តំណាង​ក្រុម​បាល់ទាត់​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម សុទ្ធ​តែ​បង្ហាញ​ចំណាប់អារម្មណ៍​​តាំង​ចិត្ត​រៀងៗ​ខ្លួន មុន​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ជើង​ឯក​ថ្នាក់​ខេត្ត​ឆ្នាំ​២០២៣ នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។

នៅ​ក្នុង​សន្និសីទសារព័ត៌មាន​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុង​ពហុកីឡដ្ឋានជាតិ លោក អ៊ីវ សារី គ្រូបង្វឹកក្រុមខេត្តត្បូងឃ្មុំ បាន​លើក​ឡើង​ថា ទោះធ្លាប់ឈ្នះក្រុមកំពង់ចាមទាំង២ជើងក្នុងវគ្គចែកពូល តែ​លោក​គិតថា​ នឹង​នៅ​តែ​ជា​ជំនួប​តានតឹង។ ដូច្នេះការប្រកួតផ្ដាច់ព្រ័ត្រនេះ នឹង​មិន​មាន​ប្រៀប​ខ្លាំង​ជាង​គ្នា​ប៉ុន្មាន​ទេ។ ម្យ៉ាងទៀត ក្រុមទាំង២ក៏មកពីខេត្តជាប់គ្នា ហើយកីឡាករក៏ធ្លាប់លេងជាមួយគ្នា។ យ៉ាងណា លោក​នៅ​តែ​រំពឹង​ថា ក្រុមរបស់លោកនៅតែអាចដណ្ដើមបានជ័យជម្នះ។

លោក អ៊ីវ សារី បន្ត​ថា​ក្រុម​លោកធ្វើបានល្អនៅតំបន់ការពារ តែសម្រាប់បម្រើ និងប្រយុទ្ធ វិញ មិន​បាន​រលូន១០០ភាគរយទេ ព្រោះអវត្តមានកីឡាករមួយចំនួន។ លោក​បាន​ចាត់​ទុក​ថា​ក្រុម​ខេត្ត​កំពង់ចាម លេង​បាន​ល្អ​ក្នុង​បច្ចេកទេស build up ហើយ​បម្រើ​ក៏​ល្អ​ថែមទៀត ជាពិសេសការលេងវាយបក។

ជាមួយ​គ្នា​នេះ​ដែរ​លោក ងួន បូរី គ្រូបង្គោលក្រុមខេត្តកំពង់ចាម វិញ​បាន​វាយ​តម្លៃ​ថា​ ការ​ឈាន​ដល់​វគ្គផ្ដាច់ព្រ័ត្រ​នេះ​សុទ្ធ​តែ​បាន​ការ​រួម​ចំណែក​ពី​សមាជិក​ក្រុម​ទាំង​អស់ តាំងពីថ្នាក់ដឹកនាំ រហូត​ដល់​កីឡាករ និង​ក្រុម​ការងារ។
លោក​បាន​សិក្សា និង​កែ​ប្រែចំណុចខ្វះខាតក្រុមយ៉ាងល្អិតល្អន់ ពិសេស​ពី​ពេល​ចាញ់​ត្បូងឃ្មុំ កន្លង​ទៅ ដែល​លោក​គិត​ថា មិនមែន​ជា​លទ្ធផល​អាក្រក់​ណាស់​ណា​ទេ។ លោកប្ដេជ្ញាថា នឹង​យក​ជ័យជម្នះ​ឱ្យ​បាន​សម្រាប់​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​លើក​ដំបូង​នេះ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់​ខេត្ត ២០២៣ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦និង៣០នាទីល្ងាច។ ចំណែក​ការ​ប្រកួត​យក​លេខ​មេដាយ​សំរឹទ្ធ​រវាង​ក្រុម​ខេត្តបន្ទាយមានជ័យ និង​ក្លិប​បាល់ទាត់​សន្តិភាព​ខេត្តកំពង់ធំ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​៣និង​៣០នាទី​រសៀល៕

Share.