សិល្បៈជាតិ៖ ទ​ន្ទឹងនឹងការនាំភាពយន្ត «១៥រោច» លោកស្រី កេសារា បានរំលេចថា លោកស្រីតាំងចិត្តសម្បទានដីផ្ទាល់ខ្លួននៅអាមេរិក ដើម្បីគោលដៅជំរុញនិងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក។

ភាពយន្ត «១៥រោច» របស់ផលិតកម្ម កេសារា ភាពយន្ត បានដាក់បញ្ចាំងជាផ្លូវការហើយនៅគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជាហើយ ក្រោយផ្អឹបរឿងនេះទុកអស់រយៈពេលប្រមាណ ៤ឆ្នាំរួចមក។ តារាជើងចាស់លោកស្រី សរ កេសារា ចាងហ្វាងផលិតកម្ម កេសារាភាពយន្តបាននាំភាពយន្តនេះមកបញ្ចាំងទាំងក្នុងស្រុកខ្មែរ និងគ្រោងទៅបញ្ចាំងនៅសហរដ្ឋអាមេរិក។

នៅក្នុងថ្ងៃ Pre-screening រឿង «១៥រោច» នៅរោងភាពយន្ត Major Cineplex សាខា សូរិយា ចាងហ្វាងផលិតកម្មរូបនេះបានបញ្ជាក់ថា ភាពយន្តនេះផលិតឡើងនៅឆ្នាំ ២០១៨ ក៏ប៉ុន្តែដោយសារតែវិបត្តិកូវីដ ១៩ ទើបអាក់ខានមិនបានបញ្ចាំង។ ដោយសារចិត្តស្រលាញ់និងមើលឃើញថា រឿងនេះអាចផ្តល់គុណតម្លៃ និងជួយបណ្តុះគំនិតដល់អ្នកទស្សនាបានច្រើន ទើបលោកស្រី កេសារា មានគម្រោងនាំរឿង «១៥រោច» នេះ ចេញទៅចាក់បញ្ចាំងនៅក្រៅប្រទេស ដោយគោលដៅដំបូងនៃការចាក់បញ្ចាំងរឿងនេះ គឺ សហរដ្ឋអាមេរិក ដោយសារទីនោះជាកន្លែងដែលអ្នកស្រីរស់នៅតែម្តង។

តារាជើងចាស់រូបនេះមានគម្រោងការងារផ្សេងៗ រួមទាំងគ្រោងការជួយនាំយកសិល្បករ-សិល្បការនីក្នុងស្រុកចេញទៅចម្រៀងសម្តែងនៅឯនាយសមុទ្រផងដែរ គ្រាន់តែពេលនេះគម្រោងការនោះ ស្ថិតក្នុងការពិភាក្សានៅឡើយ។ លោកស្រី សរ កេសារា បានប្រាប់អ្នកព័ត៌មានគ្រប់គ្នាទៀតថា នៅសមាគន៍របស់លោកស្រីនៅសហរដ្ឋអាមេរិកគឺមានដីធ្លីដែលមានទំហំណាស់ សម្រាប់គ្រោងកសាងភូមិឋានខ្មែរ ក៏ប៉ុន្តែនៅពេលនេះសមាគន៍នៅមិនទាន់មានថវិកាគ្រប់គ្រាន់សម្រាប់សាងសង់ ដើម្បីឱ្យក្លាយជាទីតាំងសំខាន់មួយសម្រាប់ផ្សព្វផ្សាយពីវប្បធម៌ផងដែរ។

តារាជើងចាស់ សរ កេសារា ប្រហែលមិនបន្តផលិតភាពយន្តបន្តទៀតនោះទេ ដោយអ្នកស្រីចង់ទុកឱកាសឱ្យក្មេងៗជំនាន់ក្រោយដែលមានសមត្ថភាពខ្ពស់ អាចបញ្ចេញសមត្ថភាពរបស់ពួកគេក្នុងការផលិតភាពយន្តខ្មែរប្រកបដោយគុណភាព។ លោកស្រីក៏បានអំពាវនាវឱ្យមហាជនទាំងអស់ជួយគាំទ្រភាពយន្តដែលលោកស្រីបានផលិតនេះ និងភាពយន្តខ្មែរផ្សេងទៀតឱ្យបានច្រើនកុះករផងដែរ៕

ដើម្បីកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនាបទសម្ភាសខាងក្រោមនេះ៖

Share.