សិល្បៈជាតិ៖ ប្រជាជន​ខ្មែរ​មាន​វប្បធម៌​ប្រើប្រាស់​ទូក​តាំង​ពី​យូរ​ណាស់​មក​ហើយ។ មកទល់​នឹង​បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​ទូក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​សារៈ​សំខាន់​សម្រាប់​បម្រើ​ដល់​នេសាទ និង​ធ្វើ​ដំណើរ​របស់​អ្នក​ស្រុក​នៅ​តាម​មាត់​ស្ទឹង ទន្លេ ឬ​អ្នក​ភូមិ​បណ្ដែត​ទឹក ពិសេស​អាច​យក​ទៅ​ចូល​រួម​ប្រណាំង​លេង​កម្សាន្ត​ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​ប្រណាំង​ទូក​ផង​ដែរ។

ពី​ដើមទូក«ង» គឺ​ជា​ប្រភេទ​ទូក​ចម្បាំង​ទ័ព​ជើង​ទឹក​របស់​ខ្មែរ​ សម្រាប់​ការពារ​បូរណ​ភាព​ទឹក​ដី ដែល​រៀប​ចំឡើង​យ៉ាង​ជំនាញ និង​មាន​ក្រឹត្យ​ក្រម​ត្រឹម​ត្រូវ​បំផុត។ ការណ៍​ដែល​គេ​ហ៊ាន​និយាយ​បែប​នេះ ក៏​ព្រោះ​តែ​គេ​សម្អាង​ទៅ​លើ​ចម្លាក់​ទូក​ចម្បាំង​នេះ នៅ​លើ​ប្រាសាទ​បាយ័ន​ ដែល​បង្ហាញ​ពី​ភាព​អង់​អាច​ក្លាហាន​របស់​កង​ទ័ព​ជើង​ទឹក​ខ្មែរ។ ក៏​ប៉ុន្ដែ នៅ​ពេល​បច្ចុប្បន្ន ទូក«ង» បាន​ក្លាយ​ជា​ទូក​ដ៏​មាន​ប្រជា​ប្រិយ​ភាព​បំផុត​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ពិសេស​នៅ​ក្នុង​ព្រះរាជ​ពិធី​ប្រណាំង​ទូក។

នៅក្នុងជំនឿខ្មែរ ​មនុស្ស​ម្នារតែង​និយាយ​ថា បើ​​​​ចង់​ឱ្យ​ទូក​លឿន និង​មាន​ជ័យ​ជម្នះក្នុង​​ការ​ប្រណាំង គឺ​​ផ្អែក​​ទៅ​​លើ​​ការ​​ដាក់​​គោរម​ងារ​ ទូក«ង» ដែល​គេ​ជឿ​ជាក់​លើ​គោល​គំនិត​និយម​មួយ​នេះ ដោយ​ផ្សារ​ភ្ជាប់​នឹង​ទស្សនៈ និង​​ជំនឿ​លើ​អ្វី​មួយ​​ដែល​​គេ​​ជឿ។ ជំនឿ​ដាក់​ឈ្មោះ​ទូកនេះ គឺ​ដោយ​សារ​តែ​គេ​យល់​ថា ទូក«ង» ជា​វត្ថុ​ដ៏​ពិសិដ្ឋ​ដែល​មាន​ព្រលឹង ឬ​បារមី​កាន់។ ហេតុ​តែ​អត្ថន័យ​នៃ​ជំនឿ​លើ​វិញ្ញាណ​នេះ​ហើយ ទើប​ប្រជាជន​ខ្មែរ​ថែ​រក្សា​តម្កល់​ទូក​ទុក​ដោយ​ប្រយ័ត្ន និង​ត្រឹម​ត្រូវ​បំផុត​ក្នុង​បរិវេណ​វត្ត​ ហើយ​នៅ​ពេល​ចូល​រួម​ប្រណាំង​ម្តងៗ គេ​ត្រូវ​ធ្វើ​ពិធី​ក្រុង​ពាលី​ដាក់​ទូក​ចុះ​លើ​ទឹក ដើម្បី​ឱ្យ​ទូក​រឹតតែ​មាន​កម្លាំង​ខ្លាំង​ទៅ​តាម​បារមី​នោះ។

គេនៅចាំបានថា កម្ពុជាធ្លាប់សាងទូក«ង» ដែលវែងជាងគេដើម្បី​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​នេះ នៅអំឡុងឆ្នាំ ២០១៨ ដោយប្រើរយៈពេល ៦ ខែក្នុងការសាងសង់ ដោយមាន​ការជួយជ្រោមជ្រែង​ពី​អភិបាលខេត្ត មន្ត្រីរាជការ យុវជន និស្សិត និង​ប្រជាពលរដ្ឋ​។

ទូក​«​ង​» ​នេះ​ត្រូវបាន​ប្រ​សិ​ទិ្ធ​នាម​ថា «​ក​ម្ភោ​ជិ​ក​បុត្តា​ខេមរា​តរី​» មានន័យថា ទូក​«​ង​»​របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា​» ហើយ​ទូក​នេះ​ធ្វើ​អំពី​ឈើ​គគី​ម្សៅ មាន​បណ្តោយ​៨៧,៣​ម៉ែត្រ និង​ទទឹង​ប្រវែង​១,៩៤​ម៉ែត្រ និង​អាច​ផ្ទុក​មនុស្ស​ចំនួន​១៧៩​នាក់​។​ ការកសាងទូកងនេះនៅក្នុងបរិបថសង្គមខ្មែរ គឺមានគោលបំណងសំខាន់ៗចំនួន ៤ ដូចជា៖

ទី១ ដើម្បីរំឭកនឹកគុណដល់ប្រវត្តិសាស្ត្រទូកងដែលត្រូវបានប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរ ជំនាន់ដើម ក្នុងបុព្វហេតុការការពារជាតិមាតុភូមិ ពើគឺដើម្បីរំលឹក និងចងចាំពីគុណបំណាច់របស់បុព្វ បុរសខ្លួន ដែលបានរំដោះទឹកដីឱ្យរួចពីការត្រួតត្រារបស់ខ្មាំងសត្រូវ ក៏ដូចជាដើម្បីសំដែងមនោសញ្ចេតនា ដឹងគុណចំពោះ ទន្លេមេគង្គនិងទន្លេសាប ដែលបាននាំដីល្បាប់មកស្រោយស្រពដល់ទឹកដីកម្ពុជា។

ទី២ ដើម្បីលើកកិត្យានុភាពជាតិដោយបង្ហាញពិភពលោកថា កម្ពុជាបានបង្កើតស្នាដៃដ៏អស្ចារ្យ

ទី៣ ដើម្បីជំរុញ ទឹកចិត្តស្នេហាជាតិសាមគ្គីភាពរបស់យុវជន និងមនុស្សជំនាន់ក្រោយ

ទី៤ ជួយលើកស្ទួយដល់សេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរផងដែរ៕

Share.