ប៉ូលិសក្នុងតំបន់បានរាយការណ៍ថា ការបាញ់ប្រហារនៅទីក្រុង Bryansk របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានឆក់យកជីវិតសិស្សស្រី២នាក់ ដែលម្នាក់ជាអ្នកបាញ់ប្រហារ និងម្នាក់ទៀតជាជនរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមនោះ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារនោះថា ជាក្មេងស្រីអាយុ ១៤ឆ្នាំ ដែលបានយកកាំភ្លើងប្រភេទ pump-action shotgun ទៅសាលា ហើយប្រើប្រាស់កាំភ្លើងបាញ់មិត្តភក្ដិក្នុងថ្នាក់រៀន។

ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងបានយកកាំភ្លើងទៅសាលារៀន រួចបានបាញ់មិត្តរួមថ្នាក់ម្នាក់ស្លាប់ និងបណ្ដាលឱ្យក្មេងសិស្សសាលា ៥នាក់ទៀតរងរបួស ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ប៉ុន្ដែស្ថានភាពពួកគេមិនសូវធ្ងន់ធ្ងរទេ។ យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករងរបួសកំពុងទទួលការវះកាត់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​និយាយ​ថា ខ្មាន់កាំភ្លើងវ័យក្មេងរូបនោះ មាន​ឈ្មោះថា អាលីណា។ ខណៈសារព័ត៌មានអនឡាញរុស្ស៊ី បានអះអាងថា នាងបានប្រើកាំភ្លើងរបស់ឪពុកនាង តម្រង់គោលដៅទៅលើក្មេងប្រុសមួយក្រុម ដែលបានវាយនាងកាលពីពេលថ្មីៗនេះ ដោយប្រភព​ផ្សេង​ទៀត​បាន​និយាយ​ថា ប៉ូលិស​ជឿ​ថា គំនុំ​ផ្ទាល់​ខ្លួន ​ជាទំនង​​ហេតុផល​ដែលបណ្ដាលឱ្យកើតមានរឿងនេះ។យ៉ាងណា ប្រតិបត្តិករអនុវត្តច្បាប់ កំពុងសាកសួរឪពុកក្មេងស្រីជាខ្មាន់កាំភ្លើង។

ខណៈការបាញ់ប្រហារនៅសាលារៀន គឺកម្រមាននៅក្នុងប្រទេសរុស្ស៊ី ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ជាច្រើនបានជួបប្រទះករណីបាញ់ប្រហារស្រដៀងគ្នានេះនៅតាមសាលារៀន។ កាលពីខែកញ្ញា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស ១៨នាក់ ក្នុងនោះរួមមាន កុមារ ១១នាក់ គ្រូបង្រៀន ៣នាក់ និងបង្កឱ្យមនុស្ស ២៥នាក់ផ្សេងទៀតរងរបួស ក្នុងសាលាមធ្យមសិក្សាមួយកន្លែង ក្នុងទីក្រុង Izhevsk ភាគកណ្ដាលប្រទេសរុស្ស៊ី ជាទីដែលជនរូបនោះធ្លាប់ជាសិស្ស ហើយក៏បានធ្វើអត្តឃាតតាមក្រោយ ហើយមានករណីបាញ់ប្រហារជាច្រើនលើកច្រើនសារចាប់តាំងពីឆ្នាំនោះចុះមកដល់ឆ្នាំ២០១៤៕

ប្រភព៖ RT

Share.