សិល្បៈជាតិ៖ ថ្មីៗនេះ តារាចម្រៀង​ប្រុស យ៉ែម សំ​អូន ស្រាប់តែ​ចេញមក​ហែក​ស្រោម​មុខ​អ្នកនាង ម៉េង កែវ​ពេ​ជ្ជ​ចិន្ដា ឱ្យ​មហាជន​បានដឹង​ការពិត​ថា លោក បានចាត់ទុក​អ្នកនាង ម៉េង កែវពេជ្ជតា ជា​គ្រូ​លាក់​មុខ​ម្នាក់​នៅក្នុង​ដួងចិត្ត។

នៅក្នុង​សំណេរ​ដ៏​មានន័យ​របស់លោក យ៉ែម សំ​អូន បាន​រៀបរាប់​ឱ្យដឹងថា កំពូល​តារាចម្រៀង​ជើង ចាស់​អ្នកនាង ម៉េង កែវពេជ្ជតា ជា​អ្នកមានគុណ​ធ្លាប់ជួយ​ជ្រោមជ្រែង​ឲ្យ​លោក​ជោគជ័យ និង​ទទួលបានផ្លែ​ផ្កា​មកដល់​សព្វថ្ងៃនេះ។

ផ្អែក​តាម​ការ​បង្ហោះ​រប​ស់លោក​តារាចម្រៀង​លោក យ៉ែម សំ​អូន បាន​រៀបរាប់​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នោះ៖ «My only one idol គាត់ ជា​គ្រូ​លាក់​មុខ​របស់ខ្ញុំ ដែល​កំពូល​សមត្ថភាព​របស់គាត់​ធ្វើ​ឱ្យខ្ញុំ​រៀន​តាម និង​ទទួលបាន​ផ្លែផ្កា​ជោគជ័យ​មកដល់​រាល់ថ្ងៃនេះ ខ្ញុំ​សូម​គោរព​តបស្នង​គុណ​របស់​រៀមច្បង ដោយ​ការថែរក្សា កេរ្តិ៍​តម្លៃ ដ៏​ថ្លៃថ្លា មិនអាច​កាត់ថ្លៃ​បាន​នេះ​រហូត»។

យ៉ាងណាមិញ គេ​នៅ​ចាំបាន​ថា នៅក្នុង​ព្រឹត្តិការណ៍​វេទិកា​មហោស្រព​ប្រឡង​ចម្រៀង​សកល កាលពី​ឆ្នាំ២០១៩ លោក យ៉ែម សំ​អូន បាន​ច្រៀង​ឆ្លងឆ្លើយ​ម្នាក់​មួយ​បទ​ជាមួយ អ្នកនាង ម៉េង កែវ​ពេ​ជ្ជ​ចិន្តា នូវ​បទ «ថ្នម» របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត គឺ​ទទួល​បានការ​កោត​ស​សើរ​ពី​សំណាក់​មហាជន​ទាំង​ក្នុងប្រទេស និង​អន្តរជាតិ ដោយ​ពួកគេ​លើកឡើង​ពី​ការសម្ដែង​មាន​ភាពល្អ​ឥតខ្ចោះ ហើយ​សំនៀង​ទៀតសោត​ក៏​ស្រទន់​ពីរោះ​រណ្ដំ​ចិត្ត និង​ជាពិសេស​តិច​និក​ក្នុង​ច្រៀង​ដោយមាន​បច្ចេក​ខ្ពស់​ដែល​កម្រ​ឃើញ​សិល្បករ​ជំនាន់​ក្រោយ​មាន​សមត្ថភាព​ពិសេស​នេះ​ដូច។  

ពិតមែន​ហើយ រាជិនី​សំឡេង​ផ្អែម ម៉េង កែវពេជ្ជតា ត្រូវបាន​មហាជន និង​អ្នកសិល្បៈ​ចាត់ទុកថា ជា​រៀមច្បង​ផ្នែក​សិល្បៈ​ចម្រៀង​មួយរូប​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​ពេញ​ខ្លួន។ ហើយ​អ្នកនាង​ក៏​ជា​តារាចម្រៀង​ស្រី​ដែល​នាំមុខគេ ក្នុង​ការចេញ​បទ​ចម្រៀង​ជាច្រើន​អាល់​ប៊ុ​ម​ដែល​សុទ្ធសឹងតែ​ជា​បទល្បីៗប្រចាំ​ប្រទេស។ ក្រៅពីនោះ អ្នកនាង​ក៏ត្រូវ​បាន​អន្តរជាតិ​ទទួលស្គាល់ថា ជា​តារាចម្រៀង​ស្រី​ប្រចាំ​ប្រទេស​កម្ពុជា​ដែលមាន​ឈ្មោះ​បោះ​សំឡេង។

ចំពោះ​តារាចម្រៀង​ប្រុស លោក យ៉ែម សំ​អូន វិញ ក៏ត្រូវ​បាន​មហាជន​ចាត់ទុកថា ជា​តារា​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ដែល​ជោគជ័យ​ទាំង​ការងារ​សិល្បៈ និង​មុខ​ជំនួញ។ ក្រៅពី​បម្រើ​អារម្មណ៍​មហាជន​ដោយ​សំនៀង​ដ៏​ផ្អែម​មុត​ហើយ​នោះ លោក យ៉ែម សំ​អូន ក៏មាន​ក្រុមហ៊ុន​តន្ត្រីសម័យ Dara Entertainment ដែល​ផ្ដល់​សេវាកម្ម​ផ្នែក​តន្ត្រី និង​អ្នកចម្រៀង ជូន​មហាជន​នៅតាម​បណ្ដា​កម្មវិធីផ្សេងៗ គ្រប់​ទីកន្លែង​ផងដែរ៕

Share.