អតីតគ្រូបង្វឹកអង្គរថាយហ្គឺរ គឺលោក Alistair Heath ថាខ្លួនមិនសោកស្តាយចំពោះ «បទពិសោធន៍ការងារ» ដ៏ឆ្កួតលីលារយៈពេល ១៨ខែរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើទោះបីពេលនេះរូបលោកងាកទៅរកការងារជាមួយក្លិបនៅស្រុកកំណើត នៃប្រទេសអង់គ្លេសវិញក៏ដោយ។

គួរដឹងថាលោក Alistair Heath គ្រូបង្វឹកជនជាតិអង់គ្លេស វ័យ៣៩ឆ្នាំ កាន់អាជ្ញាបណ្ណ UEFA A-License ត្រូវបានក្លិបបាល់ទាត់អង្គរថាយហ្គឺរ សមាជិកលីគកំពូលកម្ពុជា បញ្ចប់តំណែងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយចាយពេលអស់រយ:ពេល១៨ខែ នៅលើទឹកដីសៀមរាប។

លោក Alistair Heath បានបោះបង់ការងារ «សុខស្រួល-Comfort zone» ជាគ្រូ​បង្វឹក​ក្រុម​យុវជន​​របស់​ក្លិប Leicester City ព្រមទាំងបានកាត់ប្រាក់ខែយ៉ាងច្រើន ដើម្បីផ្លាស់មកកាន់ប្រទេសកម្ពុជា ក្នុងនាមជាគ្រូបង្វឹកអង្គរថាយហ្គឺរ ប៉ុន្តែចុងក្រោយលោកត្រូវបានគេបណ្តេញចេញពីតំណែងតាមរយ: Call តាមប្រព័ន្ធ Zoom ដោយប្រើពេលត្រឹមតែ ២០ វិនាទីប៉ុណ្ណោះ។

ការពិត​ទៅក្លិបបាល់ទាត់អង្គរថាយហ្គឺរ ​គ្មាន​កន្លែង​ហ្វឹកហាត់ គ្មាន​ផ្កាឈូកងូតទឹក ហើយ​ពេលខ្លះ​ក៏​គ្មានឧបករណ៍​ហាត់ប្រាណផង​ដែរ ដូច្នេះយើងត្រូវជិះ​កង់​បី​ទៅផ្ទះខ្ញុំ ​ដើម្បី​យក​ឧបករណ៍​មុនពេល​ហ្វឹកហាត់​។

កីឡាករក្នុងស្រុកនៅខេត្តសៀមរាបទទួលបានប្រាក់ខែប្រហែល ២៥០ដុល្លារក្នុងមួយខែ ខណ:អតីតខ្សែការពារក្រុម Cardiff គឺកីឡាករ Ben Nugent ទទួលបានច្រើនជាងនេះបន្តិច។ លោក Alistair Heath បន្តទៀតថា៖«ខ្ញុំមិនប្រកាន់នោះទេ ខ្ញុំទទួលបានប្រាក់ខែដំបូង ១០០០ដុល្លារ រហូតដល់ ១៥០០ដុល្លារ»។

ប៉ុន្តែ Alistair Heath នៅតែថាខ្លួនមិនសោកស្តាយចំពោះ «បទពិសោធន៍ការងារ» នៅអាស៊ីអាគ្នេយ៍ ខណ:រូបលោកក៏បានបន្សល់ទុកនូវស្នាមសាក់ប្រាសាទអង្គរវត្តនៅលើកដៃ និងរូបខ្លានៅលើដៃ មុនចាកចេញពីប្រទេសកម្ពុជា។

បច្ចុប្បន្នក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់លោក នី យុទ្ធ គ្រូបង្គោល (បណ្ដោះអាសន្ន) ស្ថិតនៅលេខ៩ នៃលីគកំពូលកម្ពុជា ក្រោយឆ្លងកាត់១២ប្រកួត ឈ្នះ៣ ស្មើ២ និងចាញ់៧ មាន១១ពិន្ទុ៕

Share.