ដំណើរទស្សនកិច្ចទៅកាន់អ៉ីស្រាអែលរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានជំរុញឱ្យអ៊ីស្រាអែលបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា «មុនពេលបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំឡើងវិញ» នៅក្នុងទឹកដីដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

នៅថ្ងៃទី៧ នៃបទឈប់បាញ់នៅក្នុងការផ្អាកប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas លោក Blinken ក៏បានអំពាវនាវឱ្យមានការពន្យារពេលបន្ថែមទៀតនៃបទឈប់បាញ់ ដែលរួមមានការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកទោស និងការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Tel Aviv នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៉ីស្រាអែល និងតំបន់ West Bank លោក Blinken បានបញ្ជាក់ថា «ច្បាស់ណាស់ យើងចង់ឃើញដំណើរការនេះបន្ដទៅមុខ។ យើងចង់បានបទឈប់បាញ់សម្រាប់ថ្ងៃទី៨ និងលើសពីនេះទៀត»។

យ៉ាងណាម៉ិញ បទឈប់បាញ់នេះ នឹងត្រូវផុតកំណត់នៅព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះ (ម៉ោងក្នុងស្រុក) លុះត្រាតែមានកិច្ចព្រមព្រៀង ដើម្បីបន្ដត្រូវបានសម្រេចនោះ បានអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល និងចំណាប់ខ្មាំងបរទេសជាច្រើននាក់ដែលក្រុមហាម៉ាសចាប់ធ្វើជាចំណាប់ខ្មាំងបន្ដធ្វើជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។

ក្នុងដំណើរទស្សនកិច្ចចុងក្រោយនេះ លោក Blinken បន្ថែមថា អ៉ីស្រាអែលត្រូវតែមាន និងអនុវត្តផែនការគាំពារជនស៊ីវិលក្រោមបុព្វហេតុមនុស្សធម៌ ដែលនឹងជួយកាត់បន្ថយការស្លាប់ និងរងរបួសរបស់ជនស៊ីវិលប៉ាឡេស្ទីន ជាមួយការបង្កើតតំបន់ ឬទីកន្លែងនានាក្នុងតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃតំបន់ហ្កាហ្សា ជាទីដែល ជនស៊ីវិលអាចមានសុវត្ថិភាព និងស្ថិតនៅក្រៅសមរភូមិប្រយុទ្ធគ្នា៕

សូមជម្រាបថា ដំណើរទស្សនកិច្ចពេលនេះ គឺជាការធ្វើដំណើរលើកទី៣ របស់រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះទៅកាន់តំបន់នេះចាប់តាំងពីការវាយឆ្មក់របស់ក្រុមហាម៉ាសលើទឹកដីអ៉ីស្រាអែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពេលក្រុមហាម៉ាសបានចាប់មនុស្សប្រហែល ២៤០នាក់ធ្វើជាចំណាប់ខ្មាំង និងបានសម្លាប់ជនស៊ីវិល ១,២០០នាក់នៅអ៉ីស្រាអែល៕

ប្រភព៖ CNA

Share.