កាសែតអាមេរិក Wall Street Journal បានរាយការណ៍ដោយដកស្រង់សំដីមន្រ្តីសហរដ្ឋអាមេរិក ១រូប កាលពីថ្ងៃចន្ទ ថា អ៊ីស្រាអែល បានដំឡើងប្រព័ន្ធម៉ាស៊ីនបូមទឹកដ៏ធំមួយ ដែលអាចប្រើសម្រាប់បូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន US News នាថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

របាយការណ៍បាននិយាយថា នៅពាក់កណ្តាលខែវិច្ឆិកា កងទ័ពអ៊ីស្រាអែលបានបញ្ចប់ការដំឡើងម៉ាស៊ីនបូមទឹកយ៉ាងហោចណាស់ ៥គ្រឿង ស្ថិតនៅចម្ងាយប្រហែល១.៦គីឡូម៉ែត្រភាគខាងជើងនៃជំរុំជនភៀសខ្លួន Al-Shati ដែលអាចបូមទឹកសមុទ្ររាប់ពាន់ម៉ែត្រគូបក្នុងរយៈពេល ១ម៉ោង ដើម្បីពន្លិចផ្លូវរូងក្រោមដីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

យ៉ាងណាម៉ិញរបាយការណ៍នេះ មិនច្បាស់ទេថា តើអ៊ីស្រាអែលនឹងពិចារណាប្រើប្រាស់ម៉ាស៊ីនបូមទឹកពន្លិចផ្លូវក្រោមដី មុនពេលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងឬយ៉ាងណានោះទេ ខណៈក្រុមហាម៉ាស​ធ្លាប់​បាន​និយាយ​ថា ខ្លួន​បានចាប់ចំណាប់ខ្មាំឃុំនៅទីកន្លែងសម្ងាត់ និងសុវត្ថិភាព ហើយមាននៅក្នុងរូងក្រោមដីផងនោះ។ ​

ទាក់ទិននឹងបញ្ហានេះ ក្រសួងការពារជាតិអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ប៉ុន្ដែកាសែត Wall Street Journal បានរាយការណ៍ថា មន្រ្តីកងកម្លាំងការពារអ៉ីស្រាអែល (IDF) ដែលបញ្ចេញឈ្មោះ បាននិយាយថា យោធាអ៉ីស្រាអែលកំពុងធ្វើប្រតិបត្តិការបំផ្លាញសមត្ថភាពរបស់ក្រុមហាម៉ាស ដោយកំពុងប្រើប្រាស់វិធីសាស្រ្ត និងបច្ចេកវិទ្យាទំនើបៗ ផ្សេងៗគ្នា។

កាសែត Wall Street Journal បាននិយាយថា អ៊ីស្រាអែលបានជូនដំណឹងជាលើកដំបូងដល់សហរដ្ឋអាមេរិកអំពីផែនការរបស់ខ្លួនកាលពីខែមុន ដោយរាយការណ៍ថា ក្រុមមន្ត្រីមិនដឹងថា តើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu អាចនឹងប្រើផែនការនេះនៅពេលណានោះទេ៕

ប្រភព៖ US News

Share.