សិល្បៈជាតិ៖ ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ក្នុងថ្ងៃចុងក្រោយនេះ សារព័ត៌មានត្រយងនឹងនាំអារម្មណ៍ប្រិមិត្តទាំងអស់គ្នា មកជ្រាបដឹងពីប្រវត្តិ​ និង​អត្ថន័យ​ បុណ្យ​ប្រពៃណី​​សំពះ​ព្រះ​ខែ និងអកអំបុក​។ តើមានខ្លឹមសារបែបណា?

បុណ្យប្រពៃណីអកសំពះព្រះខែ និងអកអំបុក ដែលប្រារព្ធនៅក្នុងសង្គមខ្មែរ មានប្រវត្តិជាប់ទាក់ទង យ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិរបស់ព្រះពុទ្ធ ហើយត្រូវបានប្រជាពលរដ្ឋខ្មែរធ្វើឡើងដើម្បីរំលឹកដល់ព្រះពោធិសត្វ ដែលយោងយកកំណើតជាទន្សាយពោធិសត្វ និងបានលះបង់អាយុសង្ខារក្នុងការបំពេញបារមីទាន ដល់ឥន្ទ្រព្រាហ្មណ៍។

តាមគម្ពីរ បរមត្ថទីបនី អដ្ឋកថាចរិយាបិដកភាសាបាលី ចែងថា៖ ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វ ទ្រង់បានយោងយកកំណើតជាទន្សាយពោធិសត្វ។ នាវេលាខែពេញបូរមីមួយ ទន្សាយ ពោធិសត្វបានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិស មំសៈ ជាទានបរមត្ថបារមី ដើម្បីបំពេញសម្មាសម្ពោធិ ញាណឱ្យបានត្រាស់ជាព្រះពុទ្ធ។

ព្រះឥន្ទ្រទ្រង់ជ្រាបពីហេតុការណ៍នេះ ទ្រង់ក៏កាឡាខ្លួនជាព្រាហ្មណ៍់ចាស់មកសុំមំសៈរបស់ទន្សាយពោធិសត្វធ្វើជាអាហារ។ ក្រោយពីបានស្តាប់ការសុំរបស់ព្រាហ្មណ៍ ទន្សាយ ពោធិសត្វក៏ឱ្យព្រាហ្មណ៍នោះបង្កាត់ភ្លើងឱ្យឆេះសន្ធោសន្ធៅឡើង ហើយទន្សាយពោធិសត្វក៏រលាស់ខ្លួន បីដង ដើម្បីឱ្យសត្វល្អិតដែលតោងជាប់នឹងរោមរបស់ព្រះអង្គឱ្យជ្រុះចេញអស់ រួចក៏លោតចូលភ្លើងភ្លាម។ លុះឃើញដូច្នោះ ព្រះឥន្ទ្រព្រហ្មណ៍ក៏ស្ទុះទៅពាំនាំយកទន្សាយ ពោធិសត្វហោះឡើងទៅដល់មណ្ឌលព្រះចន្ទ ហើយព្រះអង្គក៏យកម្នាងសិលាមកគូររូបទន្សាយពោធិសត្វ ដោយអធិដ្ឋានថា សូមឱ្យរូបទន្សាយពោធិសត្វដែលខ្ញុំបានគូរនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។

ភ្លើងប្រែជាលែងឆេះដូចមុនទៀតហើយ ដោយអានុភាពនៃបារមីព្រះពោធិសត្វ និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទ្រផងនោះ រូបទន្សាយក៏ ប្រាកដក្នុងមណ្ឌលព្រះចន្ទមកដល់សព្វថ្ងៃ ហើយមនុស្សគ្រប់រូបឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើត។ ចំណែកអ្នកស្រុកតែងរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ព្រះពោធិសត្វ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយមានចេក អំបុក ទឹកដូង ផ្លែឈើជារៀងរាល់ឆ្នាំមកសែនព្រេនដល់ព្រះពោធិសត្វ។

ដូច្នេះរឿងនិទានព្រះពុទ្ធសាសនាទាក់ទងនឹងសត្វទន្សាយពោធិសាត់នេះ បានក្លាយជាជំនឿ មុតមាំមួយ ចំពោះជនជាតិខ្មែរ រួចមកក៏បានរៀបចំឱ្យមាន ពិធីបុណ្យសំពះព្រះខែ ដោយរីកចម្រើននៅក្នុង សង្គមខ្មែរពីព្រោះឥទ្ធិពលនៃព្រះពុទ្ធសាសនា បានចាក់ឫសយ៉ាងជ្រៅទៅក្នុងព្រលឹងរបស់ប្រជាជាតិខ្មែរ ទាំងមូល ដែលតែងតែគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ ពិសេសគឺព្រះពោធិសត្វដែលយោនយក កំណើត ជាទន្សាយបានផ្តិតរូបព្រះឆាយយាលក្ខណ៍របស់ព្រះអង្គ នឹងលោកខែ(ព្រះច័ន្ទ) ដើម្បីបានបំភ្លឺ សត្វលោកតរៀងទៅ។

សូមជម្រាបថា ការជ្រើសរើសយកថ្ងៃទី១៥កើត ដើម្បីប្រារព្ធពិធីបុណ្យសំពះព្រះខែ និងអកអំបុក នៅម៉ោង​១២​យប់​ នោះ ពីព្រោះយប់ថ្ងៃនោះ គឺព្រះច័ន្ទមានមណ្ឌលមូលពេញលេញ ភ្លឺជាងថ្ងៃណាៗទាំង អស់ និងលោកខែនៅជិតភពផែនដី ដែលមនុស្សសត្វរស់នៅ មានភាពងាយស្រួលក្នុងការនិយាយទាក់ទង គ្នា មើលឃើញគ្នា និងស្តាប់គ្នាបាន ដែលនេះបើយោងទៅតាមជំនឿរបស់ខ្មែរកាលពីមិនទាន់មានបច្ចេក វិទ្យានៅក្នុងការព្យាករណ៍ពីអាកាសធាតុនៅឡើយ គឺនៅក្នុងពិធីសំពះព្រះខែនេះ គេមានធ្វើពិធីសម្រក់ ទៀន លើស្លឹកចេកស្រស់ ដើម្បីផ្សងមើលទឹកភ្លៀងក្នុងឆ្នាំបន្ទាប់នៃឆ្នាំនេះ។ បន្ទាប់ពីសម្រក់ទៀនមក គ នាំគ្នាអកអំបុក ដែលធ្វើក្នុងវេលាយប់នោះ ហើយនាពេលសំពះព្រះខែ និងអកអំបុកនេះដែរ ប្រជាពលរដ្ឋ ខ្មែរ តែងតែលើកដៃបួងសួងសុំសេចក្តីសុខសួស្តី តាមប្រពៃណីបុរាណព្រេងព្រឹទ្ធ។

អត្ថន័យនិងខ្លឹមសារ ពិធីបុណ្យសំពះព្រះខែ និងអកអំបុក

-ធ្វើសក្ការៈបូជាចំពោះទន្សាយព្រះពោធិសត្វ ដែលរូបព្រះឆាយាលក្ខណ៍របស់ព្រះអង្គផ្ដិតជាប់នឹង ព្រះខែ ដើម្បីបំភ្លឺសត្វលោក។

-ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វនូវផល្លានុផល ដែលជាចំណីរបស់ព្រះអង្គក្នុងវេលាយប់ នៃថ្ងៃ ពេញបូរមីនៃខែកក្តិក ជាពេលព្រះខែលេចរូបរាងច្បាស់។

-ដើម្បីអបអរសាទរនូវទិន្នផលដែលបានមកពីការបង្កបង្កើនផល ជាពិសេសដំណាំស្រូវរបស់ប្រជា ជាតិកម្ពុជា។ ប្រជាជនបានខិតខំធ្វើពលកម្មយ៉ាងខ្លាំង តាំងពីរដូវភ្លៀងធ្លាក់កន្លងមក ដែលជាសញ្ញាប្រាប់ ថា រដូវស្រូវទុំព្រមទាំងផល្លានុផលទាំងឡាយ បានមកដល់ហើយ។

Share.