នៃប្រឌិតខ្ពស់ទើបការងារនឹងកាន់តែ Professional
-ប្រើកំលាំងនឹងខួរក្បាលបូកបញ្ចូលគ្នាទើបអាចរាំបាន(ភ្នែក ត្រចៀក នឹងខួរក្បាលត្រូវរហ័សរហួន ទើបអាចបត់បែនតាមស្ថានការកើតឡើង)
ទាំងនេះជាបទពិសោធន៍របស់ខ្ញុំរយះពេល10ឆ្នាំជាងនៅលើវិស័យសិល្បះរាំមួយនេះ ( ហើយបើអ្នករាំរបាំបុរាណទៀតគឺកាន់តែពិបាកជាងពួកខ្ញុំទៀតព្រោះពួកគាត់ត្រូវការប្រើពេលហាត់រៀនយូរណាស់ទើបរាំបានស្អាត)
មួយវិញទៀតស្រុកខ្ញុំពិតជាមិនអោយតំលៃលើការងារមួយនេះពិតមែន 😌🥹ចាត់ទុកថាខ្ញុំសំណាងក៏បានដែលបានធ្វើការជាមួយមនុស្សស្គាល់ពីការលំបាកនឹងអោយតំលៃខ្លាំងលើការងារពួកខ្ញុំ🙏🏻»។

គួរដឹង​ថា​កុមារា ឌួង សុវណ្ណារិទ្ធ គឺជា​​មនុស្ស​មាន​សមត្ថភាព​ចងចាំ​អច្ឆរិយៈ​ដែល​អាច​ចងចាំ​តួ​លេខ​បាន​យ៉ាង​ច្បាស់​ល្អ បើ​ទោះ​បី​ជា​ត្រូវ​គេ​សួរ​បន្លប់​យ៉ាង​ណា​ក៏​គេ​នៅ​តែ​អាច​ឆ្លើយ​​តប​​បាន​យ៉ាង​ត្រឹមត្រូវ​ឥតខ្ចោះ​។ កុមារា​វ័យ​ត្រឹម​១៣​ឆ្នាំ​រូប​នេះ​ គឺជា​បេក្ខជន​ដ៏​លេចធ្លោ​មួយ​រូប​នៃ​កម្មវិធី​ Cambodia’s Got Talent រដូវកាល​ទី៣ ដែល​អាច​​ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ជយលាភី​ជាមួយ​ជើង​ខ្លាំង​​ផ្សេង​ទៀត​ ទោះជា​មិន​ទទួល​បាន​ពាន​ក្ដី៕

Share.