ព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឱ្យដឹង នាល្ងាចថ្ងៃទី ២៨ វិច្ឆិការថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ធៀបនឹងឆ្នាំ ២០២២ សរុបចំនួន២៦២.៤១១នាក់ ថយចុះ២៣,៤២% ក្នុងនោះភ្ញៀវជាតិ ២៥៥.២៣៣នាក់, ថយចុះ២៥,១៩% និងភ្ញៀវបរទេស ៧,១៧៨នាក់, កើនឡើង១៣,៧៣%។   

លោកប្រធានមន្ទីរ បានឱ្យដឹងដែរថា មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិ០៦ជើង ស្មើនឹងភ្ញៀវសរុប២៦៦នាក់, កើនឡើង៦,៨២% ក្នុងនោះ ភ្ញៀវជាតិ៩នាក់, ថយចុះ៤៣,៧៥% និងភ្ញៀវអន្តរជាតិ ២៥៧នាក់, កើនឡើង១០,៣០% ។

ចំពោះភ្ញៀវទេសចរ ទៅកម្សាន្តតាមកោះនានា សរុប ២.៤៣១នាក់, ថយចុះ១២,៥៥% ក្នុងនោះ ភ្ញៀវជាតិ ១.០៦២នាក់, ថយចុះ៤៥,៤៨% និងភ្ញៀវបរទេស ១.៣៦៩នាក់, កើនឡើង៦៤,៣៤% ។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ២៥៩.៧១៤នាក់ ថយចុះ២៣,៥៣% ក្នុងនោះភ្ញៀវជាតិ២៥៤,១៦២នាក់, ថយចុះ២៣,៩៨% និងភ្ញៀវបរទេស៥,៥៥២នាក់, កើនឡើង៥,៨៣%។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ចំពោះមូលហេតុដែលភ្ញៀវទេសចរណ៍ឆ្នាំនេះមានការថយចុះ គឺមកពីកត្តាធំៗចំនួន២ រួមមាន: – មកពីឆ្នាំនេះព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីប្រណាំងទូកឡើងវិញបន្ទាប់ពីខកខានមួយរយៈ។- កាលពីឆ្នាំ 2022 ផ្លូវល្បឿនលឿនទើបចាប់ដំណើរការ ធ្វើឱ្យភ្ញៀវទេសចរណ៍ជាច្រើនសម្រុកមកកំសាន្តនៅខេត្តព្រះសីហនុដូចចង់ស្គាល់ចង់ដឹងនៅផ្លូវល្វៀនលឿនហើយគោលដៅទេសចរណ៍ដទៃទៀតមិនទាន់បើកទូលំទូលាយ។

 ដោយឡែកពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សុវត្ថិភាព មានភាពល្អប្រសើរ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ឆ្នាំនេះ៕

អត្ថបទ៖ ព្រះសីហនុ

Share.