ទីបំផុតអ្នកចាំទី អ៊ុំ សេរីរ័ត្ន បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងសារថ្មីក្នុងជំនួប Tiffy Army ចាញ់ភ្នំពេញក្រោន ៣-០ នៅកីឡដ្ឋានស្តាតចាស់ សប្តាហ៍ទី១២ នៅលីគកំពូលកម្ពុជា កាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោយខកខានជិត៣ឆ្នាំ ប្រើពេលសរុប១០០៤ថ្ងៃ។

គួរដឹងថាអ្នកចាំទី អ៊ុំ សេរីរ័ត្ន ចាប់ផ្ដើមមានបញ្ហារបួសសរសៃជង្គង់ MCL នៅឆ្នាំ ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។

របួសរហែកសរសៃជង្គង់ របស់ អ៊ុំ សេរីរ័ត្ន កើតមានឡើងក្រោយប្រកួតលីគកំពូលកម្ពុជា ក្នុងជុំ១ ហើយការដែលដឹងថាមានរបួសនេះ ដោយ​សារ​សេរីរ័ត្ន យល់ថាជើងស្ដាំរបស់ខ្លួនមិនល្អដូចដើម។ ក្រោយឆ្លុះមើលទើបដឹងថារហែកសរសៃជង្គង់។

បន្ទាប់ពីរបួសជាសះស្បើយ អ៊ុំ សេរីរ័ត្ន បានចូលលេងឡើងវិញនៅចុងឆ្នាំ ២០១៩។ លុះលីគកំពូលកម្ពុជាដំណើរការនៅឆ្នាំ ២០២០ រូបគេបង្ហាញខ្លួនបានតែ៣ប្រកួតបុណ្ណោះ ក៏​របួសសរសៃម្តងទៀត តែមិនអាច​ទៅព្យាបាលនៅក្រៅប្រទេសបានទេ ដោយសារការផ្ទុះនៃជំងឺកូវីដ-១៩។ វិបត្តិនេះធ្វើឱ្យគេសម្រេច​ព្យាបាលនៅក្នុងប្រទេសកម្ពុជា ហើយនេះគឺជាលើកទី២ វះកាត់របួសសរសៃជង្គង់។

អ៊ុំ សេរីរ័ត្ន ធ្លាប់លើកឡើង​ថា ៖«ទោះបីខ្ញុំមានរបួសហ្វឹកហាត់មិនកើត ក៏ខ្ញុំមិនឃ្លាតឆ្ងាយពីបាល់ទាត់និងមិត្តរួមក្រុម របស់ខ្ញុំដែរ ហើយពិតខ្ញុំសោកស្ដាយមិនបានចូលរួមជួយក្រុមនៅលីគកំពូលកម្ពុជា ដោយសារត្រូវវះកាត់ជង្គង់ជាលើកទី២ជាចាំបាច់បំផុត»។

យ៉ាងណាមិញអ្វីដែលគេចង់ចាំ អ្នកចាំទី អ៊ុំ សេរីរ័ត្ន បំផុតនោះគឺរូបគេបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជា ដោយបានជួយសង្គ្រោះបាល់ពិន័យ​១១​ម៉ែត្រ​​ របស់ខ្សែប្រយុទ្ធជប៉ុន Shinji Okazaki ក្នុងព្រិត្តិការណ៍ជម្រុះ FIFA World Cup Russia ២០១៨ ជុំទី២ប្រចាំតំបន់អាស៊ីឆ្នាំ ២០១៥ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)៕

Share.