ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យសារជាតិញៀនជាង៥ គីឡូក្រាម ក្រោយសមត្ថកិច្ចបានចុះបង្ក្រាបឆែកឆេរអាវុធជាតិផ្ទុះ ដោយរកឃើញនៅក្នុងបន្ទប់នៃសណ្ឋាគារមួយកន្លែង ខណៈសមត្ថកិច្ចបានដាក់ការសង្ស័យទៅលើជនជាតិចិនម្នាក់ ដែលរកឃើញនៅក្នុងរថយន្តមួយគ្រឿង ទើបឈានទៅកំណត់តម្រុយនៃអំពើជួញដូរសារធាតុញៀននេះ។

តាមមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១ៈ០០នាទី កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ដឹកនាំដោយលោក សោម សេន អភិបាលរងក្រុងព្រះសីហនុ បានចុះឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចក្រុម០១១ ភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ Song Jing Gen ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ មានស្រុកកំណេីតនៅ ខេត្តសានស៊ី ប្រទេសចិន ។

តាមសមត្ថកិច្ចបានបន្តទៀតថា ខណៈកំពុងតែឆែកឆេរនោះ ក៏មានមិត្តភក្តិរបស់ជនសង្ស័យម្នាក់មកមើល និងសួរនាំ បន្ទាប់មកសមត្តកិច្ចយើងបានឆែកឆេរក្នុងទូរស័ព្ទដៃជនជាតិចិននោះ ដោយសន្តិដ្ឋានថា ជនសង្ស័យទាំងពីរមានការពាក់ព័ន្ធជាមួយគ្នា និងរកឃេីញថា ជនសង្ស័យស្នាក់នៅសណ្ឋាគារ Brown Hotel និងបានទៅឆែកឆេរបន្ទប់របស់ជនសង្ស័យទាំងពីរ ក៏រកឃេីញគ្រឿងញៀននៅក្នុងបន្ទប់ 5C.របស់ជនសង្ស័យឈ្មោះ SHEN ZHEN HOU ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងបន្ទប់ខេធីវី បច្ចុប្បន្នស្នាក់នៅក្រុម១២ ភូមិ០២ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ មានស្រុកកំណើតប្រទេសចិន។

ក្នុងប្រត្តិបត្តការសមត្ថកិច្ចបានដកហូត ម្សៅកញ្ចប់ពណ៌ក្រហមម៉ាក Ferrari សង្ស័យជាសារធាតុញៀនចំនួន ២០០ កញ្ចប់, ទូរស័ព្ទ ចំនួន០១ គ្រឿង ,រថយន្តចំនួន០១ គ្រឿង ។ ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន១៣កញ្ចប់, ម្សៅកញ្ចប់ពណ៌ក្រហមអក្សរ Grape សង្ស័យសារធាតុញៀនចំនួន៣៩កញ្ចប់ , ម្សៅកញ្ចប់ពណ៌ក្រហមអក្សរ Ferrari សង្ស័យសារធាតុញៀនចំនួន០៤កញ្ចប់, ម្សៅកញ្ចប់រូបតុក្តាអក្សរ Jintiao សង្ស័យសារធាតុញៀនចំនួន១៥កញ្ចប់, ម្សៅកញ្ចប់ពណ៌ត្នោតរូបនាគ សង្ស័យសារធាតុញៀនចំនួន០១កញ្ចប់, ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀនចំនួន០១ស្បោង, កញ្ឆាក្រៀម០១ កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២ គ្រឿង, សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ, លិខិតឆ្លង ដែន០១ច្បាប់។ បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមនិតិវិធី។


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមគួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណនឹងកោតសរសើរដល់កងកម្លាំង គ្រប់ជាន់ថ្នាក់ដែលបានសហការជាមួយកម្លាំងគណៈវិជ្ជាការឯកភាពក្រុង ចុះពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ រហូតឈានដល់បើកការស៊ើបអង្កេតឃាត់ខ្លួនជនសង្ស័យនៃអំពើជួញដូរសារជាតិញៀនបានជាច្រើនករណី នាពេលកន្លងមក៕

អត្ថបទ៖ ព្រះសីហនុ

Share.