មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបង្កើតសន្តិភាព ឬ បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន មុនពេលលោកដឹងពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ខែវិច្ឆិកា ឆ្នាំ២០២៤ ចំពេលមានការព្រួយបារម្ភថា ជ័យជម្នះដ៏មានសក្តានុពលសម្រាប់អតីតប្រធានាធិបតី ដូណាល់ ត្រាំ អាចនឹងនាំទៅរកការបិទបញ្ចប់ការគាំទ្រលោករបស់ខាងលិច សម្រាប់ទីក្រុងគៀវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន US News នាថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ដូណាល់ ត្រាំ បានសម្រេចឈរឈ្មោះជាប្រធានាធិបតីជាថ្មី សម្រាប់ការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ ខណៈលោកជាជាបេក្ខជននាំមុខគេសម្រាប់ការឈរឈ្មោះជាប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ ដែលគណក្សនេះ បានរិះគន់យ៉ាងខ្លាំងចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះសង្រ្គាមទីក្រុងកៀវ។

មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងព្រុចសែល ក្នុងសប្ដាហ៍នេះ បាននិយាយថា «សម្ព័ន្ធមិត្តបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ដោយដឹងច្បាស់ថា កិច្ចព្រមព្រៀងសន្តិភាពនៅឆ្នាំក្រោយ ទំនងជាមិនអាចទៅរួចនោះទេ»។ មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំនេះថា «ការសន្និដ្ឋានរបស់ខ្ញុំ គឺថា លោក ពូទីន នឹងមិនបញ្ឈប់សង្រ្គាម ឬបើកផ្លូវឱ្យមានសន្តិភាពដ៏ពិតប្រាកដមួយ នៅមុនពេលលោកបានដឹងពីលទ្ធផលនៃការបោះឆ្នោតរបស់យើងនោះឡើយ»។

នៅពេលសួរថា តើពួកគេកំពុងបញ្ចេញមតិផ្ទាល់ខ្លួន ឬទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះ មន្ត្រីរូបនេះបាននិយាយថា «នោះគឺជាបរិបទដែលសម្ព័ន្ធមិត្តទាំងអស់បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំរបស់អង្គការ NATO កាលពីថ្ងៃអង្គារ»។

បើតាមការស្ទង់មតិរបស់ Reuters/Ipsos ដែលធ្វើឡើងនៅពាក់កណ្តាលខែវិច្ឆិកា បានបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងតែនាំមុខប្រធានាធិបតីអាមេរិក ចូ បៃដិន លទ្ធផល​នោះ​ គឺ​ស្ថិត​ក្នុង​ចន្លោះ​ភាព​ជឿជាក់​នៃ​ការ​ស្ទង់​មតិ​ប្រហែល​៤​ភាគរយ។

លោក បៃដិន ដែលជាអ្នកប្រជាធិបតេយ្យ បានផ្តល់ជំនួយផ្នែកយោធាដ៏ធំ និងការគាំទ្រដល់ទីក្រុង Kyiv ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែមូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន កំពុងត្រូវបានកាន់កាប់ដោយសភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយសាធារណរដ្ឋ។

សូមជម្រាបថា លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីដើមខែវិច្ឆិកានេះបានអញ្ជើញលោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ អ៊ុយក្រែន ដើម្បីពិនិត្យមើលស្ថានភាពសង្រ្គាមដោយខ្លួនឯង។ លោក ត្រាំ ធ្លាប់បានលើកឡើងជាច្រើនលើកច្រើនសារថា លោកអាចបញ្ឈប់សង្រ្គាមអ៊ុយក្រែន បានត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីសារជាថ្មីនៅឆ្នាំ២០២៤៕

ប្រភព៖ US News

Share.