យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តការធ្វើសង្រ្គាមជាមួយនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាសារជាថ្មី នៅថ្ងៃសុក្រ សប្ដាហ៍នេះ ក្រោយបទឈប់បាញ់រយៈពេល ៧ថ្ងៃបានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣។

អ៉ីស្រាអែលបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនថា បានរំលោភលើបទឈប់បាញ់រយៈពេល ៧ថ្ងៃនេះ ដោយក្រុមនោះបានបាញ់ឆ្ពោះទៅកាន់ទឹកដីអ៉ីស្រាអែល ១ម៉ោងមុនបទឈប់បាញ់បានបញ្ចប់ ហើយភាគីអ៉ីស្រាអែលបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតដែលបាញ់ចេញពីតំបន់ហ្គាហ្សា។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាស របស់អ៉ីស្រាអែលនៅទូទាំងតំបន់ជុំវិញនោះក៏បានចាប់ផ្ដើម បន្ទាប់ពីបទឈប់បាញ់បានផុតកំណត់ដែរ។

ទាក់ទិននឹងបញ្ហានេះ មិនមានការអត្ថាធិប្បាយភ្លាមៗ ពីក្រុមហាម៉ាស ឬ ការអះអាងទទួលខុសត្រូវចំពោះការបាញ់បង្ហោះនេះនោះទេ។

យ៉ាងណាក៏ដោយ ប្រទេសកាតា និងអេហ្ស៊ីប បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបន្ដបទឈប់បាញ់រវាងភាគីទាំង២។

សូមជម្រាបថា បទឈប់បាញ់រយៈពេល៧ថ្ងៃ បានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ហើយត្រូវបានពន្យារពេល២ដង ដោយអនុញ្ញាតឱ្យមានការដោះដូរចំណាប់ខ្មាំងរាប់សិបនាក់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ រួមទាំងជួយសម្រួលដល់ការបញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ឡោមព័ទ្ធដោយសង្រ្គាម៕

ប្រភព៖ CNA

Share.