បាត់ដំបង÷ ផ្ទុះមីនតោនមួយគ្រាប់កក្រើកដីចម្ការដំឡូង បណ្តាលឲ្យអ្នកបើកបរត្រាក់ទ័រម្នាក់ រងរបួសធ្ងន់ក្នុងភូមិសាស្ត្រអតីតសមរភូមិប្រយុទ្ធស្រុកសំឡូត ខេត្តបាត់ដំបង។

អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា ករណីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះ (មីនតោន) នេះ បានកើតឡើងនៅវេលាម៉ោងជាង៩:០០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចក្រុមទី០៤ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ភន ភេទ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅក្រុមទី០៤ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡុត ខេត្តបាត់ដំបង។ មុនពេលកើតហេតុ ជនរងគ្រោះបានចុះទៅដីដាំដំឡូងដូចរាល់ឆ្នាំ ហើយបានជាដី ដែលបានដាំដុះជាង១០គន្លង ចៃដន្យបានប៉ះជាមួយនឹងគ្រាប់មីនតោន បណ្ដាលឱ្យផ្ទុះកក្រើកដីចម្ការ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកស្រុកភូមិក្បែរនោះ។

ជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ពិសេសត្រង់ផ្ទៃមុខ ចំណែកត្រាក់ទ័របានខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ទាក់ទិននឹងបញ្ហានេះ សមត្ថកិច្ចជំនាញបានអះអាងថា តំបន់ដីចម្ការដែលបង្កការគ្រោះថ្នាក់ដល់ប្រជាកសិករនេះ ជាតំបន់ប្រយុទ្ធអតីតសមរភូមិក្តៅគគុក រីឯគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបង្កការគ្រោះនេះ ជាគ្រាប់មីនដែលនៅសល់តាំងពីសម័យសង្គ្រាមមកម្លេះ៕

អត្ថបទ៖ ដំបងក្រញូង

Share.