កញ្ញា​ឯក​ដ៏​ឆ្លាត​វៃ​របស់​កម្ពុជា​ (Miss Wisdom Cambodia) កញ្ញា ហុក សារិតុលា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​ខេត្ត​បាត់​ដំបង ​ដែល​ជា​ទឹកដី​កំណើត​របស់​ខ្លួន​ហើយ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា​ ឆ្នាំ​២០២១​។

ទៅ​ដល់​ទឹកដី​កំណើត​កញ្ញា​ ហុក សារិតុលា មិន​ភ្លេច​នាំ​យក​មកុដ​និង​ឈាង​ទៅ​គោរព​បូជា​លោក​តា​ដំបង​ក្រញូង​ដែល​ជា​ទីសក្ការៈ​បូជា​របស់​អ្នក​ខេត្ត​បាត់ដំបង​នោះ​ឡើយ​។ រូបភាព​របស់​កញ្ញា​ត្រូវ​បាន​មហាជន​មាន​ការ​សង្ស័យ​ថា​តើ​កញ្ញា​ឯក​ដ៏​សោភា​រូប​នេះ​ទៅ​លាបំណន់​ លាមាត់​ លាក ក្រោយ​បាន​ទទួល​ជ័យ​ជំនះ​ឬ​ក៏​យ៉ាងណា​ដែរ​?​

ចំពោះ​រឿង​នេះ​ កញ្ញា​ តុលា បាន​សើច​ហើយ​ឆ្លើយប្រាប់​សារព័ត៌មាន​ត្រយង​​ថា​ ជាការពិត​ណាស់​ កញ្ញា​គឺ​ជា​អ្នក​ខេត្ត​បាត់​ដំបង ដូច្នេះ​ហើយ​ពេល​មក​ដល់​ទឹកដី​កំណើត​គឺ​មក​គោរព​បូជា​លោក​តាដំបង​ក្រញូង​ដែល​ជា​ម្ចាស់​ថែរក្សា​ទឹក​ដី​គឺ​ជា​ការ​គួរ តែ​កញ្ញា​ក៏​មិន​បដិសេធ​ដែរ​ថា​ អ្នក​ម្ដាយ​និង​បង​ស្រី ពិត​ជា​បាន​មក​សុំ​ឱ្យ​កញ្ញា​មាន​សេចក្ដី​សុខ​ក្នុង​ពេល​ប្រកួត​ឆ្ងាយ​ផ្ទះ និង​ សុំ​ឱ្យ​កញ្ញា​ទទួល​បាន​ជ័យ​ជំនះ​ ដូច្នេះ​កញ្ញា​ក៏​មក​ជាមួយ​អ្នក​ទាំង​ពីរ​និង​ឆ្លៀត​ថត​រូប​ រួម​ជាមួយ​នឹង​លោក​តា​ដំបងក្រញូង ដែល​ជា​និមិត្ត​រូប​របស់​ខេត្ត​បាត់​ដំបង​ ហើយ​ផុស​បង្ហាញ​លើ​បណ្ដាញ​សង្គម​ ដើម្បី​ជា​មោទកភាព​ សម្រាប់​បងប្អូន​អ្នក​ខេត្ត​បាត់ដំបង​ដែល​កញ្ញា​អាច​ធ្វើ​បាន​ដណ្ដើម​មកុដ​ជ័យលាភី​ជា​មុខ​មាត់​និង​កិត្តិយស​សម្រាប់​ស្រុក​កំណើត​របស់​កញ្ញា​។

គួរ​ដឹង​ថា​កញ្ញា ហុក សារិតុលា ​បច្ចុប្បន្ន​ជា​សិស្ស​ថ្នាក់​ទី​១២ មាន​បងប្អូន ​៣​នាក់​ ជា​កូន​ស្រី​ពីរ​ ក្នុង​គ្រួសារដែល​មាន​បងប្អូន​សុទ្ធតែ​ស្រីសុទ្ធ​។ កញ្ញា​ ហុក សារិតុលា មុន​នឹង​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​ Miss Wisdom Cambodia ឆ្នាំ​២០២១ កញ្ញាធ្លាប់​ប្រកួត Miss Cambodia ឆ្នាំ​២០២០ តែ​មិន​ទទួល​បាន​ជោគជ័យ​៕

Telegram-Troryorng

Share.