សិល្បៈជាតិ៖ នៅក្នុងថ្ងៃនេះ សារពេ័ត៌មានត្រយងនឹងនាំអារម្មណ៍របស់ប្រមិត្តទាំងអស់គ្នា មកឈ្វេងយល់ពីឈ្វេងយល់ពីប្រវត្តិ និងមានអត្ថន័យនៃពិធីបុណ្យបណ្តែតប្រទីប។ តើមានប្រវត្តិ និងមានអត្ថន័យយ៉ាងណាខ្លះ?

ពិធីបណ្តែតប្រទីប ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃទី១៤-១៥កើត និង១រោច ខែកក្តិក ភ្ជាប់នឹងពិធីបុណ្យអុំទូក គឺមានកំណើតដំណាលគ្នានឹងពិធីអុំទូកដែរ ហើយមានការ រីកចម្រើននៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់មកហើយ ប្រទីបទាំងនោះ គឺគេតែងតែបណ្ដែតនៅ លើផ្ទៃទឹកនាពេលយប់ដែលលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងមានការបាញ់កាំជ្រួចយ៉ាង មហោឡារិកដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករ និងបញ្ចេញនូវស្នាមញញឹមយ៉ាងសែនរីករាយ។

ពិធីបណ្តែតប្រទីប មានប្រវត្តិយ៉ាងជិតស្និទ្ធនឹងព្រះពុទ្ធសាសនា ហើយក៏មានជាប់នឹងឥទ្ធិពល ព្រាហ្មញ្ញសាសនានៃការប្រតិបត្តិហោមពិធី ដោយការអុជទៀនធូប ប្រទីបជ្វាលា ដើម្បីបូជាដល់អាទិទេព។ ពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា គឺតាមគម្ពីរទាសវង្ស (ភាសាបាលី) មានចែងថា៖ ព្រះចង្កូមកែវ (ព្រះទន្ត គឺ ធ្មេញ) ស្រួចទាំងបួននៃព្រះសម្មាសម្ពុទ្ធ បានប្រតិស្ថាន(ការតាំង,តម្កល់) នៅទីទាំងបួនគឺ៖ នៅត្រៃត្រឹង សួគ៌១, នៅពិភពនាគ១, នៅស្រុកគន្ធារ១ និងនៅទន្តបុរៈកលិង្គរដ្ឋ១។ ចំណែកស្នាមព្រះបាទព្រះសម្មា សម្ពុទ្ធបានប្រតិស្ថាន នៅទីទាំង៥ គឺ៖ ១.នៅសុវណ្ណមាលិកបពត៌ ២.នៅសុវណ្ណបពត៌ ៣.នៅសុមនកូដ បពត៌ ៤. នៅយោនកបុរី និង ៥. នៅស្ទឹងនម្មទា។

ពិធីបុណ្យបណ្តែតប្រទីបនេះ មានតំណាលរឿងព្រេងដូចតទៅ៖ កាលពីព្រេងនាយនៃដើម ភទ្ទកប្បមានក្អែកសញីឈ្មោលមួយគូបានកាច់សំបុកនៅលើដើមឈើមួយដើមដែលដុះនៅជាប់ឆ្នេរសមុទ្រ ហើយបានបញ្ចេញពងតាមធម្មជាតិជាសត្វបានចំនួន៥ពង។ ថ្ងៃមួយមានព្យុះភ្លៀងបោកបក់គួចយក សំបុកបក្សី ព្រមទាំងពងឱ្យធ្លាក់ចុះទៅក្នុងទឹកដែលកំពុងហូរ។ លុះពេលល្ងាចក្អែកញីឈ្មោលត្រលប់មក ពីរកចំណីវិញ ស្រាប់តែឃើញស្នាមរប៉ាត់រប៉ាយ និងបាត់ពងរបស់ខ្លួនដែលបណ្តាលមកពីខ្យល់ព្យុះនោះ ក៏ យំសោករហូតស្លាប់ទាំងគូ ហើយក៏បានទៅកើតជាព្រះឥន្ទ្រាធិរាជានាត្រៃត្រឹង្សសួគ៌។

និយាយពីពងក្អែកទាំង៥ ដែលធ្លាក់ទៅក្នុងទឹកនោះ បានដល់ដៃសត្វមាន់ ស្តេចនាគ អណ្ដើក គោ និងខ្លាដែលរើសបានម្នាក់មួយៗយកទៅបីបាច់ថែរក្សា។ លុះដល់ពេលកំណត់ ពងទាំងនោះក៏បានញាស់ កើតចេញមកសុទ្ធតែកូនមនុស្សទាំង៥ ហើយសត្វដែលជាអាណាព្យាបាលក៏ពេញចិត្តចិញ្ចឹមបីបាច់ថែរក្សា ដោយយកចិត្តទុកដាក់។ ពេលធំពេញវ័យ អ្នកទាំង៥ក៏គិតរៀងៗខ្លួនថា អញជាមនុស្សសោះ ចុះហេតុអ្វី បានជាមានមាតាបិតាសុទ្ធតែជាសត្វដូច្នេះ? គិតហើយក៏រកមធ្យោបាយរៀងៗខ្លួនដោយលាអ្នកមានគុណ ទៅស្វែងរករៀនសិល្ប៍វិជ្ជា។ ពេលនោះសត្វទាំង៥ ក៏មានបណ្តាំតែមួយដូចគ្នាថា បើកូនរៀនសិល្ប៍វិជ្ជាបាន សម្រេចកាលណា យើងសូមផ្ញើឈ្មោះរបស់យើងឱ្យជាប់នឹងឈ្មោះរបស់អ្នកផង (ដោយហេតុនេះហើយ បានជាក្នុងភទ្ទកប្បយើងនេះ មានព្រះពុទ្ធចំនួន៥អង្គ មាននាមថា កុកសន្ធោ(មាន់) កោនាគកនោ(នាគ) កស្សបោ(អណ្ដើក) គោតមោ(គោ) សិអារ្យមេត្តយ្យោ(ខ្លា) ដែលបានត្រាស់តាមលំដាប់បងប្អូន និងបារមី ហើយយកនាមសត្វទាំង៥ដែលជាអ្នកមានគុណមកភ្ជាប់តាមបណ្តាំ)។ មាណពទាំង៥ កាលបើចាកចេញ ពីអ្នកមានគុណហើយ ក៏មករស់ជុំគ្នាតែកន្លែងតែ១ លុះសាកសួរគ្នាមានគំនិតតែមួយ ក៏សុំគ្នាជាបងប្អូន និងរស់នៅជាមួយគ្នារហូតទៅ។

ថ្ងៃមួយមាណពទាំង៥ កំពុងជជែកគ្នារកមាតាបិតាដើម ស្រាប់តែព្រះឥន្ទ្រនិងអគ្គមហេសីដែលជា មាតាបិតាដើមបាននិម្មិតខ្លួនជាក្អែកញីឈ្មោល ហើរមកទុំជិតនោះ ហើយសារសព្ទប្រាប់មាណពទាំង៥ឱ្យ បានដឹង និងជឿថាខ្លួនជាមាតាបិតាដើម។ កាលបើដឹងរឿងពិតហើយ មាណពទាំង៥ ក៏លុតជង្គង់ ថ្វាយបង្គំចំពោះអ្នកទាំងពីរ ហើយថ្លែងសោកស្តាយដែលមិនបាននៅបម្រើឪពុកម្តាយ ព្រោះក្អែកទាំងពីរ មិនអនុញ្ញាតឱ្យអ្នកទាំង៥នៅជាមួយទេ គឺគ្រាន់តែផ្ដាំថា បើកូនរាល់គ្នានឹកអាល័យយើងណាស់ ហើយចង់ បូជាអ្វីដល់យើង ចូរកូនគូសជើងក្អែកនៅគ្រប់វត្ថុដែលជាសំណែននោះដោយឧទ្ទិសឱ្យយើងទៅ អំពើនោះ មុខជាផ្សាយដល់យើងដល់យើងជាមិនខានឡើយ។ ថាតែប៉ុណ្ណោះ អ្នកទាំងពីរក៏បាត់ខ្លួនទៅ។

មាណពទាំង៥ បានចាំបណ្តាំហើយ ក៏នាំគ្នារករៀនសិល្ប៍វិជ្ជាដោយបួសជាតាបសចម្រើនព្រួតក្នុង ព្រៃជ្រៅ ហើយតែងតែនាំគ្នាធ្វើទានរំលឹកគុណតាមបណ្ដាំមាតាបិតាជាដរាបព្រមទាំងគូសខ្វែងជើងក្អែក នៅលើវត្ថុសំណែន ដោយសែនរួចបណ្ដែតតាមខ្សែទឹកហូរទៅដើម្បីបូជាក្អែកញីឈ្មោលរហូតជាប់មកដល់ សព្វថ្ងៃ។

អត្ថន័យនិងខ្លឹមសារនៃពិធីបណ្តែតប្រទីប៖

-ការលយប្រទីប គឺដើម្បីឧទ្ទិសកុសល និងដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវ សេចក្តីសុខសប្បាយប្រកបដោយភាពសុខដុមរមនា និងពោរពេញទៅដោយសុខុមាលភាព និងការផ្តល់នូវ ភោគផលក្នុងការងារកសិកម្មដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

-ពិធីបណ្តែតប្រទីប ជាពិធីបុណ្យទាក់ទងទៅនឹងសាសនា ជាបុណ្យប្រពៃណីរបស់ខ្មែរ ដើម្បី បញ្ជាក់នូវទឹកចិត្តមនោសញ្ចេតនា ស្នេហា និងគោរពដឹងគុណដល់សម្មាសម្ពុទ្ធ គឺព្រះចង្កូមកែវប្រតិស្ថាន នៅពិភពនាគ ព្រមទាំងស្នាមព្រះបាទរបស់ព្រះអង្គប្រតិស្ថាន នៅស្ទឹងនម្មទា និងកន្លែងដទៃទៀត។

-ដើម្បីសម្ដែងមនោសញ្ចេតនា ដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាបដែលផ្តល់ជីវជាតិយ៉ាង សំខាន់សម្រាប់បម្រើវិស័យកសិកម្ម។

Share.