ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា ខ្លួនបានរកឃើញករណីជំងឺគ្រុនផ្តាសាយប្រភេទ A(H1N2)v ដែលស្រដៀងទៅនឹងជំងឺផ្ដាសាយជ្រូក ឆ្លងដល់មនុស្សជាលើកដំបូង ហើយបុគ្គលដែលបានឆ្លង ឬពាក់ព័ន្ធនឹងជំងឺនេះ មានរោគសញ្ញាស្រាល និងបានជាសះស្បើយវិញផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ករណីនេះត្រូវបានរកឃើញ បន្ទាប់ពីការតាមដានជាប្រចាំនៃជំងឺផ្ដាសាយថ្នាក់ជាតិ ហើយប្រភពនៃការឆ្លងមិនទាន់ត្រូវបានគេដឹងនៅឡើយនោះទេ។

លោក Meera Chand នាយកទីភ្នាក់ងារ UKHSA បាននិយាយថា «នេះជាលើកដំបូងដែលយើងបានរកឃើញមេរោគនេះឆ្លងនៅក្នុងរាងកាយមនុស្សនៅចក្រភពអង់គ្លេស ហើយវាស្រដៀងទៅនឹងវីរុសដែលយើងបានរកឃើញនៅក្នុងសត្វវជ្រូក»។

សេចក្តីថ្លែងការណ៍បាននិយាយថា ទំនាក់ទំនងជិតស្និទ្ធពាក់ព័ន្ធនឹងករណីនេះកំពុងត្រូវបានតាមដានដោយអាជ្ញាធរសុខាភិបាល ដោយបន្ថែមថា ស្ថានភាពនេះកំពុងត្រូវបានត្រួតពិនិត្យជាមួយនឹងការកើនឡើងការឃ្លាំមើលនៅក្នុងការវះកាត់ និងមន្ទីរពេទ្យនៅ North Yorkshire ដែលជាតំបន់ភាគខាងជើងនៃប្រទេសអង់គ្លេស។

UKHSA បាននិយាយថា ផ្អែកលើព័ត៌មានដំបូង ការឆ្លងដែលបានរកឃើញថ្មីៗនេះក្នុងប្រទេសអង់គ្លេស គឺខុសពីករណីកើតលើមនុស្ស ៥០នាក់ ឬករណីផ្សេងទៀតនៃមេរោគដែលបានរកឃើញនៅកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០០៥។

ក្រោយមកនៅក្នុងឆ្នាំ២០០៩ ជំងឺគ្រុនផ្តាសាយជ្រូករាតត្បាតកាន់តែខ្លាំងក្លា ហើយបានឆ្លងដល់មនុស្សរាប់លាននាក់ ដែលវាត្រូវបានបង្កឡើងដោយមេរោគដែលមានផ្ទុកសារធាតុហ្សែនពីមេរោគដែលកំពុងផ្ទុកនៅក្នុងសត្វជ្រូក សត្វស្លាប និងមនុស្សជាដើម៕

ប្រភព៖ CNA

Share.