សិល្បៈជាតិ៖ ពិធីបុណ្យ​អុំទូក គឺជា​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​ដែល​ខុសប្លែក​ពី​ពិធីបុណ្យ​នានា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ ច្រើន​ធ្វើដំណើរ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ភូមិ​ស្រុក ឬ​តំបន់​កម្សាន្តនានា រីឯ​ពិធី​នេះ​គឺ​ប្រជា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាននាំគ្នា​ធ្វើដំណើរ​មកពី​ខេត្ត​នានា មក​ទស្សនា​ការប្រណាំង​ទូក​នៅ​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។  

ពិធី​នេះ​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​តាំងពី​សម័យបុរាណ​មកម្ល៉េះ​គឺ​ក្នុង​គោលបំណង​ដើម្បី​រំលឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​ខ្មែរ ដែល​ដឹកនាំ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ហើយ​បានទទួល​ជ័យជំនះ​ដោយ​រំដោះទឹកដី​រួចផុត​ពី​ការជិះជាន់​របស់​ពួក​ខ្មាំងសត្រូវ (ចាម) ដែល​បាន​ចូលមក​ឈ្លានពាន​ត្រួតត្រា​ខ្មែរ​អស់​រយៈពេល៤ឆ្នាំ (គ.ស. ១១៧៧–១១៨១) ដែល មាន​ភស្តុតាង​នៃ​រឿង​ចម្បាំង​គ្រានោះ មាន​ឆ្លា​ក់នៅ​ជញ្ជាំង​ប្រាសាទបាយ័ន និង​បន្ទាយឆ្មារ មាន​ឆ្លាក់​កង ទ័ព​ទូក​ជាច្រើន​មហិមា និង​មាន​ព្រះ​ឆាយា​ល​ក្ខ័​នៃ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ប្រថាប់​ឈរលើ​ទីតាំង​នាវាចម្បាំង ដោយ​ទ្រង់​ធ្នូ​និង​ដំបង​យ៉ាង​ស្វាហាប់​ក្នុងចំណោម​ទ័ព​ទូក​ទាំងឡាយ ។

សូមបញ្ជាក់ថា នៅ​អំឡុង​ឆ្នាំ១១៧៧ ចាម​បាន​លើកទ័ព​មក​ធ្វើការ​វាយលុក ត្រួតត្រា​ប្រទេស​កម្ពុ ជា​អស់​រយៈពេល​ប្រមាណ៤ឆ្នាំ ខណៈនោះ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ បានធ្វើការ​បង្រួបបង្រួម​ជាតិ ដោយ ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ចាម រហូត​ទទួលបាន​ជ័យជំនះ ហើយ​ព្រះអង្គ​ក៏បាន​ឡើង​គ្រង​រាជសម្បត្តិ និង​ដឹកនាំ​ប្រទេសជាតិ​នា​ឆ្នាំ១១៨១ ដោយបាន​ធ្វើឱ្យ​ប្រទេស ជាតិ​មានការ​រីកចម្រើន​រុងរឿង​គួរឱ្យកត់សម្គាល់។

តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក​នានា បាន បញ្ជាក់ថា ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ទ្រង់​បាន​ឡើង​គ្រង​រាជសម្បត្តិ​នៅ​រាជធានី​សោធ​បុ​រៈ និង​រៀបចំ​កសាង ប្រទេសជាតិ​ឡើងវិញ ដូចជា កសាង​ប្រាសាទ សាលាសំណាក់ មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ​ស្ទើរ តែ​ពាសពេញ​ផ្ទៃ​ប្រទេស។ ចម្លាក់​នៃ​ចម្បាំង​របស់​កងទ័ពជើងទឹក ដែល​ត្រូវបាន​គេ​ឆ្លា​ក់ជាប់​នឹង​ជញ្ជាំង ប្រាសាទ មាន​លក្ខណៈ​រស់​រវើក ល្អ​ប្រណីត​គួរឱ្យ​គយគន់ ដែល​ក្នុងនោះ​មាន​រូប​ព្រះ​ឆាយា​លក្ខ​ណ៍ន ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ដែល​ទ្រង់​ប្រថាប់​លើ​នាវាចម្បាំង ដោយមាន​កាន់​ធ្នូ​និង​ដំបង ហើយ​មាន​កងទ័ព​ចូល រួម​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន។

ចម្លាក់​នៃ​កងទ័ពជើងទឹក​នេះ ត្រូវបាន​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចងចាំ​ពី​គុណបំណាច់​របស់​បុព្វ បុរស​ខ្លួន ដែល​បាន​រំដោះទឹកដី​ឱ្យ​រួច​ពី​ការត្រួតត្រា​របស់​ខ្មាំងសត្រូវ ហើយ​នាំគ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​ដើម្បី រំលឹក​គុណបំណាច់​ដ៏​ថ្លៃថ្លា​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​ដែល​ពិធី​នេះ មាន​តាំងពី​សម័យ​មហានគរ​រហូតមក គឺ ប្រជាពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​អុំទូក ដើម្បី​ធ្វើការ​ប្រឡង​ប្រណាំងទូក​គ្រប់​ប្រភេទ ទាំង​បុរស និង នារី និង​មកពី​គ្រប់​ខេត្ត​ក្រុង​រាជធានី។

តាម​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​និពន្ធ​ដោយ​លោក ថាច់ ប៉ែន ហៅ​ប៉ាង អាចារ្យ​នៅ​ពុទ្ធ​សាសន​បណ្ឌិត​រង​ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម​បានឱ្យដឹងថា៖ នៅ​សម័យ​លង្វែក ព្រះអង្គ​ច័ន្ទ​ទី១ ទ្រង់​តាំង​ពញា​តាត ងារ​ជា​ស្និទ្ធ​ភូបាល​ជា​ស្ដេចត្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់ ឱ្យ​រៀបចំ​កងទ័ព​ជើង ទឹក​ចែកចេញជា​បី​ក្រុម។ ក្រុមទី១ ទ័ពស្រួច ហាត់​ច្បាំង​ដោយ​ទូក​អុំ មាន​ទំនង​ដូច​ទូកង​ខ្មែរ​សព្វថ្ងៃ នេះ។ ក្រុមទី២ ជា​ទ័ព​ជំនួយ​ហាត់​ច្បាំង ដោយ​ទូក​ចែវ​ពីរ​ជួរ មាន​ទំនង​ដូច​ទូក​ចែវ​ប្រណាំង​សព្វថ្ងៃ និង ក្រុមទី៣ ទ័ព​បាសាក់ ជា​ទូក​ធំ​មាន​ដំបូល មាន​ក្ដោង​ដូច​ទូក​ប៉ុកចាយ តែ​រាង​ស្តួច​វែង សម្រាប់​ផ្ទុក​ស្បៀង​កងទ័ព។

នៅក្នុង​ការហាត់​ចម្បាំង​នេះ គេ​បានកំណត់ នៅ​ថ្ងៃពេញបូណ៌មី ខែអស្សុជ រដូវ​ចេញ​វស្សា ត្រូវ អ្នក​ព្រឹទ្ធាចារ្យ និង​នាម៉ឺន​ព្រះ​ពញា​គ្រប់​ខេត្ត​ទាំងអស់ មកជួបជុំ​គ្នា​នៅ​មន្ទីរ​ស្និទ្ធ​ភូបាល ហើយ​អ្នក​ទាំងអស់ នោះ ទៅកាន់​ទី​អារាម ដើម្បី​ធ្វើ​ទាន​សីល​តាម​ទំនៀម​ព្រះពុទ្ធសាសនា និង​កំណត់​ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវ​អកអំបុក មន្ត្រី​ទាំង​បួន​ទិស​កេណ្ឌ​ទាហានជើងគោក ជើង​ទឹក មក​ប្រជុំគ្នា​នៅមុខ​បន្ទាយ​ស្ដេចត្រាញ់ ដើម្បី​ប្រឡង​ឫទ្ធិ​គ្នា​រយៈពេល​មួយថ្ងៃ​មួយ​យប់។ ចំណែក​ទាហានជើងទឹក​ឱ្យ​ល្បង​ប្ញ​ទ្ធិ​នៅ​ទន្លេ​ពាម​កន្ថោរ ក្នុង​ខេត្ត​ឃ្លាំង ត្បិត​ទីនោះ ជាទី​ប្រជុំ​ទឹក​គ្រប់​ខេត្ត និង​ទៅមក​បាន​ស្រួល។ តាម​លក្ខន្តិកៈ​នេះ ត្រូវ​មួយឆ្នាំ ប្រជុំ​ពីរលើក រាល់​តែ​ឆ្នាំ​តទៅ។

ប្រការ​ដែល​លោក ស្និទ្ធ​ភូបាល តាត ជា​ស្ដេចត្រាញ់ នៅ​ស្រុក​បាសាក់ បាន ចាត់ការ​ថែរក្សា ស្រុកភូមិ​ទាំងនេះ ធ្វើតាម​ច្បាប់​ក្បួន របស់លោក ក្រឡាពាស នាម មោះ ធ្វើជា​ស្តេចត្រាញ់ ក្នុង​ដែន​បាសាក់ កាល​រាជ​ព្រះមហាក្សត្រ ព្រះនាម ព្រះបាទ បទុម​សុរិយវង្ស មាន​ឫទ្ធិ​ចេស្តា​ខ្លាំងណាស់។ ការធ្វើ​បែបនេះ ស្រុក​មាន​សេចក្ដី​ក្សេមក្សាន្ត ពុំដែល​មាន​ចោរ ឬ​សឹកសត្រូវ​អ្វីមួយ​ក្នុងប្រទេស​ម្ដង​សោះ ឯកា​រហាត់​ច្បាំង​សឹកសង្គ្រាម ដោយ​ក្បួន​ទូក​នោះ លុះយូរៗទៅ ក៏​ជាប់​ជា​ទំនៀម​ប្រណាំងទូក​ទៅ។ ដូច្នេះ ប្រទេស​កម្ពុជា​សម័យបុរាណ​ជា​ប្រទេស​មាន​កងទ័ពជើងទឹក​យ៉ាងខ្លាំង​ពូកែ និង​មាន​វិធី​ហ្វឹកហ្វឺន ពិធី​សម យុទ្ធ​កងទ័ព ដែល​នេះ​ជា​ប្រពៃណី​ជាប់​ជា​រៀងរាល់ឆ្នាំ។ យើង​អាចសន្និដ្ឋាន​ទៀតថា យើង​ធ្វើ​ពិធី​នេះ​រៀង រហូត មកពី​ជាប់​តំណរ​សមយុទ្ធ​ក្នុងសម័យ​បុរាណ​នេះ។

ស្ថិតក្រោម​ឥទ្ធិពល​នៃ​ធម្មជាតិ ជាពិសេស​របប​ខ្យល់​រដូវ ដែលជា​ការចាប់ផ្ដើម​នៃ​រដូវរំហើយ ដូនតា ខ្មែរ​បាន​បង្កើត និង​ប្រារព្ធ​ប្រពៃណី​នេះ​ឡើង ចង់បង្ហាញ​នូវ​គោល​គំនិតសំខាន់ៗ ដូចជា៖

– ដើម្បី​រំលឹក និង​ចងចាំ​ពី​គុណបំណាច់​របស់​បុព្វបុរស​ខ្លួន ដែល​បាន​រំដោះទឹកដី​ឱ្យ​រួច​ពី​ការត្រួត ត្រា​របស់​ខ្មាំងសត្រូវ ដើម្បី​សម្ដែង​មនោសញ្ចេតនា ដឹងគុណ​ចំពោះ ទន្លេមេគង្គ​និង​ទន្លេសាប ដែល​បាន​នាំ​ដីល្បាប់ មាន​ជីវជាតិ​យ៉ាងសំខាន់ បង្ក​បាន​នូវ​ធនធាន​សម្បូណ៌​បែប ពោលគឺ​ជាការ​ដឹងគុណ​ចំពោះ​ទឹក​និង​ដី​ដែល យើងទាំងអស់គ្នា​បានរស់នៅ​យ៉ាង​សុខសាន្ត​នេះ ព្រោះ​ទឹកជា​ព្រះ​មេ (យើង​តែង​ហៅ​ទឹកភ្លៀង​ថា ១មេ ឬ ២មេ) ដែល​សង្គម​យើង​ឱ្យ​តម្លៃ​ទៅលើ​ទឹក។ ដូច្នេះ ទឹក​មានតម្លៃ​ណាស់​ចំពោះ​មនុស្ស សត្វ និង​រុក្ខជាតិ។ បើ​គ្មាន​ទឹក គឺ​គ្មាន​ជី​ជីវិត តួយ៉ាង​ដូចជា​ទន្លេសាប​ដែល​តំណាងឱ្យ​អត្តសញ្ញាណ និង​ជីវភាព​រស់នៅ​របស់ ប្រជាជន​ខ្មែរ​ទូទៅ​ដែល​រស់នៅ​តាម​ដង​ទន្លេ ព្រោះ​ទន្លេសាប​ជា​ជម្រក​ត្រី​ដ៏​ធំ​មួយ ហើយ​ដីល្បាប់​ដែល​ហូរ ចូល​តាម​ជំនន់​នៃ​ទន្លេមេគង្គ​ជា​រៀងរាល់ឆ្នាំ បាន​បង្កើតជា​ដី​មាន​ជីជាតិ​សម្រាប់​ដំណាំ​កសិកម្ម ដែល​ប ញ្ជា​ក់​ឱ្យឃើញថា ទន្លេ​បាន​នាំមក​នូវ​សំណាងល្អ​ដល់​សង្គម​ខ្មែរ ពោល​គឺជា​ប្រភព​នៃ​ជីវិត ដោយសារ ហេតុផលល្អៗទាំងនេះហើយ ដែលជា​ហេតុ​ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ប្រារព្ធ​ធ្វើបុណ្យ​អុំទូក​នេះ​ឡើង​ដើម្បី​តបស្នង​សងគុណ ហើយក៏​ចំពេល​ដែល​ទឹក​បឹង​ទន្លេសាប​ត្រូវ​ហូរ​បញ្ច្រាស(ហក) ចុះទៅ​ទន្លេមេគង្គ​វិញ​នា​ខែតុលា និង​វិច្ឆិកា​នេះ ដែល​ជាការ​សម្គាល់​នូវ​រដូវ​នេសាទ​ប្រចាំឆ្នាំ ហើយ​រដូវ​ចម្រូត​ក៏​នឹង​ឈានចូល​មកដល់​ផង​ដរ។

-ការ​តបស្នង​សងគុណ​វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក​ជារួម​មាន ព្រលឹង​ធម្មជាតិ និង​ដូនតា​ដែល​បាន​ជួយ ជ្រោមជ្រែង ក្នុងការ​ធ្វើឱ្យមាន​កំណើន​ភោគផល​ជា​វិជ្ជមាន។

– ដើម្បី​បង្កើន និង​បង្កើត​មេត្រីភាព ភាតរភាព​សាមគ្គីភាព រវាង​បុគ្គល និង​បុគ្គល​ក៏​ដូច​ពង្រឹង ពង្រីក​ឡើងវិញ​នូវ​ចំណងមិត្តភាព៕

ប្រភព៖ ឯកសារស្រាវជ្រាវបណ្ឌិត ជា វណ្ណី

Share.