សិល្បៈជាតិ៖ មកដល់​ទេសកាល​បុណ្យអុំទូក ធ្វើឱ្យ​យើង​នឹក​ដល់ ទូកង «កម្ពោជិក​បុត្ត​ខេមរា​ភ​រី» ដែលជា​ទូកង​ទូក«ង»ខ្មែរ​វែង​ជាងគេ​នៅលើ​ពិភពលោក បាន​ជាប់​ឯតទគ្គ​កម្ម World Guinness Record កាលពី ៥ ឆ្នាំមុន។

ទូក «ង» ដែល​វែង​ជាងគេ​របស់​កម្ពុជាមួយនេះគឺមាន​អត្ថន័យថា ទូកង​របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​កម្ពុជា ផលិត​ដោយ​កូន​ខ្មែរ​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត ក្នុង​ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង (គិត​ចាប់​ពីថ្ងៃ​ចាប់ផ្តើម​ផលិត​រហូតដល់​បញ្ចប់ មាន​រយៈពេល ៦ខែ គឺ​ចាប់ពី​ខែមេសា​រហូតដល់​ខែតុលា ដែលមាន​ពលរដ្ឋ​ចំនួន១៤២៦៣នាក់ បាន​ចូលរួម​ផលិត ) មាន​ចំណុះ​ទូក​ចំនួន១៧៩នាក់ មាន​ប្រវែង៨៧.៣ម៉ែត្រ ទទឹង១.៩៤ម៉ែត្រ និង​ជម្រៅ០.៨ម៉ែត្រ ដែល នេះ​ជាការ​បង្ហាញឱ្យឃើញ​ពី​មោទនភាព​ជាតិខ្មែរ បង្ហាញ​ពី​កម្លាំង​សាមគ្គី​របស់​ពលរដ្ឋ​ខ្មែរ ចេះ​ស្រឡាញ់ ពួតដៃគ្នា​កសាង​អ្វីមួយ​ដើម្បី​ភាពល្បីល្បាញ​ប្រកបដោយ​កិត្យានុភាព​ជាតិ។ សព្វថ្ងៃនេះ ទូកងដ៏វែងជាងគេនៅលើពិភពលោក ត្រូវបានតម្កល់នៅរោង «សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី» ខេត្តព្រៃវែង។

គួររំលឹកថា ទូកង កម្ពោជិក​បុត្តា​ខេមរា​ត​វី បាន​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក World Guinness Record ជា​ផ្លូវ ការ​ហើយ នៅវេលា​ម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗនេះ ដែល​លើក​នេះ​ជា​លើក​ទី៤ ហើយ ដែល​កម្ពុជា​ទទួលបាន​ឯតទគ្គ​កម្ម​ពិភពលោក នៅ​ឆ្នាំ ២០១៥ កម្ពុជា​បំបែក​កំណត់ត្រា​ដោយ​ការ​រាំ ចង្វាក់​ម៉ា​ឌី​ហ្សូ​ន​ដែលមាន​អ្នកចូលរួម​ចំនួន២០១៥នាក់ នំអន្សម​យក្ស​មាន​ទម្ងន់​ជាង៤តោន​កាលពី​ឆ្នាំ ២០១៥ និង​ចុងក្រោយ​គឺ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​ដែលមាន​ប្រវែង ១១៤៩ ម៉ែត្រ៕

Share.