សិល្បៈជាតិ៖ នាពេលថ្មីៗនេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម បាន​កោះហៅ​ក្រុម​តន្ត្រី​កុសល់​ប្រ​ម៉ូត​ន្ត្រី មក​ធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​ពាក្យពេចន៍​អសីលធម៌ ដែល​ប៉ះពាល់​ប្រពៃណី​វប្បធម៌ និង​សីលធម៌​សង្គម។

យ៉ាងណាមិញ​គេ​បានដឹងថា ក្រុម​តន្ត្រី​កុសល់​ប្រ​ម៉ូត​ន្ត្រី គឺមាន​លោក កាយ កុសល ជា​អ្នកដឹកនាំ​ក្រុម និង​ជា​ម្ចាស់​ផេ​ក កុសល់​ប្រ​ម៉ូត​តន្ត្រី ដែល​បាន​បង្ហោះ​វីដេអូ​ក្រុម​ចម្រៀង​នារី​អក​កា​ដង់ ដែល​បាន​ច្រៀង​ឡើង​នូវ​ពាក្យអសុរស​ចំអេសចំអាស​រំលេច​កេរ​ភេទស្ត្រីចំៗនៅលើ​ឆាក រហូត​ធ្វើឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្ដាញ​សង្គម។

ដោយឡែក ការ​បង្ហោះ​មាតិកា​បែបនេះ ម្ចាស់​ផេ​ក​ផ្ទាល់​ក៏បាន​អះអាង​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា នៅពេលដែល​ក្រុម​ចម្រៀង​ពួកគាត់​ច្រៀង​មិនល្អ​បែបនេះ គឺមាន​អ្នក​ស៊ែ​ច្រើនណាស់ តែ​ពេលដែល​ក្រុម​គាត់​កែ​អោយ​ត្រូវ​វិញ​បែរជា​គ្មាន​សន្ទុះ​ស៊ែ។ នេះ​ស​បញ្ជាក់ថា មាតិកា​ច្រៀង​បែប​ចំអេសចំអាស​ដែល​ក្រុម​កុសល់​ប្រ​ម៉ូត​ន្ត្រី បាន​ព្យាយាម​បង្កើតឡើង​នាពេល​កន្លង ក្នុង​គោលបំណង​ស្រូប​ទាញ​អ្នកលេង​បណ្ដាញ​សង្គម​ឱ្យចូល​មើល ដើម្បីឱ្យ​ក្រុម​ចម្រៀង​របស់ខ្លួន​បាន​ល្បី ប៉ុន្តែ​ផ្ទុយទៅវិញ​អ្នកលេង​បណ្ដាញ​សង្គម​បែរជា​ចាប់អារម្មណ៍​ថា ការផលិត​មាតិកា​ដែល​ខ្វះ​ការគិតគូ​ដិតដល់​បែបនេះ គឺ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ និង​សង្គមជាតិ​ទាំងមូល។

គួរ​ដឹងថា ក្រោយ​មានការ​កោះហៅ​ពី​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​កំពង់ ក្រុម​តន្ត្រី​កុសល់​ប្រ​ម៉ូត​ន្ត្រី បានធ្វើ​ចំណារ​លិខិត​កិច្ចសន្យា ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នោះ ៖ «ខ្ញុំបាទ​ឈ្មោះ កាយ កុសល ភេទ​ប្រុស អាយុ ៣៥ ដែលជា​ម្ចាស់ Page កុសល់​ប្រ​ម៉ូត​តន្ត្រី។ សូម​គោរព​ជូន​លោក​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម ខ្ញុំបាទ​សូម​ធ្វើការ​សន្យាថា នឹង​ឈប់​ផុស​មាតិកា រូបភាព ឬ វីដេអូ និង​ច្រៀង​ដែលមាន​បា​រ៉ូ​ល​អសុរ​ស ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​វប្បធម៌​ជាតិខ្មែរ​ដ៏​ផូរផង់ ក៏ដូចជា កាយវិការ​ណាមួយ​ដែល​មិន​សមរម្យ​ទៅក្នុង​បណ្ដាញ​សង្គម​ដូចជា Facebook Youtube TikTok ជាដើម ល។ ប្រសិនបើ​ខ្ញុំបាទ​មិន​គោរព​កិច្ចសន្យា​នេះ​ទេ ខ្ញុំបាទ​សូម​ទទួលខុសត្រូវ​មុខ​ច្បាប់​ជា​ធរមាន»៕

Share.