ភ្នំពេញ៖ ជនរងគ្រោះពីរនាក់ត្រូវជនសង្ស័យមួយក្រុមមានគ្នាចំនួន១០នាក់ បានធ្វើសកម្មភាពស្ទាក់រថយន្តកាប់វាយជនរងគ្រោះបណ្តាលរងរបួសធ្ងន់ កាលពីវេលាម៉ោង១១យប់ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចមុខភោជនីដ្ឋានទីក្រុងថ្មី តាមបណ្ដោយផ្លូវព្រះមុនីវង្ស ខាងជើងស្តុបបូកគោប្រហែល១០០ម៉ែត្រ ក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងឡើយគាត់ឃើញជន រងគ្រោះជិះរថយន្តម៉ាកគាម៉ូនីង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI.7628 បើកតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនជាតិចិនដែលជាជនជាតិចិនដូចគ្នាចំនួន១០នាក់ ជិះរថយន្តពីរគ្រឿងទី១គឺម៉ាក ម៉ាដេស និងមួយគ្រឿងទៀតមិនស្គាល់ម៉ាកមកឈប់អែបជិតកន្លែងកើតហេតុ ហើយក៏នាំគ្នាចុះពីលើរថយន្តដើរសំដៅទៅរថយន្តជនរងគ្រោះ ដោយបានចាប់ស្ទាក់ពីមុខរថយន្តរបស់ជនរងគ្រោះឱ្យឈប់ ហើយឱ្យជនរងគ្រោះចុះចេញពីលើរថយន្ត ក្នុងគោលបំណងចាប់ជនរងគ្រោះទៅជិះរថយន្តរបស់ជនសង្ស័យ តែជនរងគ្រោះបានរត់ឡើងជិះរថយន្តវិញ ត្រូវបានជនសង្ស័យទាំងនោះយកដុំថ្មមកគប់ និងកាំបិតកាប់ប្រហារទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់។

ភ្លាមៗកម្លាំងសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ធ្វើឱ្យជនសង្ស័យយកកាំបិត និងសោររថយន្តរបស់ជនរងគ្រោះបោះចូលទៅក្នុងគុម្ពផ្កា ហើយក៏នាំគ្នារត់ចេញពីកន្លែងកើតហេតុ តែត្រូវបានសមត្ថកិច្ចដេញស្ទាក់ចាប់បានសរុបទាំងអស់ចំនួន១០នាក់ ក្នុងនោះមានជនជាតិស្បែកខ្មៅម្នាក់ផងដែរ។

បច្ចុបន្ន ជនសង្ស័យទាំងអស់ខាងលើ ត្រូវបានបញ្ជូនទៅសួរនាំនៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីចាត់ការតានិតិវិធី។ ចំណែកឯជនរងគ្រោះត្រូវបានរថយន្តសាម៉ុយមកដឹកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាម៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.